អតីតប្រធានាធិបតីបារាំង លោកនីកូឡា សាកូហ្ស៊ី ជាប់ពន្ធនាគារបីឆ្នាំ ពីបទពុករលួយ
ចុះផ្សាយនៅថ្ងៃ៖
លោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) អតីតប្រធានាធិបតីបារាំង ពីឆ្នាំ២០០៧-២០១២ ត្រូវបានតុលាការបទល្មើសមជ្ឈឹមប្រកាសសាលក្រមថានៅថ្ងៃទី ១ មីនា ២០២១នេះ មានទោស ប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។ ជាមួយកំហុសនេះ តុលាការសម្រេចកាត់ទោស ឱ្យជាប់ពន្ធនាគារបីឆ្នាំ ដោយត្រូវជាប់ឃុំឃាំងក្នុងពន្ធនាគារចំនួនមួយឆ្នាំ។ តែលោកសាកូហ្ស៊ី អាចធ្វើបណ្តឹងឧទ្ធរណ៍បាន។
នៅថ្ងៃទី១មីនា ២០២១នេះ លោកនីកូឡា សាកូហ្ស៊ី បានក្លាយជាអតីតប្រធានាធិបតីបារាំងទីពីរ នៃរបបសាធារណរដ្ឋទី៥ ដែលតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារ ពីបទបានប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាច។ ក្រោយពីបានឮសាលក្រមសម្រេចដាក់ទោសលោកឱ្យជាប់ពន្ធនាគារបីឆ្នាំ ក្នុងនោះពីរឆ្នាំនៅក្រៅឃុំភ្លាម លោកអតីតប្រធានាធិបតីបានចាកចេញពីតុលាការដោយពុំមានធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ តែលោកនៅមានលទ្ធភាពតវ៉ានៅសាលាឧទ្ធរណ៍បានទៀត។
សំណុំរឿងពុករលួយដែលតុលាការបានបន្ទោសលោកនីកូឡាសាកូហ្ស៊ី បានកើតឡើងកាលពី ឆ្នាំ២០១៤។ នៅឆ្នាំនោះ លោកអតីតប្រធានាធិបតីបានសាកល្បងស្វែងព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងលោកក្នុងសំណុំរឿងផ្សេងមួយទៀត តាមរយៈមិត្តជំនិតជាមេធាវីលោក Thierry Herzog ពីលោកចៅក្រម Gilbert Azibert ជាថ្នូរនឹងការធ្វើអន្តរាគមន៍ជួយឱ្យបានទទួលតំណែងធំមួយនៅម៉ូណាកូ។
បើតាមមេធាវី លោកអតីតប្រធានាធិបតីមិនបានទទួលព័ត៌មានសម្ងាត់ដែលចង់បានទេ ហើយចៅក្រម ក៏មិនបានទទួលតំណែងនៅម៉ូណាកូដែរ ប៉ុន្តែតុលាការយល់ថាទោះគ្រប់ភាគីមិនបានទទួលផលអ្វីនិងមិនបានប្រើឥទ្ធិពលដោយជាក់ស្តែងក៏ដោយ ក៏នេះជាបទល្មើសពុករលួយនិងជាការប្រើអំណាចដែរ។ ជាការឃុបឃិតប្រព្រឹត្តអំពើពុករលួយរវាងមនុស្សបីនាក់។ ធ្លាប់ជាអ្នកធានាឯករាជ្យនៃអំណាចតុលាការ តែបែរជាប្រើឈ្មោះជាអតីតប្រធានាធិបតីដើម្បីដំឡើងថាន្តរសក្តិចៅក្រមម្នាក់ដែលបំរើប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានក្រុមចៅក្រមនៃតុលាការបទល្មើសមជ្ឈឹមក្រុងប៉ារីស។
ចំណែកមេធាវី Herzog និងចៅក្រម Gilbert Azibert ត្រូវបានតុលាការដាក់ទោសឱ្យជាប់ពន្ធនាគារបីឆ្នាំ តែពីរឆ្នាំនៅក្រៅឃុំ ពីបទប្រព្រឹត្តអំពើពុករលួយសកម្ម និងរំលោភការសម្ងាត់វិជ្ជាជីវៈ។
សូមបញ្ជាក់ថាបន្ទាប់ពីសាលក្រមនេះ លោកអតីតប្រធានាធិបតីនីកូឡាសាកូហ្ស៊ី ត្រូវបង្ហាញខ្លួននៅមុខតុលាការនៅថ្ងៃទី ១៧មីនាសប្តាហ៍ខាងមុខ ក្នុងសំណុំរឿងក្តីមួយទៀត ពាក់ព័ន្ធនឹងការប្រើថវិកាមិនត្រឹមត្រូវក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ២០១២។ ដកខ្លួនចេញពីនយោបាយនៅឆ្នាំ២០១៦ លោកនីកូឡា សាកូហ្ស៊ី នៅតែមានប្រជាប្រិយភាពខ្ពស់ក្នុងរង្វង់អ្នកស្តាំនិយម។ តែនៅមួយឆ្នាំមុនការបោះឆ្នោតប្រធានាធិបតីបារាំងជាថ្មី លោកអតីតប្រធានាធិបតីស្ថិតក្រោមសម្ពាធតុលាការជាងពេលណាៗទាំងអស់។ លោកនីកូឡាសាកូហ្ស៊ី ជាអតីតប្រធានាធិបតីទីពីរ បន្ទាប់ពីលោក ហ្សាក់ ស្ហ៊ីរ៉ាក់ ដែលត្រូវបានតុលាការកាត់ទោស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ