អ៊ីតាលី-កុងហ្គោ

តើ​ក្រុមណា​ជា​អ្នក​ធ្វើ​ឃាត​ឯកអគ្គរដ្ឋ​ទូត​អ៊ីតាលី ​នៅ​សាធារណរដ្ឋ​កុងហ្គោ ?

ឡាន​ពេទ្យ​ទៅ​សង្គ្រោះ ក្រោយ​ហេតុការណ៍​វាយប្រហារ​រថយន្ត​ឯកអគ្គរដ្ឋ​ទូត​អ៊ីតាលី​នៅកុងហ្កោ
ឡាន​ពេទ្យ​ទៅ​សង្គ្រោះ ក្រោយ​ហេតុការណ៍​វាយប្រហារ​រថយន្ត​ឯកអគ្គរដ្ឋ​ទូត​អ៊ីតាលី​នៅកុងហ្កោ AFP - ALEXIS HUGUET
ដោយ៖ អៀង សុខម៉ិញ
១៧ នាទី

អាជ្ញាធរកុងហ្កោ​បាន​ចាត់​ទុក​ការ​វាយប្រហារ​នៅ​ថ្ងៃ​ចន្ទទី ២២​កុម្ភៈ​ម្សិលមិញ ដែល​បាន​ធ្វើ​ឱ្យ​ឯកអគ្គរដ្ឋ​ទូត​អ៊ីតាលី ប្រចាំ​សាធារណរដ្ឋ​កុងហ្គោ ស្លាប់បាត់​បង់​ជីវិត ​​ ជា​ទង្វើ​ភេរវកម្ម របស់​ពួក​ឧទ្ទាម​ហ៊ូទូ​នៃ​កង​កម្លាំង​ប្រជាធិបតេយ្យ​រំដោះ​រវ៉ាន់ដា។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ពួក​ឧទ្ទាម​រវ៉ាន់ដា បាន​បដិសេធ​ ហើយងាក​មក​ចង្អុលមុខ​ថា​ក្រុមយោធា​កុងហ្កោ និង​យោធា​រវ៉ាន់ដាវិញ។

ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​បាន​ធ្លាក់​មក​កាន់​តែ​ច្រើន ក្រោយ​មរណភាព​របស់​ឯកអគ្គរដ្ឋ​ទូត​​អ៊ីតាលី​ប្រចាំសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​អង្គរក្ស​ ព្រមទាំង​អ្នក​បើក​បរ​ជា​បុគ្គលិក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ​នៅ​ថ្ងៃ​ទី ២២កុម្ភៈ ក្នុងហេតុការណ៍វាយប្រហារ​មួយ​។

បើ​តាម​​អាជ្ញាធរ​កុងហ្គោ ឯកអគ្គរដ្ឋទូតអ៊ីតាលី​ បាន​ស្លាប់​នៅ​ពេលកង​កម្លាំង​រក្សាសន្តិសុខ​​កុងហ្គោ ទៅ​រំដោះក្បួន​ប្រតិភូ​ពី​ការ​ប៉ុនប៉ង​ចាប់​ជំរិត​របស់​ពួក​ឧទ្ទាម​រវ៉ាន់ដា។ ប្រធានាធិបតី​កុងហ្គោ​ បាន​ហៅ​ការ​វាយប្រហារ​របស់​ពួកឧទ្ទាម​រំដោះ​រវ៉ាន់ដា ដែល​​តាំងទី​នៅភាគ​ខាង​កើត​សាធារណរដ្ឋ​កុងហ្គោ ជា​ទង្វើ​ភេរវកម្ម​។

Barometre Securitaire Nord Kivu ដែល​ជា​កម្មវិធី​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុម​សិក្សា​ពី​កុងហ្គោ និង​អង្គការការពារ​សិទ្ធិមនុស្ស​HRW ក៏​សង្ស័យ​ថា​អាចជា​ទង្វើ​របស់​ពួក​ឧទ្ទាម​រវ៉ាន់ដាដែរ ប៉ុន្តែ​អង្គការ​យល់​ថា​គេ​នៅ​​មិន​ទាន់​អាច​អះអាង​បញ្ជាក់អ្វីបានទេ ព្រោះ​នៅ​តំបន់​នេះ​មិនមែន​មាន​តែ​​​ពួក​ឧទ្ទាម​រវ៉ាន់ដា​តែ​មួយ​ក្រុម​​ទេ​ដែល​កំពុង​ចល័ត​ធ្វើសកម្មភាព។

នៅ​ថ្ងៃអង្គារ​នេះ ពួក​ឧទ្ទាម​ហ៊ូទូ នៃ​កងកម្លាំង​រំដោះ​រវ៉ាន់ដា បាន​ចេញ​សេចក្តីថ្លែងការណ៍​ បដិសេធ​ថា​ខ្លួន​គ្មានពាក់ព័ន្ធ​នឹង​ហេតុការណ៍​វាយប្រហារសម្លាប់​ឯកអគ្គរដ្ឋ​ទូត​អ៊ីតាលីទេ និង​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​កុងហ្គោ និង​អាជ្ញាធរ​អង្គការ​សហប្រជាជាតិ​នៅកុងហ្គោ អង្កេតវែក​រក​មុខ​អ្នក​បង្កហេតុ​ និ​ងកុំ​ប្រញាប់​ប្រញាលើ​ធ្វើ​ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ។ បើ​តាម​ពួក​ឧទ្ទាម​រវ៉ាន់ដានេះ ក្បូន​រថយន្ត​របស់​ឯកអគ្គរដ្ឋ​ទូត​អ៊ីតាលី រង​ការវាយប្រហារ​ត្រង់​ចំណុច “អង់តែនបី” ជិតច្រកGoma​ ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែនរវាង​កុង​ហ្កោ​និង​ប្រទេស​រវ៉ាន់ដា ហើយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីតាំងឈរ​ជើង​របស់​កងកម្លាំង​​យោធានៃ​​សាធារណរដ្ឋ​កុងហ្គោ និង​ យោធារវ៉ាន់ដា។

សូម​បញ្ជាក់​ថា​ផ្លូវ​ជាតិ​លេខ​២ ដែល​ក្បួន​រថយន្ត​របស់​ឯកអគ្គរដ្ឋទូត​អ៊ីតាលី​រងការវាយប្រហារ​នេះ ជា​ផ្លូវ​ស្រប​តាម​ខ្សែ​​​ព្រំដែន​ជាមួយ​រវ៉ាន់ដា ក្នុង​តំបន់​ព្រៃ​ភ្នំ​ក្រាសឃ្នឹក ហើយ​គ្មាន​គំនូស​ព្រំដែន​ខ័ណ្ឌ​ចែក​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ច្បាស់លាស់​ទេ។ ហើយ​​អាជ្ញាធរទាំង​ពីរ​គឺ​​កុង​ហ្កោ និង​រវ៉ាន់ដា​បាន​បដិសេធ​ជា​ស្វ័យ​ប្រវត្តិ​ដូច​គ្នា​ថា​គ្មានវត្តមាន​កងទ័ព​ក្នុង​តំបន់​នេះ​ទេ​។

យ៉ាង​ណា​ក៏ដោយ​ ក៏នៅមាន​ចំណុចឆ្គង​​ជា​ច្រើន ​ដែល​កំពុងខ្ទាស់​ភ្នែ​ក​រដ្ឋាភិបាលលោក​ខាង​លិច។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បានជំរុញ​ឱ្យ​រដ្ឋាភិបាលកុងហ្គោ​បើក​អង្កេត​ឱ្យ​បានឆាប់រហ័ស​ដើម្បី​នាំជន​/ក្រុមដៃដល់​មក​កាត់​ទោស។ តក់​ស្លុត​នឹង​ការ​បាត់​បង់​ជីវិតឯកអគ្គរដ្ឋ​ទូត​​ សហភាព​អឺរ៉ុប​នឹង​នៅ​ក្បែរ​កុងហ្គោ ប្រជាពលរដ្ឋ​កុងហ្គោ ដើម្បី​សន្តិសុខ​និង​សន្តិភាព។ នេះ​ជា​សារទ្វីត​របស់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Charles Michel៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI