បារាំង-កូវីដ១៩

កូវីដ ៖ រដ្ឋាភិបាលសង្ឃឹម​​ថាបារាំង​នឹង​មាន​ជីវិត​ជា​ធម្មតា​ឡើង​វិញ​ នៅពាក់​កណ្តាល​ខែ​មេសា​

នាយក​រដ្ឋមន្ត្រី​បារាំង​លោក​ Jean Castex រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Olivier Véran និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ Bruno Le Maire បង្ហាញ​ផែនទី​ខេត្ត​ក្រុង​បារាំង​ដែល​ស្ថិត​ក្រោម​សម្ពាធ​កូវីដ១៩
នាយក​រដ្ឋមន្ត្រី​បារាំង​លោក​ Jean Castex រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ Olivier Véran និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ Bruno Le Maire បង្ហាញ​ផែនទី​ខេត្ត​ក្រុង​បារាំង​ដែល​ស្ថិត​ក្រោម​សម្ពាធ​កូវីដ១៩ Ludovic MARIN / AFP

​បារាំង​ទំនង​ជា​អាច​ត្រលប់​មក​មាន​ជីវិត​រស់​នៅ​ជា​ធម្មតា​ឡើង​វិញ ចាប់​ពីពាក់កណ្តាល​ខែ​មេសា​ទៅ ប៉ុន្តែ​ចន្លោះ​ពេល​នេះ រដ្ឋាភិបាល​ទំនងជា​ត្រូវ​ពង្រឹង​និង​បន្ថែម​វិធានការ​រឹតត្បិត​ខ្លាំង​ជាមុន​ច្រើនទៀត​សិន។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ហ្កាប្រ៊ីយែល អាតាល់ Gabriel Attal ដែល​បញ្ជាក់ទៀត​ថា​នាយករដ្ឋមន្ត្រី​នឹង​ប្រកាស​វិធានការ​លម្អិត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤មីនា២០២១ ដែល​អាច​ជា​ការ​បិទ​ខ្ទប់ក្រុង ​តំបន់ ឬខេត្ត​ដោយ​ដុបៗ និង​រដ្ឋ​ធានី​ប៉ារីស​ផង។

ផ្សាយពាណិជ្ជកម្ម

ក្តី​សង្ឃឹម ដើរ​ចេញ​ផុត​ពី​ភាព​អាប់​អួរ​បង្កឡើង​ដោយ​កូវីដ​១៩ ចាប់​មាន​ពន្លឺហើយ​​ដោយ​សារយុទ្ធនាការ​​ថ្នាំបង្ការប្រព្រឹត្ត​ទៅ​បានកាន់​តែ​ប្រសើរ​ឡើង​។ ចាប់​ពី​ពាក់កណ្តាល​ខែ​មេសា​ទៅ ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​អាច​នឹង​វិល​មក​រក​ភាព​​​​ធម្មតាឡើង​វិញ​បាន​។ សកម្មភាព​សង្គម​ក៏​អាច​ចាប់​បើក​ទ្វារ​ឡើង​ដែរ។ នេះ​ជា​ក្តី​សង្ឃឹម​របស់​រដ្ឋាភិបាល ដែល​កំពុង​រៀប​ចំ​​​វិធានការ​និង​ពិធី​សារបើក​ប្រទេស​ឡើង​វិញ ដោយ​សន្សឹមៗ​តែ​ដោយ​ប្រាកដ​ សម្រាប់​ពេល​ខាង​មុខ​ហើយ។ លោក​ប្រធានាធិបតី អេម៉េណុយអែល ម៉ាក្រុង​ បាន​បើក​ជំនួប​ប្រជុំ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​និង​រដ្ឋមន្ត្រី​ជា​ច្រើន​រូប​ នៅ​រសៀល​ថ្ងៃ​ពុធទី​៣​មីនា​នេះ​ ជុំ​វិញ​ចំណាត់​ការ​ត្រៀម​បើក​ប្រទេស​ឡើង​វិញ​នេះ​ឯង។ នេះ​បើ​តាម​ការ​លម្អិត​របស់​លោក​ ហ្កាប្រ៊ីយែល អាតាល់ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ក្រោយ​ជំនួប​ប្រជុំ​គណៈរដ្ឋមន្ត្រី​រួច។

រដ្ឋាភិបាល​ចង់​ផ្តល់​ទស្សនវិស័យ​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​បើ​តាម​លោក​អាតាល់​ដដែល រដ្ឋាភិបាលសូម​​រក្សា​សិទ្ធិ​សម្រេច​ចាត់​វិធានការ​តឹង​ឬ​ធូរ​ខុស​គ្នា​ទៅ​តាម​តំបន់ និង​ទៅ​តាម​ស្ថានការ​ប្រឈម​ជាក់​ស្តែង​ដែល​ខុស​ប្លែក​គ្នា​ពី​តំបន់​មួយទៅ​តំបន់​មួយនៃ​ផ្ទៃ​ប្រទេស។ ​​​ពេលនេះ ស្ថានភាព​នៅ​ធ្ងន់ធ្ងរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៅ​ឡើយ វីរុស​កូណារ៉ូ​ថ្មីនៅ​តែ​សកម្មខ្លាំង​ ចំនួន​អ្នក​ឆ្លងថ្មី​នៅ​តែ​បន្ត​កើន​ឡើង​ជា​លំដាប់​ និង​មាន​តំបន់​ចំនួន​២០​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភខ្លាំង។ ដូច្នេះ​រដ្ឋាភិបាល​អាច​នឹង​ត្រូវ​រឹត​បន្តឹង​វិធានការ​ចាំ​បាច់​មួយ​ចំនួន​ទៀតសិន។

តើ​ជា​វិធានការ​អ្វី​ ? និង​សម្រាប់​តំបន់​ណា​ខ្លះ ? នាយក​រដ្ឋមន្ត្រី​លោក ហ្សង់ កាស្ត្រិច Jean Castex នឹង​ធ្វើ​សន្និសីទ​កាសែតលម្អិត​​នៅ​ថ្ងៃព្រហស្បតិ៍​ ទី ៤មីនា ក្រោយ​ពីបាន​ពិគ្រោះយោបល់​ជាមួយ​តំណាង​និង​អាជ្ញាធរ​តំបន់។  ដើម្បី​បញ្ចៀស​ការ​បិទ​ខ្ទប់​ប្រទេស​ទាំង​ស្រុង រដ្ឋាភិបាល​អាច​នឹង​សម្រេច​​​បិទ​តំបន់ នៅ​តាម​មាត់​សមុទ្ទ​ ឬ​ខេត្ត​ក្រុងណា​មាន​សន្ទុះ​កូវីដ​១៩​ខ្លាំង ជា​​រៀង​រាល់​ថ្ងៃ​ចុង​សប្តាហ៍។ ជា​ចុង​ក្រោយ​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលរំលឹក​ថា​រដ្ឋាភិបាល​មាន​កម្មវត្ថុ​ចាក់​ថ្នាំបង្ការ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​យ៉ាង​ហោច ៩​លាន​នាក់ និ​ងក្នុង​ម្នាក់ៗ​យ៉ាង​ហោច​ណាស់​​មួយ​ដូស នៅ​ដំណាច់​ខែ​មីនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI