អ៊ីរ៉ង់-នុយក្លេអ៊ែរ

ក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ប្រជុំគ្នាដើម្បីជជែកពីការត្រឡប់វិញរបស់អាមេរិក

ក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ប្រជុំគ្នាដើម្បីជជែកពីការត្រឡប់វិញរបស់អាមេរិក
ក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ប្រជុំគ្នាដើម្បីជជែកពីការត្រឡប់វិញរបស់អាមេរិក © 路透社/Kirsti Knolle

នៅ​ថ្ងៃ​សុក្រ ទី២ មេសា អ្នក​តំណាង​ប្រទេស​ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស និង​ប្រទេស​អ៊ីរ៉ង់​រួម​ប្រជុំ​គ្នា​តាម​អនឡាញ​ដើម្បី​ជជែក​ពី​ការ​ត្រឡប់​វិញ​របស់​អាមេរិក​ទៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ចិន រុស្ស៊ី​បារាំង អង់គ្លេស អ៊ីរ៉ង់ បូក​នឹង​អាល្លឺម៉ង់​ត្រូវ​បាន​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ដក​ចេញ​វិញ​កាល​ពី​ឆ្នាំ ២០១៨។ តែ​ឥឡូវ​នេះ អាមេរិក​ក្នុង​ជំនាន់​លោក​ចូ បៃដិន​បាន​សន្យា​នាំ​អាមេរិក​ចូល​ក្នុង​កិច្ចព្រមព្រៀង​ដដែល​នេះ​ឡើង​វិញ។

ផ្សាយពាណិជ្ជកម្ម

ខុស​ពី​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​ព្យាយាម​ចង់​មាន​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​ជាមួយ​អ៊ីរ៉ង់។ នៅ​ក្នុង​ន័យ​នេះ លោក​បៃដិន​ធ្លាប់​បានបញ្ជាក់​តាំង​ពី​សម័យ​ឃោសនា​បោះឆ្នោត​ពី​ការ​នាំ​អាមេរិក​ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ឡើង​វិញ។ តែ​ដើម្បី​អាច​ឈាន​ទៅ​ដល់​គោលដៅ​មួយ​នេះ​បាន មាន​ការងារ​មួយ​ចំនួន​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​ដោះស្រាយ​ជាមុន។ ចូរ​កុំ​ភ្លេច​ថា លោក​ត្រាំ​មិន​ត្រឹម​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ ២០១៨ ទេ តែ​ថែម​ទាំង​បាន​ដាក់​ទណ្ឌកម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​ទៀត។

ជា​ការ​សងសឹង​នឹង​លោក​ត្រាំ​វិញ​កាល​ណោះ អ៊ីរ៉ង់​ក៏​បាន​ផ្តើម​លែង​គោរព​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង។ នេះ​ហើយ​ជា​ចំណុច​ប្រទាញប្រទង់​គ្នា​រវាង​អ៊ីរ៉ង់ និង​រដ្ឋបាល​អាមេរិក​សព្វថ្ងៃ។ នៅ​ម្ខាង អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​អាមេរិក​ដកទណ្ឌកម្ម​ចេញ​មុន ទើប​ខ្លួន​វិល​ទៅ​គោរព​កិច្ចព្រមព្រៀង​ពេញលេញ​ឡើង​វិញ។ ចំណែក​នៅ​ម្ខាង​ទៀត អាមេរិក​បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​មុន ទើប​ខ្លួន​ដក​ទណ្ឌកម្ម​ចេញ​វិញ។ តាម​មន្រ្តីការទូត​បស្ចិមលោក អ៊ីរ៉ង់ និង​អាមេរិក​កំពុង​បន្ត​ឆ្លងឆ្លើយ​គ្នា​ដោយ​ប្រយោល​តាម​រយៈ​ក្រុម​ប្រទេស​អឺរ៉ុប ពោល​មិន​ទាន់​ឯកភាព​គ្នា​ដើម្បី​ជួប​ផ្ទាល់​នៅ​ឡើយ​ទេ។

នៅ​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​ក្នុង​ថ្ងៃ​សុក្រ ទី២ មេសា អ្នក​តំណាង​ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស និង​ប្រទេស​អ៊ីរ៉ង់​ជជែក​លើ ២ចំណុច​សំខាន់ ទី១ ការ​វិល​ចូល​កិច្ចព្រមព្រៀង​ជា​ថ្មី​របស់​អាមេរិក និង​ទី២ ធានា​ពី​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​ឲ្យ​បាន​ពេញលេញ និង​ឲ្យ​មាន​ប្រសិទ្ធិភាព​ឡើង​វិញ​ពី​គ្រប់​ភាគី​ហត្ថលេខី​ទាំង​អស់។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បារាំង​បាន​ថ្លែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១ មេសា​ថា កិច្ចប្រជុំ​តាម​អនឡាញ​ក្នុង​ថ្ងៃ​សុក្រ ទី២ មេសា​ជា​រឿង​ចាំ​បាច់​ដើម្បី​ជួយ​ជំរុញ និង​ជួយ​សម្របសម្រួល​ឲ្យ​មាន​ជំនួប​ទ្វេភាគី​ដោយផ្ទាល់​រវាង​អ៊ីរ៉ង់ និង​អាមេរិក។

ក្រសួង​ការបរទេស​អាមេរិក​បាន​សាទរ​ពី​កិច្ចប្រជុំ​រវាង​ក្រុមប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពេល​នេះ និង​បាន​ចាត់​ទុក​ជា​ការ​បោះ​មួយ​ជំហាន​វិជ្ជមាន។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​កិច្ចប្រជុំ​ពេល​នេះ​នឹង​អនុញ្ញាតិ​ឲ្យ​អាមេរិក និង​អ៊ីរ៉ង់​អាច​ជួប​ជជែក​គ្នា​ដោយ​ផ្ទាល់​នៅ​ពេល​ណា​ទេ។ តែ​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​យល់​ឃើញ​ដូច​គ្នា​ថា វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី ៦ឆ្នាំ​មុន​នេះ​ត្រូវ​ទទួល​បាន​ការ​គោរព​ពេញលេញ​ពី​គ្រប់​ភាគី​ហត្ថលេខី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI