WHO-អឺរ៉ុប

WHO បរិហារ​ពី​ភាព​យឺតយ៉ាវ​​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នៅ​អឺរ៉ុប

លោក​ហាន គ្លូ នាយក​អង្គការ​សុខភាព​ពិភពលោក​ទទួល​បន្ទុក​តំបន់​អឺរ៉ុប​
លោក​ហាន គ្លូ នាយក​អង្គការ​សុខភាព​ពិភពលោក​ទទួល​បន្ទុក​តំបន់​អឺរ៉ុប​ AFP/Archivos

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១ មេសា អង្គការ​សុខភាព​ពិភពលោក WHO បាន​ចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នៅ​អឺរ៉ុប។ នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន WHO បាន​មើល​ឃើញ​ពី​ភាព​យឺតយ៉ាវ​ដែល​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​អឺរ៉ុប។ តាម WHO ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នេះ​នឹង​ធ្វើ​ឲ្យ​ករណី​ឆ្លង​កូវីដ១៩ អូសបន្លាយ ខណៈ​ដែល​វត្តមាន​កូវីដ១៩ បំប្លែង​ខ្លួន​កំពុង​មាន​ល្បឿន​លឿន។

ផ្សាយពាណិជ្ជកម្ម

លោក​ហាន គ្លូ នាយក​អង្គការ​សុខភាព​ពិភពលោក​ទទួល​បន្ទុក​តំបន់​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​​សេចក្តីប្រកាស​ព័ត៌មាន​ថា គិត​ត្រឹម​ថ្ងៃ​ពុធ ទី៣១ មីនា មាន​ប្រជាជន​អឺរ៉ុប​តែ ១០% ប៉ុណ្ណោះ​ដែល​ទើប​ចាក់​វ៉ាក់សាំង​ដូសទី១ និង​មាន​តែ ៤% ប៉ុណ្ណោះ​ដែល​ទទួល​បាន​ទាំង ២ដូស។ តាម​លោក​ហាន គ្លូ នេះ​ជា​ភាព​យឺតយ៉ាវ​មួយ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ និង​មិន​ស្តីពី​បន្ទោស​លើ​ប្រទេស​ណា​មួយ លោក​ហាន គ្លូ​បាន​ស្នើ​ឲ្យ​អឺរ៉ុប​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដោយ​បង្កើន​ការ​ផលិត​វ៉ាក់សាំង ដោយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​ផ្នែក​រដ្ឋបាល​នៅ​ក្នុង​នីតិវិធី​ចាក់​វ៉ាក់សាំង និង​ដោយ​ប្រើ​វ៉ាក់សាំង​ភ្លាមៗ​ដែល​មាន​ក្នុង​ដៃ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក​ហាន គ្លូ​បាន​ចាត់​ទុក​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​រឿង​សំខាន់ ខណៈ​ដែល​វីរុស​កូវីដ១៩ បំប្លែងខ្លួន​កំពុង​បន្ត​ឆ្លង​ក្នុង​ល្បឿន​លឿន។ នាយក​អង្គការ​សុខភាព​ពិភពលោក​ទទួល​បន្ទុក​តំបន់​អឺរ៉ុប​រូប​នេះ​យល់​ថា អត្រា​ឆ្លង និង​ការ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​បាន​ធ្លាក់​ចុះ​ចំពោះ​មនុស្សចាស់​វ័យ​ជាង ៨០ឆ្នាំ​នៅ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង។ តែ​ក្រុម​មនុស្ស​ក្នុង​វ័យ​ផ្សេង​ទៀត​ដែល​នៅ​មិន​ទាន់​បាន​ចាក់​វ៉ាកើ់សាំង​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់ ពិសេស​ក្រុម​យុវជន។ គួរ​បញ្ជាក់​ថា បើ​ធៀប​នឹង​ប្រទេស​អង់គ្លេស និង​អាមេរិក អឺរ៉ុប​បាន​អូស​ជើង​ទាំង​នៅ​ក្នុង​ការ​កម្មង់ទិញ និង​នីតិវិធី​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង។

បន្ទាប់​មក ការ​អូសជើង​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ក៏​បាន​កើត​ចេញ​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ទទួល​វ៉ាក់សាំង និង​ភាព​តានតឹង​ជុំវិញ​រឿង​នាំ​ចេញ​វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍ AstraZeneca។ បន្ទាប់​មក​ទៀត មាន​លេច​ចេញ​នូវ​ផលរំខាន ដូច​ជា​ការ​កកឈាម​ដុំៗ​នៅ​ក្នុង​សរសៃ​ឈាម​នៅ​ក្រោយ​ការ​ចាក់​វ៉ាក់សាំង AstraZeneca។ ការ​លេចចេញ​នូវ​ផលរំខាន​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​សម្រេច​ផ្អាក​ប្រើ​វ៉ាក់សាំង AstraZeneca មួយ​រយៈ។ រឿងរ៉ាវ​មួយ​នេះ​បាន​ជំរុញ​ឲ្យ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ធ្វើ​ការ​សិក្សា វិភាគ​ជា​ថ្មី​លើ​វ៉ាក់សាំង AstraZeneca។

ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​សន្និដ្ឋាន​ថា វ៉ាក់សាំង AstraZeneca មិន​បាន​បង្ក​ឲ្យ​មាន​ឈាម​កក​ដុំៗ​នៅ​ក្នុង​សរសៃ​ឈាម​ទេ និង​បញ្ជាក់​ពី​ផលចំណេញ​បាន​មក​ពី​ការ​ចាក់​វ៉ាក់សាំង AstraZeneca ដូច​ការ​អះអាង​របស់​អង្គការ​សុខភាពពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI