វ៉ាក់សាំងPfizer

​សមាជិក​សហភាពអឺរ៉ុប​ឈ្លោះ បែកបាក់គ្នា ដោយសារ​រឿង​ចែកវ៉ាក់សាំង Pfizer-BioNTech

វ៉ាក់សាំង Pfizer/BioNTech បង្ការជំងឺកូវីដ​១៩ ដែលទើបយកចេញពីទូទឹកកក ក្រោម ៧០ដឺក្រេ ផលិត​នៅប្រទេស​បែលហ្សិក
វ៉ាក់សាំង Pfizer/BioNTech បង្ការជំងឺកូវីដ​១៩ ដែលទើបយកចេញពីទូទឹកកក ក្រោម ៧០ដឺក្រេ ផលិត​នៅប្រទេស​បែលហ្សិក AP - Francisco Seco

​នៅ​សហភាពអឺរ៉ុប ​ប្រទេស​សមាជិក​ទាំង ២៧ ត្រូវ​ជជែក គ្នា ២ថ្ងៃ ដើម្បីបែងចែក វ៉ាក់សាំង ចំនួន​១០លានដូស របស់​ក្រុមហ៊ុន​អាមេរិកាំង Pfizer-BioNTech។ ការទាមទារ​ បែងចែក​ឲ្យ​ស្មើភាពគ្នា ​បាន​បង្ក​ឲ្យ​មាន​ ការខ្វែង​គំនិត​គ្នា​ ក្នុងចំណោម​ប្រទេស​សមាជិកអឺរ៉ុប នៅថ្ងៃ​សុក្រទី​២​មេសា។ អូទ្រីស សាធារណរដ្ឋឆែក និង​ស្លូវ៉េនី ប្រទេសអឺរ៉ុប​បី ដែល​បានចេញមុខ ​បដិសេធ​មិនព្រម ​ចែករំលែក​វ៉ាក់សាំង​របស់ខ្លួន ជាមួយ​ប្រទេស​អឺរ៉ុប​ដែល​កំពុង​ខ្វះ ជួប​ការលំបាកខ្លាំង ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នោះទេ។

ផ្សាយពាណិជ្ជកម្ម

សហភាព អឺរ៉ុប​មាន​សំណាង​បាន​ទទួល វ៉ាក់សាំង​ ១០លាន​ដូស​ពី​ក្រុមហ៊ុន​Pfizer –BioNTech មុនកាលកំណត់។ ១០លាន​ដូស​ស្ថិតក្នុង​ចំណោម​វ៉ាក់សាំង ១០០​លាន​ដូស ដែល​ក្រុមហ៊ុន​អាមេរិកាំង Pfizer ត្រូវ​ប្រគល់​ឲ្យ​សហភាពអឺរ៉ុប នៅត្រីមាស​ទី៣ ប៉ុន្តែ Pfizer បាន​បញ្ជូន មកឲ្យអឺរ៉ុប​មុនកាលកំណត់។ ប៉ុន្តែ សំណាង ប្រែក្លាយ​ជាប្រភព​នៃ​កូនវិបត្តិ រកាំរកូស​ក្នុងចំណោម​ប្រទេស​សមាជិក​អឺរ៉ុប។

មូលហេតុ គឺ​ប្រទេស​បី របស់​សហភាពអឺរ៉ុប ទាមទារ ចង់បាន​ចំណែក​របស់ខ្លួន ដោយ មិន​ព្រមចែករំលែក វ៉ាក់សាំង ជាមួយ​ប្រទេស​អឺរ៉ុប​ចំនួន ៥ ដែល​កំពុង​ជួបការលំបាក ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩។ អូទ្រីស ស្លូវ៉េនី និង​សាធារណរដ្ឋឆែក បដិសេធ​មិនចូលរួម​ក្នុង​ផែនការ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប​នោះទេ។

ទៅតាម​ការបែងចែក ស្នើឡើងដោយ​ព័ទុហ្កាល់ ដែល​ជាប្រធាន​ប្តូរវេន​របស់សហភាព​អឺរ៉ុប នៅក្នុង​ចំណោម​វ៉ាក់សាំង ១០លានដូស ដែល​អឺរ៉ុបបាន​ទទួល​មុនកាលកំណត់​ពីក្រុមហ៊ុន​Pfizer គេ​គួរ​ទុក ៣លាន​ដូស សម្រាប់​ប្រទេស​៥ ដែលកំពុង​មានបញ្ហា​កូវីដ​ខ្លាំងជាងគេ ដូចជា ក្រូអាស៊ី អេស្តូនី ឡេតូនី ស្លូវ៉ាគី និង​ប៊ុលហ្ការី ចំណែក​៧លានដូស នឹង​ត្រូវ​បែងចែក​រវាង​ប្រទេស​អឺរ៉ុប​ទាំង ២៧ ទៅតាម​គោលការណ៍​សមាមាត្រ​ប្រជាជន។

ប៉ុន្តែ ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន ៣ អូទ្រីស ស្លូវ៉េនី និង​សាធារណរដ្ឋឆែក ដែល​សុទ្ធតែ​ធ្លាប់ចេញមុខ​តវ៉ា​ពី​រឿងអយុត្តិធម៌ ក្នុងរឿង​បែងចែក​វ៉ាក់សាំង​កន្លងមក បាន​បណ្តោយខ្លួន​ឲ្យ​ភាពអាត្មានិយម ជាតិនិយម​ដឹកមុខ មិនព្រម​ចែករំលែក ចំនួន​វ៉ាក់សាំង​ដែល​ខ្លួនត្រូវ​ទទួល​បាន ជាមួយ​ប្រទេសទាំង៥​ដែល​កំពុង​ជួប​ការលំបាក។

សាធារណរដ្ឋឆែក​លើកឡើងថា កាយវិការ​សាមគ្គីភាព​របស់​អឺរ៉ុប​ធ្វើ​ឲ្យ​សាធារណរដ្ឋ​ឆែក ខាតបង់ វ៉ាក់សាំង បង្ការជំងឺកូវីដ ១៤៣ ០០០ដូស ចំណែក អធិការបតី​អូទ្រីស បាននិយាយ​សរសើរ​ខ្លួនឯង​ថា ដោយសារ​តែ ជំហររឹងមាំ​របស់រដ្ឋាភិបាល​របស់លោក អូទ្រីស​នៅរក្សា​វ៉ាក់សាំង ចំនួន ១៩៩ ០០០​ដូស ដែលខ្លួន​ត្រូវ​ទទួល​បាន តាំង​ពីដំបូងទី ពោល​គឺ​មិនបាន​បាត់បង់ ៦ម៉ឺនដូស ដោយសារ​ផែនការ​សាមគ្គី​របស់​អឺរ៉ុប​នោះទេ។

និយាយ​ដោយ​មិនបញ្ចេញឈ្មោះ មន្រ្តីទូត​អឺរ៉ុប​ម្នាក់ បាន​រិះគន់ ប្រទេស​អឺរ៉ុប​ទាំងបី ថា ខ្វះសាមគ្គីភាព និង​បាន​បែរខ្នង បោះបង់ចោល ហុងគ្រី ក្រូអាស៊ី អេស្តូនី ឡេតូនី និង ស្លូវ៉ាគី។ នៅថ្ងៃ​សុក្រ ទី ២​មេសា នៅពេល អូទ្រីស ស្លូវ៉េនី និង​សាធារណរដ្ឋឆែក ទទួលបាន​ចំណែកវ៉ាក់សាំង គ្រប់ចំនួន ប្រទេស​អឺរ៉ុប​ចំនួន ១៩ ដែល​បង្ហាញ​សាមគ្គីភាព​ជាមួយ ប្រទេស ទាំង៥ ​សុខចិត្ត​ទទួល​វ៉ាក់សាំងតិចជាង មុន ដោយ​ត្រូវ​បែងចែក​រវាង​គ្នា នូវ​វ៉ាក់សាំង​ជាង ៦លាន ៦សែនដូស។ សម្រាប់សហភាព​អឺរ៉ុប ប្រទេស​អឺរ៉ុប​ទាំង ៥ប៊ុលហ្ការី ក្រូអាស៊ី អេស្តូនី ឡេតូនី និង​ស្លូវ៉ាគី​ដែល​កំពុង​ជួបការលំបាក ក្នុង​ការចាក់វ៉ាក់សាំង​ឲ្យប្រជាជន​របស់ខ្លួន ត្រូវ​ទទួល​ចំណែក​វ៉ាក់សាំង​របស់ខ្លួន ពី​ចំនួន ១០លាន​ដូស ហើយ​និង​ត្រូវបែងចែក​គ្នា នូវ​វ៉ាក់សាំង ជិត ៣លាន​ដូស​ផ្សេងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI