អង្គការសហប្រជាជាតិ-អាកាសធាតុ

អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ថា​ការ​ចូល​រួម​​ដោះ​ស្រាយ​បញ្ហា​អា​កាស​ធាតុ​មាន​កម្រិត​ទាប​ខ្លាំង

អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃសុក្រ ២៦ កុម្ភៈថា ការចូលរួមរបស់ប្រទេសជាសមាជិក ស្ថិតនៅឆ្ងាយខ្លាំងណាស់ ពីគោលដៅដែលបានកំណត់ ដើម្បីអាចទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដីបាន។
អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃសុក្រ ២៦ កុម្ភៈថា ការចូលរួមរបស់ប្រទេសជាសមាជិក ស្ថិតនៅឆ្ងាយខ្លាំងណាស់ ពីគោលដៅដែលបានកំណត់ ដើម្បីអាចទប់ស្កាត់ការកើនឡើងកម្តៅនៃភពផែនដីបាន។ ASSOCIATED PRESS - Tony Gutierrez

ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​ទី​ក្រុង​ប៉ារីស​បាន​សន្យា​ និង​ប្តេជ្ញា​ចូលរួម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់​។ ក៏ប៉ុន្តែ​ អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​នៅថ្ងៃសុក្រ ២៦ កុម្ភៈ​ថា​ ការ​ចូលរួម​របស់​ប្រទេស​ជា​សមាជិក​ ស្ថិត​នៅ​ឆ្ងាយ​ខ្លាំង​ណាស់​ ពី​គោលដៅ​ដែល​បាន​កំណត់​ ដើម្បី​អាច​ទប់​ស្កាត់​ការកើន​ឡើង​​កម្តៅ​នៃភពផែនដី​បាន។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បាន​វាយតម្លៃ​ចំពោះ​ការ​ប្តេជ្ញាចិត្ត​ ដែល​បាន​ធ្វើឡើងកាលពី​ប៉ុន្មាន​ខែ​ថ្មីៗនេះ​ដោយ​ប្រទេស​ហត្ថលេខីប្រមាណ ២០០ ​ អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ប្រទេស​ជាសមាជិក​ អាច​បំពេញ​តាម​កិច្ចសន្យា​បានតែ​ប្រមាណ​ ៣០ % តែប៉ុណ្ណោះ​។

"វា​គឺជារឿង​ពិបាកនឹងជឿ​ នៅពេលដែលដឹងថា​ប្រទេសជាច្រើន​ នៅតែ​មមាញឹក​ធ្វើ​ជំនួញ​ញាប់ដៃ​តាម​វិធីសាស្ត្រ​ធម្មតា​ដូចដែល​ពួកគេ​ធ្លាប់​តែធ្វើ​ បើទោះបីជា​ក្នុង​អំឡុងពេល​ដែលមនុស្សជាតិ​ កំពុង​ប្រឈមមុខ​នឹង​ភាពអាសន្ន​ដែល​នៅទីបំផុត​ អាច​បញ្ចប់​ជីវិត​មនុស្ស​លោក​នៅលើភព​ផែនដីនេះ​ដ៏ដោយចុះ​…"។ នេះ​គឺជា​ប្រសាសន៍​របស់​ប្រធាន​ផ្នែក​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី​ ប៉ាទ្រីស៊ីយ៉ា​ អេសពីណូហ្សា (Patricia Espinosa)។

តាមរយៈ​កិច្ចព្រមព្រៀងអាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ​ប្រទេស​ហត្ថលេខី​ប្រមាណ ២០០ ​ បានសន្យាថា​នឹង​ចូលរួមជួយ​ធ្វើយ៉ាងណា​ទប់ស្កាត់​​មិន​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដីកើនឡើង​លើស​ពី ២ អង្សារ​ មុន​យុគ្គ​ឧស្សាហកម្ម​។

ដើម្បី​សម្រេច​គោលដៅនេះ​ និង​ដើម្បី​ការពារ​កុំ​ឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​កើន​ឡើង​លើស​ពី ១,៥អង្សារ នៅ​ចុងសតវត្សរ៍​នេះ​ មេដឹកនាំ​ពិភពលោក​ បាន​ប្តេជ្ញា​ចូល​រួម​ជាថ្មី​ដើម្បី​បុព្វ​ហេតុ​អាកាសធាតុ​កាលពីខែ ធ្នូ ឆ្នាំ ២០២០​ ក្នុង​ឱកាស​ប្រារព្ធខួប​ ៥ ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុ​។

ក៏ប៉ុន្តែ​ ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​អស់​ មាន​តែ​ ៧៥ ប្រទេស​ ដែល​តំណាងឲ្យ ​៣០%​ នៃការ​បំភាយ​ឧស្ម័ន​ពិភពលោក​ប៉ុណ្ណោះ​ បាន​គោរព​ទៅតាម​ពាក្យ​សន្យា​របស់ខ្លួន​។

យោងតាម​អង្គការសហប្រជាជាតិ​ ការ​ចូលរួម​របស់​ប្រទេសហត្ថលេខី​ទាំង​ ៧៥ ប្រទេស​ អាច​នឹង​ជួយ​កាត់​បន្ថយ​ការបំភាយឧស្ម័នពុល​ តិចជាង​ ១ % នៅឆ្នាំ ២០៣០​ បើ​ប្រៀបធៀប​នឹងឆ្នាំ​ ២០១០​។ អត្រា១ %​នេះ​ មាន​កម្រិត​ទាបខ្លាំងណាស់​ ព្រោះថា​គេ​ចាំបាច់ត្រូវការ​ កាត់បន្ថយ​ការ​បំភាយ​ឧស្ម័នពុល​ចំនួន​ ៤៥ %​ឯណោះ​ ទើប​អាច​ទប់​សីតុណ្ហភាព​មធ្យម​នៃ​ភពផែនដី​ ឲ្យស្ថិត​នៅក្រោម​ ១,៥ អង្សា​ និង​ដើម្បី​អាច​ជួយ​ការពារ​ជីវិត​មនុស្ស​លោកពី​វិបត្តិ​អាកាសធាតុ​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI