ការសិក្សា ៖ អត្រាពលរដ្ឋសុខចិត្តចាក់ថ្នាំបង្ការកូវីដ១៩កើនឡើងខ្លាំង
ចុះផ្សាយនៅថ្ងៃ៖
អត្រាប្រជាជនសុខចិត្តចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ បានកើនឡើងនៅក្នុងស្ទើរគ្រប់ប្រទេស មិនថានៅអង់គ្លេស សហរដ្ឋអាមេរិក ឬបារាំងដែលល្បីខាងមិនសូវទុកចិត្តលើថ្នាំបង្ការទេ។ នេះបើតាមលទ្ធផលនៃការសិក្សាអន្តរជាតិរបស់ការិយាល័យ Kekst CNC នៅក្នុង៦ប្រទេស កាលពីពាក់កណ្តាលខែកុម្ភៈ និងដែលទើបចេញផ្សាយនៅថ្ងៃចន្ទទី ១មីនា ២០២១។
ការសិក្សានៅក្នុងប្រទេសចំនួន ៦ ៖ បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន សហរដ្ឋអាមេរិកនិងស៊ុយអែត បានបង្ហាញពេលនេះ មានប្រជាពលរដ្ឋ កាន់តែច្រើនឡើងៗ សុខចិត្តចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺកូវីដ១៩។ កាលពីខែធ្នូ២០២០កន្លងទៅ នៅប្រទេសបារាំងមានអ្នកព្រមចាក់ថ្នាំបង្ការតែប្រមាណ៤០%ប៉ុណ្ណោះ តែពេលនេះអត្រាអ្នកចង់ចាក់បានឡើងដល់៥៩%។ គួរឱ្យសម្គាល់ថែមទៀត គឺនៅប្រទេសស៊ុយអែត អត្រាអ្នកសុខចិត្តចាក់ថ្នាំបង្ការ ឡើងកាន់តែខ្ពស់ខ្លាំង ដល់ទៅ៧៦% ទល់នឹង៥១%កាលពីខែកញ្ញា២០២០។ អង់គ្លេសជាប្រទេសមានអត្រាប្រជាជនព្រមចាក់ថ្នាំបង្ការ ច្រើនជាងគេបំផុត គឺដល់ទៅ៨៩% មិនមែនត្រឹមតែ៦៥%ដូចកាលពីខែកញ្ញា២០២០ទេ។
មានប្រជាពលរដ្ឋកាន់តែច្រើនព្រមចាក់ថ្នាំបង្ការ ការរិះគន់ក៏មានកាន់តែច្រើននិងខ្លាំងដែរ ជុំវិញដំណើរការចាក់ថ្នាំបង្ការកូវីដនេះ។ មានតែពលរដ្ឋអង់គ្លេស (បីភាគបួន) មួយទេដែលពេញចិត្តនឹងចំណាត់ការចាក់ថ្នាំបង្ការដ៏លឿនរហ័សរបស់រដ្ឋាភិបាល តែអត្រានេះបានធ្លាក់ចុះខ្លាំងនៅប្រទេសផ្សេង ៖ ៣២%នៅសហរដ្ឋអាមេរិក ២៦%នៅបារាំងនិងតែ២០ប៉ុណ្ណោះ នៅស៊ុយអែត។ យុទ្ធនាការចាក់ថ្នាំបង្ការរបស់អង់គ្លេស បន្ទាប់មកអ៊ីស្រាអែលមានប្រសិទ្ធភាពជាងគេ។ នេះការសិក្សាដដែល។
ស្តីអំពីអាទិភាពសុខភាពនិងសេដ្ឋកិច្ចវិញ ប្រជាពលរដ្ឋភាគច្រើនចង់ឃើញរដ្ឋាភិបាលរក្សាវិធានការការពារសុខភាព មុនគិតគូរលើកស្ទួយសេដ្ឋកិច្ច ៖ នៅអង់គ្លេស ក្នុងចំណោមពលរដ្ឋ១០នាក់ ៦នាក់ចង់ឱ្យរដ្ឋាភិបាលគិតគូរកំរិតការចម្លងមេរោគកូវីដ១៩- ៥០%នៅជប៉ុន (ទល់នឹង១៨%គាំទ្រវិធានការសេដ្ឋកិច្ច) និង៤៧%នៅអាល្លឺម៉ង់និងស៊ុយអែត (ទល់នឹងអាទិភាពសេដ្ឋកិច្ច ៣១%និង២៩%)។ មានតែពលរដ្ឋបារាំងមួយទេដែលចង់ឃើញរដ្ឋាភិបាលផ្តល់អាទិភាពសេដ្ឋកិច្ច (៣៨%)ច្រើនជាងសុខភាព (៣៦%)។
មួយឆ្នាំក្រោយការរាតត្បាតសកល ប្រជាពលរដ្ឋភាគច្រើននៅតែមិនទាន់ឱ្យដកវិធានការការពារសុខភាព បើទោះបីចំនួនអ្នកស្លាប់និងអ្នកឆ្លងចាប់ចុះថយក៏ដោយ។ ហើយជាចុងក្រោយ ការស្ទង់មតិបានបង្ហាញថាពលរដ្ឋភាគច្រើនមិនចង់ឱ្យមានការប្រកួតកីឡាអូឡាំពិកនៅតូក្យូទេ។ ពលរដ្ឋជប៉ុនផ្ទាល់តែ១៦%ប៉ុណ្ណោះចង់ឱ្យមានព្រឹត្តិការណ៍នេះជាធម្មតា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ