នុយក្លេអ៊ែរអ៊ីរ៉ង់

អ៊ីរ៉ង់​បដិសេធមិនទទួល​យក​ការដកទណ្ឌកម្ម​អាមេរិក ដែលធ្វើ​ជា​ដំណាក់កាលៗ

រោងចក្រ​នុយក្លេអ៊ែរ Arak ដែលដើរដោយទឹកធ្ងន់ ដែលស្ថិតនៅចម្ងាយ២៥០គីឡូម៉ែត្រ​ពីទីក្រុង​តេហេរ៉ង់
រោងចក្រ​នុយក្លេអ៊ែរ Arak ដែលដើរដោយទឹកធ្ងន់ ដែលស្ថិតនៅចម្ងាយ២៥០គីឡូម៉ែត្រ​ពីទីក្រុង​តេហេរ៉ង់ AP - Hamid Foroutan

នៅ​៣ថ្ងៃ​មុន បើកកិច្ចប្រជុំ​របស់​អ្នកតំណាង​ប្រទេស​ហត្ថលេខី ទាំង ៥ នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្រសួងការបរទេស​អ៊ីរ៉ង់ តាមរយៈ​អ្នកនាំពាក្យ​បាន​អះអាងថា អ៊ីរ៉ង់ នឹង​មិនទទួល​យក​ការដកទណ្ឌកម្ម ជាដំណាក់កាល​របស់​អាមេរិក​នោះទេ។ នៅ​ថ្ងៃ​អង្គារ​សប្តាហ៍ក្រោយនេះ កិច្ចប្រជុំទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស នឹង​ផ្តោត​សំខាន់​លើ​ការវិលត្រលប់​របស់អាមេរិក ទៅក្នុងកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឆ្នាំ ២០១៥។ ចាប់តាំង​ពីលោកដូណាល់ ត្រាំ​ដកអាមេរិក ចេញពីកិច្ចព្រមព្រៀង នៅឆ្នាំ ២០១៨ នេះជាលើក​ទី១ ដែល​អាមេរិក​បញ្ជូន​មន្រ្តីសង្កេតការណ៍​របស់ខ្លួន ទៅក្នុង​កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ពី​ភាគីអ៊ីរ៉ង់។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រឹងប្រែង ស្តារឡើងវិញ កិច្ចព្រមព្រៀង អន្តរជាតិ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ អាមេរិក និង​អ៊ីរ៉ង់​បាន​និយាយ​ថា ខ្លួន​នឹង​ចូលរួម​នៅក្នុង​កិច្ចប្រជុំ នៅទីក្រុង​វីយ៉ែន ដែល​មាន​ប្រទេស​ហត្ថលេខី ៥ផ្សេងទៀត អាល្លឺម៉ង់ បារាំង អង់គ្លេស ចិន និង​រុស្ស៊ី ដើរតួជាអាជ្ញាកណ្តាល។ ប៉ុន្តែ នៅ​៣​ថ្ងៃ​មុន កិច្ចប្រជុំ ដែល​មាន​វត្តមាន​របស់​មន្រ្តី​អាមេរិកាំង ទីក្រុង​តេហេរ៉ង់​បាន​បញ្ជាក់ជំហរ​របស់ខ្លួនថា អ៊ីរ៉ង់​បដិសេធ​មិនទទួល​យក ការដកទណ្ឌកម្ម ជាដំណាក់កាល​របស់​អាមេរិក។

នៅថ្ងៃ​សៅរ៍ អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់​បាន​ចេញមុខ​មក​បញ្ជាក់ជំហរ នេះ នៅបន្ទាប់​ពី អ្នកនាំពាក្យ​រង​របស់​ក្រសួងការបរទេស​អាមេរិក Jalina Porter បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការជជែក​នៅទីក្រុង​វីយ៉ែន ផ្តោតសំខាន់​លើ​ចំណាត់ការ​ដែល​អ៊ីរ៉ង់ ត្រូវ​ធ្វើ​ជាដំណាក់កាល ដើម្បី​អាច​ត្រលប់​ទៅ​គោរពកិច្ចព្រមព្រៀង​ដូចដើម។ សម្រាប់អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អ៊ីរ៉ង់ អ៊ីរ៉ង់ គ្មានផែនការ ត្រលប់​ទៅ​គោរពកិច្ចព្រមព្រៀង​ជា​ដំណាក់កាលនោះទេ។ នយោបាយ​តែមួយ​របស់​អ៊ីរ៉ង់ គឺ ធ្វើ​ឲ្យ​អាមេរិក​ដកទណ្ឌកម្មសេដ្ឋកិច្ច​ទាំងស្រុង ពី​អ៊ីរ៉ង់។ នៅក្រោយ​កិច្ចប្រជុំ អនឡាញ​រវាង​អ្នកតំណាង​ប្រទេស​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ កាលពីថ្ងៃ​សុក្រ អនុរដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ ធ្លាប់និយាយ​ហើយថា អាមេរិក​ត្រូវ​ដកទណ្ឌម្ម ដែល​ខ្លួន​បាន​ដាក់​លើ​អ៊ីរ៉ង់ ក្នុង​រយៈពេល ៤ឆ្នាំមកនេះ។ បន្ទាប់មក អ៊ីរ៉ង់​នឹង​ពិនិត្យ មុន​នឹង​សម្រេច​ថា ត្រូវ​ត្រលប់​ទៅ​គោរពកិច្ចសន្យា​ដូចដើមវិញ តាម​វិធីណា។

អ៊ីរ៉ង់ធ្លាប់​លើកឡើងថា ខ្លួន​នឹង​បើកផ្លូវ​ឲ្យ​មាន​ការវិលត្រលប់ ជាដំណាក់កាល ៗ ទៅរក​ការគោរព កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​ឡើងវិញ ប៉ុន្តែ អ៊ីរ៉ង់​បាន​ប្តូរជំហរ​នេះវិញ បន្ទាប់ពី​រដ្ឋបាល​លោកចូ បៃដិន បដិសេធ​មិន​ដកចោល​រាល់ទណ្ឌកម្ម​ទាំងអស់ លើ​អ៊ីរ៉ង់ បើសិនអ៊ីរ៉ង់ មិន​ព្រម​ត្រលប់មក​គោរព ធ្វើតាម​ការសន្យា​ដូចដើម។

ដោយដកអាមេរិក​ចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៨ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សាជាថ្មី លើអ៊ីរ៉ង់ នៅឆ្នាំ ២០១៨ ដូចជា ដាក់ទណ្ឌកម្ម​លើ​វិស័យ​លក់ប្រេង​អ៊ីរ៉ង់ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ និង​ការដាក់សម្ពាធ​លើ​ធនាគារ ដើម្បី​ទប់ស្កាត់​អ៊ីរ៉ង់​មិន​ឲ្យ​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ជាដើម។

សងសឹក​នឹង​រដ្ឋបាលអ៊ីរ៉ង់​បាន​រំលោភ​កិច្ចព្រមព្រៀង ដោយ​បាន​ត្រលប់​ទៅ ចម្រើន​សារធាតុអ៊ុយរ៉ាញ៉ូម និង​ចាប់ធ្វើ​សកម្មភាព​នៅ​រោងចក្រ​នុយក្លេអ៊ែរ ដែល​គេជឿថា មាន​គោលដៅ​ផលិត​អាវុធនុយក្លេអ៊ែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI