បារាំង

បារាំង៖លោកម៉ាក្រុងបន្ថែមលុយចំនួន ១ ០០០លានអឺរ៉ូសម្រាប់សន្តិសុខអ៊ីនធ័រនែត

ប្រធានាធិបតីបារាំង ​លោក​អេម៉ានុយអែល ម៉ាក្រុង​
ប្រធានាធិបតីបារាំង ​លោក​អេម៉ានុយអែល ម៉ាក្រុង​ AP - Gonzalo Fuentes

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ពី​ផែនការ​ប្រឆាំង​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ដោយ​បន្ថែម​លុយ​ចំនួន ១ ០០០លានអឺរ៉ូ​សម្រាប់​វិស័យ​សន្តិសុខអ៊ីធ័រនែត។ ការ​ប្រកាស​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចសន្ទនា​តាម​អនឡាញ​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុមព័ត៌មានវិទ្យា​របស់​មន្ទីរពេទ្យ​ចំនួន​ពីរ​ដែល​ទើប​ទទួល​រង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត។ នៅ​ក្នុង​ប្រទេស​បារាំង ស្ថាប័ន​សុខភាព​តំណាង​ឲ្យ ១១% នៃ​ផ្ទាំងស៊ីប​វាយប្រហារ​របស់​ក្រុម​ចោរព័ត៌មានវិទ្យា។ កម្មវត្ថុ​របស់​ប្រធានាធិបតី​បារាំង គឺ​ពន្លឿន​ការ​អភិវឌ្ឍន៍​លើ​វិស័យ​សន្តិសុខអ៊ីធ័រនែត​របស់​បារាំង​ដែល​នៅ​ទន់ខ្សោយខ្លាំង​ដោយ​បង្កើន​ទឹកប្រាក់ជំនួញ​ពី ៧ ០០០លាន​ទៅ ២៥ ០០០លានអឺរ៉ូ​នៅ​ឆ្នាំ ២០២៥ និង​បង្កើន​ចំនួន​ការងារ​ទ្វេដង​នៅ​ក្នុង​វិស័យ​នេះ។

ផ្សាយពាណិជ្ជកម្ម

« ជំហាន​ដំបូង ផ្តល់​ការ​គាំទ្រ​លើ​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មី​នៅ​ក្នុង​ប្រទេស។ បន្ទាប់​មក ផ្តល់​ការ​គាំទ្រ​ឲ្យ​មាន​ការ​អនុម័ត​លើ​ដំណោះស្រាយ​អ៊ីនធ័រនែត​តាម​រយៈ​ក្រុម​អង្គការ​តូច និង​មធ្យម​របស់​រដ្ឋ និង​ឯកជន។ ក្រុម​អង្គការ​តូច និង​មធ្យម​របស់​រដ្ឋ និង​ឯកជន​ទាំង​នេះ​មាន​ដូច​ជា​មន្ទីរពេទ្យ ឬ​មួយ​ក៏​អាជ្ញាធ័រ​តំបន់​ជា​ដើម។

អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា យើង​ត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​អង្គការ​ដើម្បី​ចាត់ចែង​ទប់ស្កាត់​ភ្លាមៗ​នៅ​ពេល​ដែល​យើង​ទទួល​រង​ការ​វាយប្រហារ​ពី​ក្រុមចោរ​អ៊ីនធ័រនែត។ ទន្ទឹម​គ្នា ផែនការ​នេះ​ក៏​មាន​គោលដៅ​ពង្រឹង​បន្ថែម​នូវ​ការ​បណ្តុះបណ្តាល​ក្នុង​ផ្នែក​សន្តិសុខអ៊ីនធ័រនែត​នេះ​ដែរ។ នៅ​រង្វង់​ឆ្នាំ ២០២៥ យើង​នឹង​បង្កើន​ចំនួន​ការងារ​ទ្វេដង​នៅ​ក្នុង​វិស័យ​យុទ្ធសាស្រ្ត​មួយ​នេះ។

ទាក់ទង​នឹង​វិស័យ​សុខាភិបាល និង​វេជ្ជសាស្រ្តសង្គម ជា​ដំបូង យើង​នឹង​បង្កើត​ឲ្យ​មាន​ការ​សង្កេត​អចិន្ត្រៃយ៍​នៃ​កម្រិត​សន្តិសុខ​នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល។ បន្ទាប់​មក គឺ​ការងារ​លើក​កម្ពស់​ពី​ការ​យល់ដឹង​អំពី​សន្តិសុខ​អ៊ីនធ័រនែត​ដែល​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល។ បន្ទាប់​មក​ទៀត រចនាសម្ព័ន្ធ​របស់​គ្រឹះស្ថាន​សុខាភិបាល​នឹង​ត្រូវ​គិតគូរ​ពី​ការ​ចំណាយ​ពី​ ៥ ទៅ ១០ ភាគរយ​នៃ​ថវិកា​សម្រាប់​សន្តិសុខ​អ៊ីនធ័រនែត។ ការ​វិនិយោគ​នេះ​វា​ជា​កូនសោរ​សម្រាប់​សុវត្ថិភាព​នៃ​ប្រព័ន្ធ​របស់​យើង »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI