ប្រធានអង្គការសុខភាពពិភពលោករិះគន់ប្រទេសអ្នកមានដែលនៅបន្តដណ្តើមទិញវ៉ាក់សាំងបង្ការកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ប្រធានអង្គការសុខភាពពិភពលោក លោកTedro Adhanom Ghebreyesus បានអំពាវនាវសុំឲ្យប្រទេសអ្នកមានឈប់ទិញវ៉ាក់សាំងបន្ថែម ព្រោះថា ធ្វើដូច្នេះ វានឹងទៅបំផ្លាញ ផែនការចែកចាយវ៉ាក់សាំងរបស់យន្តការកូវ៉ាក់របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសក្រីក្រ។ ថ្លែងនៅក្នុងសន្និសីទកាសែតវីដេអូ ជាមួយរដ្ឋមន្រ្តី ការបរទេសអាល្លឺម៉ង់ កាលពី ថ្ងៃ ចន្ទម្សិលមិញ ប្រធានអង្គការសុខភាពពិភពលោកបានរិះគន់ ដោយមិនបញ្ចេញឈ្មោះ ក្រុមប្រទេសអ្នកមានមួយចំនួន ដែលនៅបន្តទិញ វ៉ាក់សាំង សម្រាប់ប្រជាជនរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រទេសដទៃ។
យន្តការកូវ៉ាក់ Covax របស់អង្គការសុខភាពពិភពលោក សម្រាប់បែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ ប្រកបដោយសមភាព នៅក្នុងពិភពលោក នៅតែជួបឧបសគ្គ ដោយសារនយោបាយជាតិនិយមរបស់ក្រុមប្រទេសអ្នកមាន។ តាមប្រធានអង្គការសុខភាពពិភពលោក ក្រុមប្រទេសអ្នកមាននៅតែបន្ត ចរចា ផ្ទាល់ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដើម្បី ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ បន្ថែមទៀត។ ការទាមទារ ចង់បានគ្មានស្កប់ស្កល់របស់ក្រុមប្រទេសអ្នកមានបានប៉ះពាល់ដល់យន្តការកូវ៉ាក់Covax ព្រោះថា នៅពេលប្រទេសអ្នកមាន ទាមទារចង់ទិញ វ៉ាក់សាំង កាន់តែច្រើនពេលណា ចំនួនវ៉ាក់សាំងដែលយន្តការកូវ៉ាក់ ត្រូវទទួលបានពីក្រុមហ៊ុនផលិតវ៉ាក់សាំង ក៏ត្រូវកាត់បន្ថយ ទៅតាមនោះដែរ។
បង្កើត និងចាត់ចែងដោយអង្គការសុខភាពពិភពលោក យន្តការកូវ៉ាក់ មានគោលដៅ ប្រមូលទិញវ៉ាក់សាំង សម្រាប់ ចែកចាយ វ៉ាក់សាំង ដល់ប្រទេសក្រីក្រ ចំនួន ៩២ ដែលបានចុះឈ្មោះក្នុងយន្តការកូវ៉ាក់ ពោលគឺធ្វើយ៉ាងណាកុំឲ្យប្រទេសអ្នកមានទិញផ្តាច់មុខ វ៉ាក់សាំង ដែលមានចំនួន មានកំណត់។ ដោយសារតែខ្វះវ៉ាក់សាំង ដែលម្យ៉ាងបណ្តាលមកពីក្រុមហ៊ុនមិនអាចផលិតទាន់តាមតម្រូវការ និងដោយសារក្រុមប្រទេសអ្នកមានដណ្តើមទិញ សម្រាប់ចាក់ឲ្យប្រជាជនរបស់ខ្លួន អង្គការសុខភាពពិភពលោកមិនអាចចែកចាយវ៉ាក់សាំង ទៅតាមការគ្រោងទុករបស់ខ្លួនដែលត្រូវធ្វើនៅចុងខែកុម្ភៈនេះទេ នោះបើទោះបីជាប្រទេសអ្នកមានមួយចំនួនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង តាំងពី ចុងឆ្នាំ ២០២០ម្ល៉េះ។ សហរដ្ឋអាមេរិក អង់គ្លេស អ៊ីស្រាអែល ជាប្រទេសនាំមុខគេខាងចាក់វ៉ាក់សាំងសម្រាប់ប្រជាជនខ្លួន។ នៅ សប្តាហ៍នេះ អ៊ីស្រាអែល ដែលសម្រេចគោលដៅ ចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួន ប្រមាណ ៤៥% បានប្រកាសបើកប្រទេសបណ្តើរៗឡើងវិញ។
វាដូចជាការចំអកនៃព្រហ្មលិខិត។ នៅពេល ប្រទេសមហាអំណាចឧស្សាហកម្ម សន្យាផ្តល់ថវិកាជាង ៧ពាន់លានដុល្លារ សម្រាប់យន្តការកូវ៉ាក់ ប្រធានអង្គការសុខភាពពិភពលោក វាយតម្លៃ ថា មានលុយគឺគ្មានប្រយោជន៍នោះទេ ព្រោះថា មានលុយហើយ គេនៅតែមិនអាចទិញ វ៉ាក់សាំងបានដដែល។
អគ្គនាយក អង្គការសុខភាពពិភពលោកធ្លាប់បានអំពាវនាវសុំឲ្យក្រុមប្រទេសអ្នកមាន ឈប់ចរចា ទ្វេភាគី ដើម្បី ទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗដូចជា Pfizer AstraZeneca ដើម្បី ផ្តល់អាទិភាព ទុកឱកាស ឲ្យយន្តការCovax អាច ទិញ វ៉ាក់សាំងក្នុងតម្លៃសមរម្យ សម្រាប់យកទៅ ជួយបណ្តាប្រទេសក្រីក្រ។ ប៉ុន្តែ នៅថ្ងៃចន្ទ អគ្គនាយករូបនេះ បាននិយាយដោយខឹងសម្បារ ថា លោកមិនគិតថា ប្រទេសអ្នកមានគិតពី សីលធម៌អ្វីនោះទេ។
ថ្លែងក្នុងសន្និសីទវីដេអូជាមួយប្រធានអង្គការសុខភាពពិភពលោក ប្រធានាធិបតី អាល្លឺម៉ង់ លោកFrank Walter Steinmeier យល់ស្របថា វ៉ាក់សាំង បង្ការកូវីដ គួរត្រូវចែកចាយឲ្យបានទូលំទូលាយ មិនថា សម្រាប់សីលធម៌ និង សម្រាប់ផលប្រយោជន៍រួម ព្រោះគេត្រូវយល់ថា ដើម្បី លុបបំបាត់ចោលជំងឺរាតត្បាតកូវីដ ឲ្យបានឆាប់រហ័ស គេត្រូវចាក់វ៉ាក់សាំងនៅគ្រប់កន្លែង ក្នុងពិភពលោក។ ប៉ុន្តែ យ៉ាងណាក៏ដោយ ប្រមុខរដ្ឋអាល្លឺម៉ង់ នៅតែទទួលស្គាល់ថា គ្រប់រដ្ឋាភិបាលគឺតែងតែគិតមុនដំបូងគេបំផុត គឺកាតព្វកិច្ចសម្រាប់ប្រជាជនរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ