Oxfam-បរិស្ថាន

Oxfam៖ក្រុមហ៊ុន និងរោងចក្របារាំងគ្រាក់ៗមួយចំនួនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនលើសលប់

Oxfam៖ក្រុមហ៊ុន និងរោងចក្របារាំងគ្រាក់ៗមួយចំនួនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនលើសលប់
Oxfam៖ក្រុមហ៊ុន និងរោងចក្របារាំងគ្រាក់ៗមួយចំនួនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនលើសលប់ © AP - Vincent Thianរូបភាពនៃជំនួបកំពូល APEC តាមអនឡាញដែលប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ថ្ងៃទី២០ វិច្ឆិកា ២០២០

នៅ​ថ្ងៃ​អង្គារ ទី២ មីនា អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ Oxfam បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​ឧស្ម័នផ្ទះកញ្ចក់​ដែល​បញ្ចេញ​ដោយ​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​បារាំង​គ្រាក់ៗ​មួយ​ចំនួន។ របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​តួលេខ​របស់​ក្រុមហ៊ុន Carbon4 Finance ដែល​បាន​ធ្វើ​ការ​សិក្សា វិភាគ​លើ​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​បារាំង​ធំៗ​ចំនួន ៣៥។ តាម Oxfam មាន​ក្រុមហ៊ុន និង​រោងចក្រ​ធំៗ​ចំនួន ៣៣ បាន​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ច្រើន​លើសលប់​ដោយ​មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ២០១៥ ស្តីពី​អាកាសធាតុ​ទេ។ ក្រុមហ៊ុន និង​រោងចក្រ​ទាំង ៣៣ ដែល​ជាប់​ពាក់ព័ន្ធ​មាន​នៅ​គ្រប់​វិស័យ​ទាំង​អស់​ដោយ​រាប់​ចាប់​ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus រហូត​ដល់​ក្រុមហ៊ុន​ប្រេង Total និង​ធនាគារ។ លោក​អាឡិចសង់ ព័ណដាត មន្រ្តី​ទទួល​បន្ទុក​សំណុំរឿង​អាកាសធាតុ​របស់​អង្គការ Oxfam និង​ជា​អ្នក​សរសេរ​របាយការណ៍​បាន​ស្តីពី​បន្ទោស​ពី​ជម្រើស​យុទ្ធសាស្រ្ត និង​គំរូ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​ទាំង​នោះ។

ផ្សាយពាណិជ្ជកម្ម

« យើង​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន​ចំនួន ៤ ដែល​ក្រុមហ៊ុន​នីមួយៗ​បាន​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ក្នុង​បរិមាណ​ច្រើន​ជាង​បរិមាណ​សរុប​នៅ​ទូទាំង​ប្រទេស​បារាំង​ទៅ​ទៀត។ គឺ​ពិត​ជា​ច្រើន​សម្បើម​ខ្លាំង​ណាស់។ ហេតុអ្វី​បាន​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​បំពុល​បរិយាកាស​ខ្លាំង​របៀប​នេះ?។

គឺ​មក​ពី​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​ទាំង​នោះ​បាន​អនុវត្ត​នូវ​គំរូ​សេដ្ឋកិច្ច​មួយ​ដែល​ឲ្យ​អាទិភាព​លើ​ការ​ស្វែង​រក​ផលចំណេញ​សម្រាប់​រយៈពេល​ខ្លី ពោល​មិន​បាន​​ផ្តោត​លើ​ការ​វិនិយោគ​ក្នុង​ផ្នែក​ថាមពល​កកើត​ឡើង​វិញ និង​មិន​មាន​ចក្ខុវិស័យ​សម្រាប់​រយៈពេល​វែង​ឆ្ងាយ​ទេ។

នេះ​ដោយសារ​តែ​គំរូ​សេដ្ឋកិច្ច​ជា​ទូទៅ​ដែល​បាន​គិត​ពី​ផលចំណេញ​ជាង​ការ​គិតគូរ​ពី​បញ្ហា​អាកាសធាតុ​លើ​ភពផែនដី និង​ជីវិត​មនុស្សលោក។ ការ​គិត​របៀប​នេះ​ពិត​ជា​ឆន្ទៈ​អាក្រក់ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ភាព​អសកម្ម និង​ការ​មិន​គិតគូរ​ពី​រឿង​អាកាសធាតុ​នឹង​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ធំធេង​ខ្លាំង​ណាស់។

ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​ការ​នៅ​ចំពោះ​មុខ គឺ​ចង់​ឃើញ​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​ទាំង​អស់​យកចិត្ត​ទុកដាក់ និង​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​បរិស្ថាន។ យើង​ត្រូវ​ការ​ឲ្យ​មាន​ជម្រើស​យុទ្ធសាស្រ្ត​ថ្មី និង​ការ​ផ្លាស់ប្តូរ​នូវ​គំរូ​សេដ្ឋកិច្ច​ថ្មី ព្រោះ​ជម្រើស​យុទ្ធសាស្រ្ត និង​គំរូ​សេដ្ឋកិច្ច​ដែល​ក្រុមហ៊ុន និង​រោងចក្រ សហគ្រាស​កំពុង​អនុវត្ត​សព្វថ្ងៃ​កំពុង​នាំ​យើង​ត្រង់​ទៅ​បុក​នឹង​ជញ្ជាំង​ហើយ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI