អាល្លឺម៉ង់បង់ប្រាក់ឲ្យក្រុមហ៊ុនអគ្គិសនីសម្រាប់ការបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងអស់នៅដំណាច់ឆ្នាំ ២០២២
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រ ទី៥ មីនា រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសពីការមានកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនថាមពលចំនួន ៤ក្រុមហ៊ុនដែលផលិតអគ្គិសនីដោយប្រើនុយក្លេអ៊ែរ។ នៅក្នុងកិច្ចព្រមព្រៀងនោះ រដ្ឋាភិបាលបានយល់ព្រមបង់ប្រាក់សំណងចំនួន ២ ៤០០លានអឺរ៉ូឲ្យក្រុមហ៊ុនទាំង៤ សម្រាប់ការបិទមជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងអស់ពីពេលនេះទៅដំណាច់ឆ្នាំ ២០២២។ គួររម្លឹកថាកាលពី ១០ឆ្នាំមុន នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីមែរកិលបានប្រកាសពីការដកប្រទេសចេញពីនុយក្លេអ៊ែរទាំងស្រុងនៅឆ្នាំ ២០២២។ តែការប្រកាសរបស់លោកស្រីកាលណោះបានធ្វើឲ្យក្រុមហ៊ុនអគ្គិសនីមួយចំនួនប្រឆាំងតវ៉ាមកដល់សព្វថ្ងៃ។
នៅក្នុងចំនួនទឹកប្រាក់សំណងទាំង ២ ៤០០លានអឺរ៉ូដែលរដ្ឋាភិបាលអាល្លឺម៉ង់យល់ព្រមបង់ឲ្យក្រុមហ៊ុនថាមពលទាំង ៤ ក្រុមហ៊ុន មាន ២ ២៨៥លានអឺរ៉ូជាប្រាក់សំណងអគ្គិសនីមិនបានផលិត និង ១៤២ ៥០០ ០០០អឺរ៉ូជាប្រាក់សំណងដែលក្រុមហ៊ុនបានចំណាយលើការជួសជុលដើម្បីបន្តជីវិតរបស់មជ្ឈមណ្ឌល។ ជាថ្នូរនឹងទទួលប្រាក់សំណងទាំង ២ ៤០០លានអឺរ៉ូ ក្រុមហ៊ុនថាមពលទាំង ៤ បានសន្យាដកបណ្តឹងទាំងអស់ដែលមាននៅតុលាការ និងមិនធ្វើសកម្មភាព ឬដាក់ពាក្យបណ្តឹងថ្មីប្រឆាំងនឹងចំនួនទឹកប្រាក់សំណងដែលបានព្រមព្រៀង។
ក្រុមហ៊ុនមួយបានបញ្ចេញប្រតិកម្មសាទរចំពោះកិច្ចព្រមព្រៀង និងបញ្ជាក់ពីការដកពាក្យបណ្តឹងចេញពីតុលាការ។ ចំណែកក្រុមហ៊ុនមួយទៀតក៏បានសាទរដូចគ្នាដោយចាត់ទុកកិច្ចព្រមព្រៀងថាជាសញ្ញាល្អមួយដែលពង្រឹងលើសេចក្តីទុកចិត្ត។ គួររម្លឹកថាកាលពី ១០ឆ្នាំមុន ពោលក្រោយព្រឹត្តិការណ៍គ្រោះមហន្តរាយនុយក្លេអ៊ែរនៅហ៊្វូគូស្ហ៊ីម៉ា ប្រទេសជប៉ុនក្នុងខែមីនា ឆ្នាំ ២០១១ នាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោកស្រីមែរកិលបានប្រកាសយ៉ាងភ្ញាក់ផ្អើលពីការដកប្រទេសចេញពីនុយក្លេអ៊ែរនៅដំណាច់ឆ្នាំ ២០២២។
ការប្រកាសរបស់លោកស្រីម៊ែរកិលកាលណោះត្រូវបានក្រុមហ៊ុនផលិតអគ្គិសនីប្រឆាំងតវ៉ាដោយប្តឹងរដ្ឋាភិបាលទៅតុលាការ។ ក្នុងឆ្នាំ ២០១៦ តុលាការកំពូលបានសម្រេចឲ្យក្រុមហ៊ុនផលិតអគ្គិសនីឈ្នះដោយតម្រូវឲ្យរដ្ឋាភិបាលបង់ប្រាក់សំណង។ ដូច្នេះគេអាចនិយាយបានថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលអាល្លឺម៉ង់ និងក្រុមហ៊ុនថាមពលទាំង ៤ ពេលនេះអាចជាការបិទបញ្ចប់ទាំងស្រុងនូវភាពប្រទូស្រ្តាយផ្លូវតុលាការរវាងភាគីទាំងពីរ ពិសេសទាក់ទងនឹងចំនួនទឹកប្រាក់សំណង។
ដោយឡែក និងនៅក្នុងក្របខណ្ឌនៃកំណែទម្រង់លើវិស័យថាមពលដដែល រដ្ឋាភិបាលអាល្លឺម៉ង់ក៏បានសម្រេចបញ្ឈប់ការប្រើធ្យូងថ្មពីពេលនេះទៅឆ្នាំ ២០៣៨។ នៅក្នុងរឿងនេះ រដ្ឋាភិបាលក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដូចគ្នាដោយយល់ព្រមបង់ប្រាក់សំណងដល់ទៅ ៤ ៣៥០លានអឺរ៉ូឲ្យក្រុមហ៊ុនផលិតធ្យូងថ្មសម្រាប់ការបិទរោងចក្រធ្យូងថ្មទាំងអស់នៅឆ្នាំ ២០៣៨៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ