នុយក្លេអ៊ែរអ៊ីរ៉ង់៖ AIEAបារម្ភខ្លាំង ខណៈអ៊ីរ៉ង់គំរាមលែងសហការឲ្យត្រួតពិនិត្យ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅសប្តាហ៍នេះ ក្រុមប្រឹក្សាប្រទេសសមាជិក នៃទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ បានបើកការប្រជុំពិភាក្សាគ្នា ដើម្បីរកវិធីការពារកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់។ ខណៈដែលអ៊ីរ៉ង់បានគំរាមថា នឹងលុបចោលនូវការអនុញ្ញាត លែងឲ្យអ្នកជំនាញអន្តរជាតិ ចុះទៅពិនិត្យនៅតាមទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប្រទេសអឺរ៉ុបធំៗទាំងបី បារាំង អង់គ្លេស អាល្លឺម៉ង់ ឯណោះវិញ មានគំរោងស្នើសេចក្តីសម្រេចចិត្តរួមមួយ ដើម្បីប្រឆាំងអ៊ីរ៉ង់។ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ កំពុងតែបារម្ភ ថាស្ថានភាពតានតឹងទាំងនេះ នឹងបំផ្លាញការប្រឹងប្រែង ក្នុងការការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
យោងតាមប្រភពពីមន្ត្រីការទូត ភាគីបារាំង អាល្លឺម៉ង់ និងអង់គ្លេស នឹងស្នើទៅកាន់ក្រុមប្រឹក្សាប្រទេសសមាជិក នៃទីភ្នាក់ងារថាមពលនុយក្លែអ៊ែរអន្តរជាតិ (AIEA) ឲ្យចេញសេចក្តីសម្រេចចិត្តរួមមួយ ដើម្បីថ្កោលទោសអ៊ីរ៉ង់ ដែលចង់បិទផ្លូវ លែងឲ្យអ្នកជំនាញអន្តរជាតិ ចុះទៅពិនិត្យនៅតាមទីតាំងនុយក្លេអ៊ែរ។ គំរោងសេចក្តីសម្រេចចិត្តរួមនេះ អាចនឹងត្រូវយកទៅឲ្យគេបោះឆ្នោតសម្រេច នៅថ្ងៃសុក្រក្រោយ ហើយសហរដ្ឋអាមេរិក ក៏គាំទ្រដែរ។
សូមបញ្ជាក់ថា ដោយសារតែភាគីសហរដ្ឋអាមេរិក មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចចេញ ភាគីអ៊ីរ៉ង់បានសម្រេចលុបចោលការអនុញ្ញាតការត្រួតពិនិត្យ នៅតាមទីតាំងខ្លះ នៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នៅថ្ងៃទី២១កុម្ភៈ ទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ បានបញ្ចុះបញ្ចូលអ៊ីរ៉ង់បានសម្រេច ដោយអ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងបច្ចេកទេសមួយ សុខចិត្តឲ្យអ្នកជំនាញបន្តការត្រួតពិនិត្យ នៅទីតាំងខ្លះ។
នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ភាគីអ៊ីរ៉ង់ សន្យាថានឹងផ្តល់ឲ្យនូវរូបភាពកាម៉េរ៉ាវីដេអូ ព្រមទាំងទិន្នន័យទាំងអស់ មកឲ្យទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ ប្រសិនបើ ទណ្ឌកម្មសេដ្ឋកិច្ចនឹងត្រូវដកចេញ ក្នុងរវាង៣ខែទៀត។ បើផ្អែកតាមប្រភព ពីទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ អ៊ីរ៉ង់បានគំរាមចង់ប្តូរចិត្ត ហើយលុបចោលកិច្ចព្រមព្រៀងបច្ចេកទេសនេះ ដោយសារតែគ្មានពន្លឺថាអាមេរិកយល់ព្រមដកទណ្ឌកម្ម។
បញ្ហានេះ កំពុងតែធ្វើឲ្យទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ត្រូវស្ថិតនៅក្នុងកាលៈទេសៈមួយ ដ៏លំបាក។ លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារនេះ បានលើកឡើងថា បេសកកម្មត្រួតពិនិត្យ មិនអាចយកមកធ្វើជាការមធ្យោបាយគំរាមសំឡុតបានទេ។ លោកRafael Grossi បានអំពាវនាវឲ្យភាគីទាំងអស់ បន្តអត់ធ្មត់ និយាយគ្នារកដំណោះស្រាយ ពុំនោះទេ ការប្រឹងប្រែងដ៏លំបាក ក្នុងការព្យាយាមការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រមាណ៥ឆ្នាំមកនេះ គឺវានឹងរលាយ។
យ៉ាងណាមិញ លោកស្រី Kelsey Davenport អ្នកជំនាញផ្នែកនុយក្លេអ៊ែរ នៃសមាគមគ្រប់គ្រងអាវុធ បានលើកឡើងថា អ៊ីរ៉ង់បានសុខចិត្តចុះកិច្ចព្រមព្រៀងបច្ចេកទេស កាលពីថ្ងៃទី២១កុម្ភៈ គឺវាបង្ហាញពីការអត់ធ្មត់របស់អ៊ីរ៉ង់ទៅហើយ។ ដូច្នេះបើសហរដ្ឋអាមេរិក នៅតែបន្តព្រងើយ មិនព្រមធ្វើសម្បទានជាក់ស្តែងណាមួយទេ នោះសហរដ្ឋអាមេរិក នឹងជាអ្នកបំផ្លាញចោលកិច្ចប្រឹងប្រែងទាំងអស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ