អាល្លឺម៉ង់-វ៉ាក់សាំងកូវីដ

អាល្លឺម៉ង់​ពិចារណា​ឲ្យ​ប្រើវ៉ាក់​សាំង​ AstraZeneca សម្រាប់​ចាក់​លើ​មនុស្ស​ចាស់​អាយុ​លើស​៦៥ឆ្នាំ​

ក្រុមមនុស្សវ័យចំណាស់នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១។
ក្រុមមនុស្សវ័យចំណាស់នៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីនកាលពីថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២១។ REUTERS - AGUSTIN MARCARIAN

គណៈ​កម្មការ​វ៉ាក់សាំង​អាល្លឺម៉ង់​ កំពុង​ពិចារណា​បក​ត្រលប់​ក្រោយវិញ​ ដោយ​ចង់​ណែ​នាំ​ឲ្យ​ប្រើ​ថ្នាំ​វ៉ាក់សាំង​ AstraZeneca សម្រាប់​ចាក់​លើ​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី ​៦៥ ឆ្នាំ​ដែរ​។ ការ​ប្រកាស​របស់​អាល្លឺម៉ង់​នេះ​ ធ្វើឡើង​បន្ទាប់ពី​ការ​សិក្សា​​ថ្មីមួយ​បង្ហាញ​ថា​ វ៉ាក់សាំង​ AstraZeneca​ មាន​ប្រសិទ្ធភាព​ក្នុងចំណោម​មនុស្ស​ចាស់​ ខុសពី​ការ​សង្ស័យ​របស់​មន្ត្រី​អាល្លឺម៉ង់​កាលពី​គ្រា​កន្លងទៅ​។

ផ្សាយពាណិជ្ជកម្ម

កាល​ចុង​ខែ​មករា​ ឆ្នាំ២០២១​ នេះ​ គណៈកម្មការ​វ៉ាក់សាំង​អាល្លឺម៉ង់​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​អង់គ្លេស​ Oxford-AstraZeneca អាច​យក​ទៅ​ចាក់​បាន​តែ​ទៅ​លើ​មនុស្ស​អាយុ​ក្រោម​ ៦៥ ឆ្នាំ​ប៉ុណ្ណោះ​។

ក៏ប៉ុន្តែ​ នៅមួយខែក្រោយ​ អាល្លឺម៉ង់​បាន​បែរ​មក​ចង់​ប្រើ​វ៉ាក់សាំង​ AstraZeneca ដែរ​ សម្រាប់​ចាក់​លើ​មនុស្សចាស់​ ទោះអាយុ​លើសពី ៦៥ ឆ្នាំក៏ដោយ​។ លោក​ថូម៉ាស ម៊ែរថិន​ (Thomas Mertens) ប្រធាន​គណៈកម្មការវ៉ាក់សាំង​អាល្លឺម៉ង់​ បាន​មាន​ប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា វ៉ាក់សាំង AstraZeneca អាច​យកទៅចាក់​ឲ្យ​មនុស្ស​ចាស់​អាយុ​លើស​៦៥​ ឆ្នាំ​បាន​ ហើយ​អាល្លឺម៉ង់​នឹង​បើកភ្លើងខៀវឲ្យ​ប្រើថ្នាំវ៉ាក់សាំងនេះ​ ព្រោះ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​ បង្ហាញ​ថា​វា​ក៏មាន​ប្រសិទ្ធភាព​ចំពោះមនុស្សចាស់ដែរ​។

គណៈ​កម្មការ​វ៉ាក់សាំង​អាល្លឺម៉ង់​ នឹ​ងចេញ​អនុសាសន៍ថ្មី​ឲ្យបាន​ឆាប់​រហ័ស​ បន្ទាប់ពី​ទទួល​ព័ត៌មាន​លម្អិត​ ពីក្រុម​អ្នកជំនាញ​ដែល​បាន​សិក្សា​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់​សាំង​ AstraZeneca នៅក្នុង​ប្រទេស​ស្កុតឡែនដ៍​។

គួរជម្រាបជូនថា​ តាមរយៈ​ ការសិក្សាថ្មី​ ដឹកនាំ​ដោយ​សាកលវិទ្យាល័យ​ Edinburgh របស់​ស្កុតឡែនដ៍​ ក្រោយ​ចាក់​វ៉ាក់សាំង​ Pfizer​ របស់​អាមេរិក​ ១ដូស​ដំបូង​បាន ៤ សប្តាហ៍​ហើយ​ វ៉ាក់សាំងនេះ​ អាច​ជួយកាត់​បន្ថយ​ហានិភ័យ​នៃ​ការឈឺ​ចូលមន្ទីរពេទ្យ​ដោយសារ​ជំងឺកូវីដ​ បាន ៨៥%​។ ចំណែក​ វ៉ាក់សាំង​ AstraZeneca របស់​អង់គ្លេសវិញ​ អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ ៩៤%​។

បន្ថែមលើនេះ ការ​សិក្សាថ្មី​ចុងក្រោយខាងលើ​ ក៏បាន​រកឃើញដែរថា​ រយៈពេល​ ៤ សប្តាហ៍ ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ គេ​អាច​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឈឺ​ចូលពេទ្យ​ដោយ​សារកូវីដ​ បាន ៨១%​ ក្នុង​ចំណោម​មនុស្ស​ចាស់​អាយុខ្ទង់ ៨០ ឆ្នាំ​។ នេះ​បើ​គិត​ជារួម​ ក្នុង​ករណី​ដែល​គេ​បូកបញ្ចូលគ្នា​នូវលទ្ធផល​នៃ​វ៉ាក់សាំង​ទាំងពីរ​ ពោលគឺទាំង​វ៉ាក់សាំង Pfizer​ និង AstraZeneca​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI