បារាំង-អាល្លឺម៉ង់

ជំងឺរាតត្បាតកូវីដ​១៩៖ អាល្លឺម៉ង់​ដាក់បារាំង ក្នុង​បញ្ជី​តំបន់​ហានិភ័យខ្លាំង

មន្រ្តីសុខភាពអាល្លឺម៉ង់ ធ្វើតេស្តរកមេរោគកូវីដ នៅច្រកព្រំដែន អាល្លឺម៉ង់ ប៉ូឡូញ នៅក្រោយ អាល្លឺម៉ង់​ប្រកាសរឹតបន្តឹង​ព្រំដែន​អាល្លឺម៉ង់ ប៉ូឡូញ នៅក្រោយ​ប៉ូឡូញជួបការឆ្លងរាលដាលខ្លាំង​នៃ​ជំងឺកូវីដ ១៩
មន្រ្តីសុខភាពអាល្លឺម៉ង់ ធ្វើតេស្តរកមេរោគកូវីដ នៅច្រកព្រំដែន អាល្លឺម៉ង់ ប៉ូឡូញ នៅក្រោយ អាល្លឺម៉ង់​ប្រកាសរឹតបន្តឹង​ព្រំដែន​អាល្លឺម៉ង់ ប៉ូឡូញ នៅក្រោយ​ប៉ូឡូញជួបការឆ្លងរាលដាលខ្លាំង​នៃ​ជំងឺកូវីដ ១៩ REUTERS - HANNIBAL HANSCHKE

អាល្លឺម៉ង់​នឹង​រឹតបន្តឹង ការត្រួតពិនិត្យ​សុខភាព នៅ​តាមព្រំដែន​បារាំង​អាល្លឺម៉ង់ នៅក្រោយ​ជំងឺកូវីដ​១៩​រីករាលដាល​ខ្លាំង​ក្នុង​ប្រទេស​បារាំង។ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បានសម្រេច ប្រកាស​ដាក់​បារាំង​ក្នុងបញ្ជី​តំបន់មាន​ហានិភ័យខ្ពស់ ព្រោះថា នៅប៉ុន្មាន​ថ្ងៃមកនេះ ចំនួន​អ្នកឆ្លងកូវីដ នៅបារាំង បានកើនឡើង​លឿន ខ្លាំង ជាមួយ​អត្រា អ្នកឆ្លងកូវីដ​​ជាមធ្យម ២០០នាក់ ក្នុង​ចំណោម​ប្រជាជន ១សែននាក់។

ផ្សាយពាណិជ្ជកម្ម

បារាំង​ដែលកំពុង​ប្រឈមនឹង​ការឆ្លងរាលដាល​នៃមេរោគកូវីដ បំប្លែងខ្លួនថ្មី មានអ្នកឆ្លង​ជាង ៤៥០០០នាក់ តែ​ក្នុងរយៈពេល មួយថ្ងៃ ព្រហស្បតិ៍​ម្សិលមិញ។ អត្រាឆ្លងខ្លាំង​នៅ​បារាំង ជា​ហេតុផល​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី អង់ហ្គេឡា មេរកិលសម្រេច​ដាក់​បារាំង ចូល​ក្នុង​បញ្ជី​ប្រទេស ដែល​មាន​ហានិភ័យខ្ពស់។

សម្រាប់​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ ការសម្រេចចិត្តលើកនេះ គ្មានទាក់ទង​នឹង​រឿងនយោបាយ​នោះទេ ប៉ុន្តែ ផ្អែក​លើ​តថភាព​ជាក់ស្តែង ព្រោះថា អត្រាឆ្លង​នៅបារាំង​មាន​ជាមធ្យម ២០០នាក់ ក្នុង​ចំណោម ប្រជាជន​១សែននាក់ គឺ​ខ្ពស់ជាង​អាល្លឺម៉ង់ ដែលមាន​ប្រមាណ ១១៣នាក់ ក្នុង​ចំណោម​១សែននាក់។

តាម​កាសែត​អាល្លឺម៉ង់ FAZ វិទ្យាស្ថាន​តាមដានសុខភាពជាតិ​អាល្លឺម៉ង់​នឹង​ប្រកាស​វិធានការ​នានា នៅ​ល្ងាច​ថ្ងៃ​សុក្រនេះ ដែល​អាចមាន​តាំងពី​ការរឹតបន្តឹង​ការត្រួតពិនិត្យ​ច្រកពំ្រដែន តម្រូវ​លទ្ធផលតេស្ត​ជំងឺកូវីដ អវិជ្ជមាន ឬ​ការដាក់ឲ្យធ្វើ​ចត្តាឡីស័ក ចំពោះអ្នកដំណើរ​ចេញ​ពី​បារាំង ចូល​ទៅទឹកដី​អាល្លឺម៉ង់។

ភាគី​បារាំង តាមរយៈ រដ្ឋមន្រ្តី​ការបរទេស លោក​Jean Yves Le Drian បាន​និយាយ​ប្រាប់​វិទ្យុបារាំង នៅថ្ងៃ​នេះថា ប៉ារីស យល់ច្បាស់​ពី​ការសម្រេចចិត្ត​របស់​ប៊ែរឡាំង ដែល​កំពុង​ប្រឈម​ខ្លាំងណាស់​ដែរ​នឹង​ការកើនឡើង​ករណី​ឆ្លងកូវីដ ក្នុង​ប្រទេស។ បារាំង និង​អាល្លឺម៉ង់ ដែល​មិនចង់​ឲ្យ​មាន​ការបិទព្រំដែន រវាងគ្នា បាន​គ្រោង​ពិភាក្សា ចរចាគ្នា នៅ​ល្ងាច​ថ្ងៃ​សុក្រនេះ ដើម្បី ធ្វើ​ឲ្យយ៉ាងណា កុំ​ឲ្យវិធានការ​រឹតបន្តឹង នៅច្រកព្រំដែន ប៉ះពាល់ ដល់​ការធ្វើដំណើរ របស់ប្រជាជន អ្នកធ្វើការ​បារាំង​ដែល​ឆ្លងដែន​ទៅ​អាល្លឺម៉ង់។

នៅមុន​បារាំង អាល្លឺម៉ង់​ធ្លាប់​បាន​រឹតបន្តឹង ការត្រួតពិនិត្យ ច្រកព្រំដែន ជាមួយ​ប្រទេស​ប៉ូឡូញ ​សាធារណរដ្ឋ​ឆែក ​និង​ប្រទេស​អូទ្រីស។ ជាមួយប្រទេស​បារាំង រហូតមកដល់​ពេលនេះ អាល្លឺម៉ង់​បាន​ចាត់ទុក​ខេត្តបារាំង តែមួយប៉ុណ្ណោះ ដែល​ជាប់ព្រំដែន​ជាមួយអាល្លឺម៉ង់ ថា ជា​តំបន់ហានិភ័យខ្ពស់។ នៅ​ថ្ងៃ​ម្សិលមិញ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ពន្លយ​ឲ្យដឹងថា បើសិនអាល្លឺម៉ង់ ចាត់ចូល​បារាំង​ទាំងមូល​ជាតំបន់​ដែល​មានការឆ្លងរាលដាលខ្លាំង អាល្លឺម៉ង់​ក៏នៅតែ​អាចបន្ធូរសម្រាល មិន​ឲ្យ​មាន​ការរឹតបន្តឹង​ខ្លាំងពេក នៅ​ច្រកព្រំដែន​រវាង​ប្រទេស​ទាំងពីរ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI