អ៊ីតាលី-រុស្ស៊ី-ចារកម្ម

អ៊ីតាលី​បណ្តេញ​មន្ត្រីរុស្ស៊ី​ពីរ​នាក់​ចេញ​ពី​ប្រទេស​ដោយ​សារ​ជាប់​ពាក់​ព័ន្ធ​បទ​ចារកម្ម

អ៊ីតាលី បណ្តេញមន្ត្រីរុស្ស៊ីពីរនាក់ចេញពីប្រទេសដោយសារជាប់ពាក់ព័ន្ធបទចារកម្ម។
អ៊ីតាលី បណ្តេញមន្ត្រីរុស្ស៊ីពីរនាក់ចេញពីប្រទេសដោយសារជាប់ពាក់ព័ន្ធបទចារកម្ម។ GIOVANNI ISOLINO AFP/File

អ៊ីតាលី​បាន​បណ្តេញ​មន្រ្តី​រុស្ស៊ី​ពីរ​នាក់​ ចេញពី​ប្រទេស​កាលពី​ថ្ងៃពុធ​ ៣១ មីនាម្សិលមិញ​ បន្ទាប់ពី​រក​ឃើញ​ថា​ប្រធាន​ក្រុម​កង​ទ័ព​ជើង​ទឹក​អ៊ីតាលី​ម្នាក់​បាន​លក់​ឯកសារ​សម្ងាត់​ទៅឲ្យ​មន្រ្តី​រុស្ស៊ី​។ នេះ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​ដែល​អ៊ីតាលី​ពើប​ប្រទះ​ជាមួយ​រុស្ស៊ី​ចាប់​តាំងពី​ចប់​សង្រ្គាម​​ត្រជាក់​មក​។ បញ្ហា​ថ្មី​ចុង​ក្រោយ​នេះ​ក៏​បាន​រំឭកផងដែរ​ពី​ហេតុការណ៍​ក្នុង​ឆ្នាំ​ ១៩៨៩ នៅពេល​ដែល​ចារកម្មរុស្ស៊ី​និង​ប៊ុលហ្គារីត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​។

ផ្សាយពាណិជ្ជកម្ម

ប្រធាន​ក្រុម​នាវា​យាម​ត្បាត​អ៊ីតាលីខាងលើ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ធ្វើចារកម្ម​ ក្រោយ​ពី​បាន​លួច​ទៅ​ជួបប្រជុំ​ជា​សម្ងាត់​ជាមួយមន្ត្រីយោធារុស្ស៊ីមួយរូប​កាលពី​ល្ងាច​ថ្ងៃអង្គារ​នៅក្នុង​ទីក្រុង​រ៉ូម​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស។

កង​កម្លាំង​ប៉ូលិស​ប្រតិបត្តិការ​ពិសេស​របស់​អ៊ីតាលី​ បាន​តាម​ទៅ​ដល់​កន្លែង​ណាត់​ជួបនោះ​ និង​បាន​ចាប់​ឃាត់ខ្លួន​អ្នក​ទាំងពីរ​។ ប៉ុន្តែ​មានតែ​ប្រធាន​ក្រុម​នាវា​ត្បាត​អ៊ីតាលី​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ចាប់ខ្លួន​ក្រោ​មបទចោទប្រកាន់​ប្រគល់​ឯកសារសម្ងាត់​ជាថ្នូរ​នឹងប្រាក់​។

មាន​មន្ត្រី​រុស្ស៊ីពីររូប​ដែល​ជាប់ពាក់ព័ន្ធនឹង​បទ​ចារកម្ម​ប្រមូលឯកសារសម្ងាត់​របស់​អ៊ីតាលី​នេះ​។ ម្នាក់​ជាមន្ត្រីយោធារុស្ស៊ី​ និង​ម្នាក់ទៀត​គឺមន្ត្រី​ទូត​រស្ស៊ី​។ ក៏ប៉ុន្តែប៉ូលិស​អ៊ីតាលី​ មិន​អាច​ចាប់ឃុំខ្លួន មន្ត្រី​ទូតរស្ស៊ី​បានទេ​ ដោយសារ​មន្ត្រីរូបនេះ​មាន​អភ័យ​ឯកសិទ្ធិ​ការទូត​។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីតាលី​លោក Luigi Di Maio បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅទី​ក្រុងរ៉ូម​ លោក Sergey Razov នៅព្រឹក​ថ្ងៃពុធ ៣១ មីនា ដើម្បី​ធ្វើការតវ៉ា​ជាផ្លូវការ​។ ខាង​ក្រសួង​ការបរទេស​អ៊ីតាលី​ក៏បាន​ជូនដំណឹង​ឯកអគ្គរដ្ឋទូតរុស្ស៊ីផងដែរ​អំពី​ការ​បណ្តេញ​ចេញពីប្រទេស​ជាបន្ទាន់​នូវ​មន្រ្តី​រុស្ស៊ីពីរ​រូប​ដែល​ជាប់​ពាក់ព័​ន្ធនឹង​បទចារកម្ម​។

គួរបញ្ជាក់ថា​ ប្រធាន​ក្រុម​នាវា​យាមត្បាត​អ៊ីតាលី​គឺ​ជា​បុគ្គលិក​ធ្លាប់​បម្រើការនៅការិយា​ល័យ​ការពារ​ជាតិ​ និងធ្លាប់​មាន​សិទ្ធិ​ចូល​មើល​ឯកសារ​ជាច្រើន​ទាក់ទង​នឹង​សកម្មភាព​ការពារ​ជាតិ​របស់​អ៊ីតាលី ហើយនិង​អង្គការអូតង់​។ នេះ​បើ​តាម​កាសែត​អ៊ីតាលី​ La Repubblica​។

បើ​តាម​ការចុះផ្សាយ​របស់​កាសែតអ៊ីតាលីផ្សេងទៀត​ មន្ត្រី​អ៊ីតាលី​ខាងលើ​ទទួល​បាន​លុយ​ជា​សាច់​ប្រាក់​ចំនួន​ ៥ ០០០ អឺរ៉ូ​ ឬស្មើនឹង​ ៥ ៨៦០ ដុល្លារ​អាមេរិក​ពីមន្ត្រីរុស្ស៊ី​។

ប៉ូលិសអ៊ីតាលីបាននិយាយថា​អំពើចារកម្ម​ត្រូវបានគេរកឃើញ​បន្ទាប់ពី​មានការស៊ើប​អង្កេតជាយូរ ដោយមានការ​ដឹកនាំដោយទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ AISI របស់អ៊ីតាលី និងដោយមានការគាំទ្រផងដែរពីប្រធានបុគ្គលិកការពារជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI