ឃាតកម្ម​អ្នកកាសែត​អារ៉ាប៊ី សាអូឌីត

អង្គការ​RSF ប្តឹងរាជបុត្រអារ៉ាប៊ី សាអូឌីតពីបទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ

រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត​ធ្លាប់​ទទួល​ស្គាល់​ថា រាជាណាចក្រ​របស់ព្រះអង្គ ទទួល​ខុសត្រូវ​លើ​ឃាតកម្ម​លើ​អ្នកកាសែត ចាម៉ាល់ កាស៊ូហ្ស៊ី ប៉ុន្តែ ព្រះអង្គ​នៅតែ​បដិសេធ​ជានិច្ច​ថា ព្រះអង្គគ្មានពាក់ព័ន្ធផ្ទាល់​នោះទេ។
រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត​ធ្លាប់​ទទួល​ស្គាល់​ថា រាជាណាចក្រ​របស់ព្រះអង្គ ទទួល​ខុសត្រូវ​លើ​ឃាតកម្ម​លើ​អ្នកកាសែត ចាម៉ាល់ កាស៊ូហ្ស៊ី ប៉ុន្តែ ព្រះអង្គ​នៅតែ​បដិសេធ​ជានិច្ច​ថា ព្រះអង្គគ្មានពាក់ព័ន្ធផ្ទាល់​នោះទេ។ AP - Mandel Ngan

ប៉ុន្មានថ្ងៃ​ក្រោយ របាយការណ៍​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក ដាក់បន្ទុក រាជបុត្រ​ស្នងរាជ្យ អារ៉ាប៊ី សាអូឌីត ថា ជាអ្នកទទួលខុសត្រូវ​លើ​ឃាតកម្ម​អ្នកកាសែត លោក ចាម៉ាល់ កាស៊ូហ្ស៊ី អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន RSF បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃ​អង្គារទី ២ មីនា ដើម្បី​ទាមទារ​យុត្តិធម៌​ឲ្យ​អ្នកកាសែត​អារ៉ាប៊ី សាអូឌីត។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ពាក្យ​បណ្តឹង​ជាច្រើន​រយទំព័រ ដាក់​ទៅ​តុលាការ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​មាន​សមត្ថកិច្ច​បើកការជំនុំជម្រះ លើ​បទឧក្រិដ្ឋកម្មអន្តរជាតិ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​បាន​សំដៅ ប្តឹង រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​អាមេរិក ចោទប្រកាន់​ថា ជាអ្នក​អនុញ្ញាត​ឲ្យ​គេ​សម្លាប់អ្នកកាសែត អារ៉ាប៊ី សាអូឌីត លោក ចាម៉ាល់ កាស៊ូហ្សី។ នៅក្នុង​បទចោទប្រកាន់ ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ចោទប្រកាន់ រាជបុត្រ​ស្នងរាជ្យ រួម​ទាំង​មន្រ្តីជាន់ខ្ពស់​របស់​អារ៉ាប៊ី សាអូឌីត ៤រូប ផ្សេងទៀត ដូចជា អនុប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អារ៉ាប៊ី សាអូឌីត អតីត​ប្រធាន​កុងស៊ុល និង​ប្រធានក្រុមកងកុម្ម៉ង់ដូរ ដែល​បាន​ចូលរួម ផ្ទាល់ ក្នុង​ឃាតកម្ម​សម្លាប់​អ្នកកាសែត អារ៉ាប៊ី សាអូឌីត នៅ​ស្ថានកុងស៊ុល​អារ៉ាប៊ី សាអូឌីត​ក្នុង​ទឹកដី​តួកគី។

ក្រៅតែ​ពី​ប្តឹង រាជបុត្រ​ស្នងរាជ្យ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកកាសែត ចាម៉ាល់ កាស៊ូហ្ស៊ី អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​សាខា​នៅ​អាល្លឺម៉ង់ បាន​ដាក់​ពាក្យ​បណ្តឹង​ផងដែរ សម្រាប់​ការធ្វើទុក្ខបុកម្នេញ​លើ​អ្នកកាសែត នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ តាម​អង្គការ​RSF ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៩ អ្នកកាសែត ​៣៤នាក់ ត្រូវ​អាជ្ញាធរ​អារ៉ាប៊ី សាអូឌីត​ចាប់​ដាក់​ពន្ធនាគារ ដែលនៅក្នុង​នោះ មានម្នាក់ ជា​អ្នកសរសេរ​ប្លុក Blog ត្រូវ អាជ្ញាធរ អារ៉ាប៊ី សាអូឌីត ចាប់វាយ ១ពាន់​ដំបង និង​ដាក់ពន្ធនាគារ ១០ឆ្នាំ សម្រាប់​បទល្មើស​ជេរប្រមាថ​សាសនា​អ៊ីស្លាម។

ការធ្វើ​ទារុណកម្ម អំពើហិង្សា ការបាត់ខ្លួន​ដោយ​ចាប់បង្ខំ ឬ​ការបំបិទ​សិទ្ធិសេរីភាព។ ទាំងនេះ ជា​អ្វី ដែល​អ្នកកាសែត​អារ៉ាប៊ី សាអូឌីត កំពុង​ជួបប្រទះ​សព្វថ្ងៃ។ តាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន មាន​តែ តុលាការ​សហព័ន្ធ​អាល្លឺម៉ង់ នៅ Karlsruhe ប៉ុណ្ណោះ ដែល​អាច​ជួយ​ដោះស្រាយ​ក្នុង​រឿង​នេះ​បាន ព្រោះថា តុលាការ សហព័ន្ធអាល្លឺម៉ង់ ​មួយនេះ មាន​សមត្ថកិច្ច​ជាសកល អាច​អនុញ្ញាត​ឲ្យ​រដ្ឋអាល្លឺម៉ង់ ប្តឹង​ប្រឆាំង​អ្នកប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ មិនថា អ្នកនោះ ជាជាតិ​សាសន៍អ្វី ឬ​រស់នៅ ប្រព្រឹត្ត​នៅ​ប្រទេស​ណា​នោះទេ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​សម្រេច​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​អាល្លឺម៉ង់ ដើម្បី​ទាមទារ ​រក​យុត្តិធម៌ ឲ្យ​អ្នកកាសែត លោក​ចាម៉ាល់ កាស៊ូហ្ស៊ី នៅបន្ទាប់​ពី​រដ្ឋបាល​អាមេរិកនៅស្ងប់ស្ងៀម មិន​ដាក់​ទណ្ឌកម្ម​លើ​រាជបុត្រ​ស្នងរាជ្យ​អារ៉ាប៊ី សាអូឌីត នៅក្រោយ​ចេញរបាយការណ៍​ដាក់បន្ទុក​របស់​ទីភ្នាក់ងារ CIA។ ដើម្បី កុំ​ឲ្យ​ខូច​ទំនាក់ទំនង​អាមេរិក អារ៉ាប៊ី សាអូឌីត រដ្ឋបាល​លោក​ចូ បៃដិន មិន​បាន​ប្រកាស​ដាក់​ទណ្ឌកម្មផ្ទាល់​លើ​រាជបុត្រ​ស្នងរាជ្យ​ម៉ូហាម៉េដ បិន សាល់ម៉ាន​នោះទេ ប៉ុន្តែ អាមេរិក​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​អារ៉ាប៊ី សាអូឌីត ធ្វើកំណែទម្រង់ថ្មី និង ចាត់វិធានការ ប្រឆាំង នឹង​ជនដៃដល់ ក្នុង​ឃាតកម្ម​លើ​អ្នកកាសែត ដែល​ទើប​ត្រូវ​តុលាការ​អារ៉ាប៊ី សាអូឌីត​សម្រេច​សម្រាលទោស កាលពី​ប៉ុន្មាន​ខែមុននេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI