អ.ស.ប.-បរិស្ថាន

អ.ស.ប.៖ពិភពលោកនៅមិនទាន់បានគិតគូរដិតដល់ពីបញ្ហាបរិស្ថានបៃតងទេ

តិ។ លោកស្រី Inger Andersen នាយិកាប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ
តិ។ លោកស្រី Inger Andersen នាយិកាប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ AP - Salvatore Di Nolfi

នៅ​ថ្ងៃ​ពុធ ទី១០ មីនា កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស UNEP និង​សកលវិទ្យា Oxford បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ទឹកប្រាក់​ដែល​ប្រទេស​មួយ​ចំនួន​បាន និង​គ្រោង​ចំណាយ​ដើម្បី​ជួយ​លើក​ដំកើង​បរិស្ថាន​នៅ​ក្រោយ​វិបត្តិ​កូវីដ១៩។ នៅ​ក្នុង​របាយការណ៍ អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ច្បាស់ៗ​ថា នៅ​ក្នុង​ទឹកប្រាក់​ដែល​ពិភពលោក​បាន និង​ត្រៀម​ចំណាយ​ដើម្បី​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូវីដ១៩ ខ្ទង់​ចំណាយ​សម្រាប់​បរិស្ថាន​មាន​ប្រមាណ​តែ ២០% ប៉ុណ្ណោះ។ របាយការណ៍​បាន​អំពាវនាវ​ឲ្យ​ពិភពលោក​ផ្តើម​គិតគូរ​រឿង​បរិស្ថាន​ឲ្យ​បាន​ច្រើន​ជាង​នេះ ពិសេស​ពី​ក្រុម​ប្រទេស​អ្នក​មាន។

ផ្សាយពាណិជ្ជកម្ម

« តើ​យើង​កំពុង​ស្ថិត​លើ​ផ្លូវ​នៃ​ការ​ផ្តល់​សន្ទុះ​បៃតង​ហើយ ឬ​នៅ?។ មិន​ទាន់​ទេ »នេះ​ជា​សំណួរ និង​ចម្លើយ​របស់​អង្គការ​សហប្រជាជាតិ។ លោកស្រី Inger Andersen នាយិកា​ប្រតិបត្តិ​នៃ​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​អះអាង​ថា ការ​ចំណាយ​ជា​លក្ខណៈ​សកល​ដើម្បី​បរិស្ថាន​បៃតង​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​ចំនួន ៣ ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​ពេល​នេះ​ទេ។ វិបត្តិ​ធ្ងន់ធ្ងរ​ទាំង ៣ នោះ​មាន​បម្រែបម្រួល​អាកាសធាតុ ការ​បាត់បង់​ធម្មជាតិ និង​ខ្យល់ពុល​ក្នុង​បរិយាកាស។ តាម​តួលេខ​ផ្តល់​ដោយ​ស្ថាប័ន​សង្កេត​ស្តីពី​ការ​ផ្តល់​សន្ទុះ​សកល ទឹកប្រាក់​សរុប​ដែល​ពិភពលោក​បាន​ចំណាយ​នៅ​ក្នុង​ផែនការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិ​កូវីដ១៩ ក្នុង​ឆ្នាំ ២០២០ ខ្ទង់​ចំណាយ​សម្រាប់​ចូលរួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ កម្រិត​ខ្យល់ពុល​ក្នុង​បរិយាកាស និង​ការ​បង្កើន​មូលធន​សម្រាប់​ធម្មជាតិ​មាន​តែ ១៨% ប៉ុណ្ណោះ។

លោក Brian O’Callaghan អ្នក​ស្រាវជ្រាវ​នៅ​សកលវិទ្យាល័យ Oxford និង​ជា​អ្នក​សរសេរ​របាយការណ៍​បាន​បញ្ជាក់​ថា មាន​ប្រទេស​តិចតួច​ណាស់​ដែល​បាន​យកចិត្ត​ទុកដាក់​ពិតប្រាកដ​ពី​បញ្ហា​បរិស្ថាន។ កូរ៉េខាងត្បូង អេស្ប៉ាញ និង​អាល្លឺម៉ង់​ត្រូវ​បាន​របាយការណ៍​ចាត់​ទុក​ជា​សិស្ស​ល្អ​ជាង​គេ។ បន្ទាប់​មក មាន​ដាណឺម៉ាក ហ្វាំងឡង់ បារាំង ន័រវែស ឬ​មួយ​ក៏​ប្រទេស​ប៉ូឡូញ។ ចំណែក​អាមេរិក​ត្រូវ​បាន​របាយការណ៍​ចាត់​ក្នុង​ចំណាត់ថ្នាក់​សិស្ស​មិន​សូវ​ល្អ ព្រោះ​ក្នុង​ចំនួន​ទឹកប្រាក់​ទាំង​ជា ៣ ៤០០ ០០០លានដុល្លារ​ដែល​រដ្ឋបាល​អាមេរិក​ជំនាន់​លោក​ត្រាំ​ចំណាយ​នៅ​ក្នុង​វិធានការ​បន្ទាន់​ក្នុង​ឆ្នាំ ២០២០ ខ្ទង់​ចំណាយ​ដើម្បី​បរិស្ថាន​បៃតង​មាន​ប្រមាណ​តែ ៤០ ០០០លានដុល្លារ​ប៉ុណ្ណោះ។

តែ​របាយការណ៍​បាន​កត់សម្គាល់​ឃើញ​ថា ប្រធានាធិបតី​អាមេរិក​ថ្មី​លោក​បៃដិន​បើក​ផ្លូវ​ឲ្យ​ពន្លឿន​ការ​ចំណាយ​ដើម្បី​បរិស្ថានបៃតង​ក្នុង​ឆ្នាំ ២០២១ នេះ។ ចំណែក​លោក Brian O’Callaghan បាន​អំពាវនាវ​ឲ្យ​ប្រទេស​ផ្សេង​យក​គំរូ​តាម​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ការ​ចំណាយ​ដើម្បី​បរិស្ថាន​បៃតង។

មាន​វិស័យ​គន្លឹះ​មួយ​ចំនួន​ដែល​របាយការណ៍​បាន​លើក​ឡើង​សម្រាប់​ការ​ផ្តល់​សន្ទុះ​លើ​បរិស្ថាន​បៃតង ដូច​ជា​វិស័យ​ថាមពល ដឹកជញ្ជូន ឬ​មួយ​ក៏​វិស័យ​សំណង់​ជា​ដើម។ ទន្ទឹម​គ្នា​នេះ លោក Brian ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​អ្នក​មាន​ជួយ​ក្រុម​ប្រទេស​ក្រីក្រ​ដោយ​លោក​មើល​ឃើញ​ថា គម្លាត​នៃ​ទឹកប្រាក់​វិនិយោគ​ដើម្បី​បរិស្ថាន​បៃតង​រវាង​ប៉ែក​ខាង​ជើង និង​ប៉ែក​ខាង​ត្បូង​បាន​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់​តែ​ខ្លាំង​របស់​ក្រុម​ប្រទេស​អ្នក​មាន និង​ក្រុម​ប្រទេស​អ្នក​ក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI