អឺរ៉ុបនឹងដាក់ទណ្ឌកម្មរុស្ស៊ី ដោយពិគ្រោះយោបល់ជាមួយសហរដ្ឋអាមេរិក
ចុះផ្សាយនៅថ្ងៃ៖
អឺរ៉ុបនិងសហរដ្ឋអាមេរិក នឹងជួបពិគ្រោះយោបល់គ្នា នៅថ្ងៃចន្ទទី ២២កុម្ភៈ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ស្តីអំពីយុទ្ធសាស្ត្រប្រឈមនឹងរុស្ស៊ី។ បើតាមរដ្ឋសមាជិក សហភាពអឺរ៉ុបនឹងដាក់ឱ្យដំណើរការជាលើកទីមួយ យន្តការពិភពលោកដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដែលមិនគោរពសិទ្ធិមនុស្ស ចាប់មេបក្សប្រឆាំងដាក់ទោសនិងគំរាមយកទៅឃុំនៅជំរំលត់ដំធ្វើការជាទម្ងន់។
ទំនាក់ទំនងដ៏តានតឹងជាមួយម៉ូស្គូ ជាប្រធានបទស្នូលនៃជំនួបប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបទាំង២៧។ ជំនួបប្រជុំតាមវីដេអូខុនហ្វេរ៉ង់ ដែលបានការចូលរួមរបស់ប្រមុខការទូតថ្មីរបស់អាមេរិកផងនោះ មានកម្មវត្ថុស្វែងវិធានការតបទៅនឹងរុស្ស៊ីវិញ ដែលមិនទទួលឮសំណើរបស់អឺរ៉ុបសុំឱ្យដោះលែងមេបក្សប្រឆាំង អាឡិចសី ណាវ៉ានី Alexeï Navalny សោះ។
តាមរយៈទស្សនកិច្ចនៅទីក្រុងម៉ូស្គូរបស់លោកប្រមុខការទូតអឺរ៉ុប Josep Borrell កាលពីដើមខែកុម្ភៈ អឺរ៉ុបបានឃើញ បានយល់ និងបានស្រង់ជាមេរៀនថា ត្រូវឆ្លើយតបទៅនឹងរុស្ស៊ីវិញដោយប្រើយុទ្ធសាស្ត្ររួម មានរចនាសម្ព័ន្ធច្បាស់លាស់។ ម៉ូស្គូមិនត្រូវការចរចាជាមួយសហភាពអឺរ៉ុបទេ គឺចង់និយាយតែជាមួយសមាជិកអឺរ៉ុបខ្លះតែប៉ុណ្ណោះ ដូច្នេះអឺរ៉ុបត្រូវបង្ហាញសាមគ្គីភាពរួបរួមគ្នាបំផុតទើបអាចយកឈ្នះរុស្ស៊ីបាន។ នេះជាសារមួយដែលអឺរ៉ុបត្រូវផ្តល់ឱ្យរដ្ឋជាសមាជិកទាំងអស់ ដែលខ្លះហាក់នៅមិនទាន់ជ្រួតជ្រាប និងកំពុងបន្តរិះគន់លោកប្រមុខការទូតអឺរ៉ុបទៀតផង។
ប៉ុន្តែ នេះជាលើកទីមួយដែលអឺរ៉ុបប្រើយន្តការពិភពលោកដាក់ទណ្ឌកម្មប្រទេសមួយស្តីពីបញ្ហាសិទ្ធិមនុស្ស។ បញ្ជីទណ្ឌកម្មបាប់លេចជារូបរាង មានទាំងឈ្មោះមហាសេដ្ឋី អ្នកកាសែតស្និទ្ធនឹងក្រុងម៉ូស្គូផង ឬការដាក់សម្ពាធអាល្លឺម៉ង់ឱ្យបោះបង់គម្រោងសាងសង់បំពង់បង្ហូរឧស្ម័នជាមួយរុស្ស៊ីផង។ រដ្ឋមន្ត្រីសហភាពអឺរ៉ុបទាំងអស់នឹងត្រូវសម្រេចចិត្តរួមគ្នារៀបចំទណ្ឌកម្មថ្មី និងអត្តសញ្ញាបុគ្គលឬក្រុមហ៊ុនដែលរងទណ្ឌកម្ម។ សេចក្តីសម្រេចនេះនឹងត្រូវឆ្លងកាត់ការអនុម័តនយោបាយ ក្នុងជំនួបកំពូលសហភាពអឺរ៉ុប នាថ្ងៃទី ២៥-២៦មីនាខាងមុខ។ តែមើលទៅទណ្ឌកម្មហាក់ដូចជាពិបាកចេញណាស់ ព្រោះទាំងអាមេរិកក៏ដូចជាអឺរ៉ុប នៅតែចង់មានទំនាក់ទំនងវិជ្ជមានខ្លះជានិច្ចជាមួយរុស្ស៊ី។
ដោយឡែក ការវិលត្រលប់របស់សហរដ្ឋអាមេរិកក្នុងសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ ការដាក់ទណ្ឌកម្មប្រឆាំងរបបយោធាភូមាដែលធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល ឬ ការពង្រីកអំណាចរបស់ចិននៅហុងកុងជាដើម។ល។ ក៏ជាប្រធានបទនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង២៧ និងសហរដ្ឋអាមេរិក។ វត្តមានរបស់លោកប្រមុខការទូតអាមេរិកការយល់ព្រមចូលប្រជុំពិគ្រោះយោបល់ជាមួយអឺរ៉ុប ក្រោយពីបានទទួលតំណែងជាផ្លូវការភ្លាមដូច្នេះ ជាសញ្ញាដ៏វិជ្ជមានណាស់សម្រាប់អឺរ៉ុបនិងសារបញ្ជាក់អំពីឆន្ទៈពិតរបស់ប្រធានាធិបតី ចូបៃដិន ក្នុងការចងភ្ជាប់ទំនាក់ទំនងជាមួយអឺរ៉ុបឡើងវិញមែន មិនមែនមើលអឺរ៉ុបជាសត្រូវដូចរដ្ឋាបាលមុន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ