វ៉ាទីកង់-កូវីដ-សង្រ្គាម

សម្តេចប៉ាបហ្វ្រង់ស័រ ថ្លែងសរសើរការតស៊ូអង់អាច​របស់​យុវជនភូមា ដើម្បីលទ្ធិប្រជាធិបតេយ្យ

នៅថ្ងៃទី ៤ មេសា ២០២១ សម្តេចប៉ាបហ្រ្វង់ស័រ នៅវិហារSt. Peter's Basilica នៅក្នុង​ឱកាស​បុណ្យ Pâques បុណ្យរំលឹក​ដល់​ថ្ងៃ​រស់ឡើង​វិញ របស់ព្រះយេស៊ូ
នៅថ្ងៃទី ៤ មេសា ២០២១ សម្តេចប៉ាបហ្រ្វង់ស័រ នៅវិហារSt. Peter's Basilica នៅក្នុង​ឱកាស​បុណ្យ Pâques បុណ្យរំលឹក​ដល់​ថ្ងៃ​រស់ឡើង​វិញ របស់ព្រះយេស៊ូ REUTERS - POOL

នៅក្នុង​ឱកាសបុណ្យ​​ប៉ាក់ (Pâques) ដែលជាបុណ្យដ៏​សំខាន់​មួយ សម្រាប់ អ្នកកាន់​សាសនា​កាតូលិក កាលពី ថ្ងៃ​អាទិត្យ ទី ៤​មេសា សម្តេចប៉ាប​ហ្វ្រង់ស័រ បាន​មាន​សង្ឃដីការ ពី​ចំណុច​សំខាន់២ គឺ​សង្រ្គាម​ប្រយុទ្ធគ្នា នៅក្នុង​ពិភពលោក ហើយនិង​យុទ្ធនាការ ចាក់​វ៉ាក់សាំង សម្រាប់​បង្ការ​ជំងឺកូវីដ​១៩។ ជំងឺកូវីដ​ដែល​បាន​សម្លាប់​មនុស្ស ជាង ២លាន ៨សែននាក់ នៅក្នុង​ពិភពលោក។ សម្រាប់​ប្រមុខសង្ឃកាតូលិក ហ្វ្រង់ស័រ វាជារឿងអាស្រូវមួយខ្លាំងណាស់ ដែល​គេ កំពុង​ប្រជែង​សព្វាវុធ ធ្វើសង្រ្គាមប្រយុទ្ធគ្នា ទាំងក្នុង​ពេល​ដែល​ជំងឺ​កូវីដ ១៩ កំពុង​ឆ្លងរាតត្បាត​ខ្លាំង គ្មានលើកលែង​ប្រទេស​ណាមួយក្នុង​ពិភពលោក។ ថ្លែងពី​វិហារ បុរីវ៉ាទីកង់ សម្តេចប៉ាប មានសង្ឃដីការផងដែរ​ពី​ព្រឹត្តិការណ៍កំពុងកើតមាននៅភូមា។

ផ្សាយពាណិជ្ជកម្ម

“ជំងឺរាតត្បាតកូវីដ​កំពុង​បន្ត​លុកលុយពេញពិភពលោក។ វិបត្តិសង្គម សេដ្ឋកិច្ច​កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ ជាពិសេស នៅ​បណ្តាប្រទេស​ក្រីក្រ។ ប៉ុន្តែ ប៉ុណ្ណឹងហើយ និង​ជារឿងអាស្រូវបំផុត ជម្លោះប្រដាប់អាវុធ និង​ការប្រកួតប្រជែង ពង្រឹងសព្វាវុធ នៅតែ​កើតមាន មិន​ឈប់ឈរ”។ សម្តេច​ប៉ាប ហ្រ្វង់ស័រ បាន​ថ្លែង​រិះគន់​យ៉ាងដូច្នេះ នៅក្នុង​ឱកាស​ពិធីបុណ្យ​ប៉ាក់  Pâquesរៀបចំនៅ បុរី​វ៉ាទីកង់ កាលពី ថ្ងៃ​អាទិត្យ។

សម្តេចប៉ាប បាន​មាន​សង្ឃដីកា​ដល់​សង្រ្គាម​នៅ​ស៊ីរី យេម៉ែន ដែល​បានជំរុញ​ឲ្យ​ប្រជាជន​រាប់លាន​នាក់ ធ្លាក់​ខ្លួន រស់ក្នុង​លក្ខខណ្ឌមិនមែន​មនុស្ស។ សម្រាប់ សម្តេចប៉ាប​ហ្រ្វង់ស័រ ពិភពលោក បាន​ធ្វើគថ្លង់ បិទភ្នែក​មើលឃើញ ហេតុការណ៍​កំពុង​កើតមាន​នៅ ប្រទេស​យេម៉ែន និង​នៅ​លីប៊ី ជាទី​សង្រ្គាម​បង្ហូរឈាមគ្នា បាន​អូសបន្លាយពេល ១០ឆ្នាំមកហើយ។

នៅ​ក្នុង បទអន្តរាគមន៍ របស់​ព្រះអង្គ ទៅកាន់​មន្រ្តីសង្ឃ កាតូលិក តិច ជាង ២០០នាក់ នៅ វិហារ ​​  St. Peter's Basilica សម្តេចប៉ាប បាន​មាន​សង្ឃដីកា​ពី​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​នៅប្រទេស​ភូមា ជាទី ដែល​បាតុករ បាន​រងការបង្រ្កាប សម្លាប់​បង្ហូរឈាម ពីសំណាក់កងទ័ព​ភូមា។ នៅត្រង់ចំណុចនេះ ប្រមុខសង្ឃ​កាតូលិក បាន​ថ្លែងសរសើរ​ភាពក្លាហាន និងការតស៊ូ​អង់អាច​របស់​យុវជន​ភូមា ដើម្បី​ លទ្ធិប្រជាធិបតេយ្យ និង​បាន​អំពាវនាវ​ឲ្យ កងទ័ព ស្តាប់លឺ ធ្វើតាម​ការទាមទារ របស់​បាតុករ ដើម្បី​ស្តារលទ្ធិប្រជាធិបតេយ្យ។

នៅមុន​ប្រោសប្រទានពរ សម្រាប់ទីក្រុង​រ៉ូម និង​នៅពិភពលោក​ទាំងមូល សម្តេច​ប៉ាប ហ្វ្រង់ស័រ បានចំណាយ​បទអន្តរាគមន៍​របស់​ព្រះអង្គ នៅក្នុង​ពិធីបុណ្យ​ប៉ាក់ Pâques សម្រាប់​ប្រជាជន​ក្រីក្រ អ្នកជំងឺកូវីដ ជនអន្តោប្រវេសន៍ ប្រជាជន​ដែលធ្លាក់ខ្លួន​ក្រីក្រ​ដោយសារ​វិបត្តិកូវីដ និង​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​សង្រ្គាម​នៅស៊ីរី យេម៉ែន លីប៊ី និង​នៅ​តំបន់​អាហ្រ្វិក ជាពិសេស តំបន់ទីហ្រ្កេ ក្នុង​ប្រទេស​អេត្យូពី។

ក្រៅពីអំពាវនាវ​ឲ្យ​គេ​ឈប់ប្រយុទ្ធគ្នា និងឈប់ ប្រជែង​ពង្រឹង​សព្វាវុធ ប្រល័យជីវិត​មនុស្ស សម្តេច​ប៉ាប​បាន​ទទូចសុំ​ផងដែរ ឲ្យ​មាន​ការបែងចែក​វ៉ាក់សាំង​កូវីដ ដោយ​ស្មើភាព​គ្នា ជាពិសេស សម្រាប់​ប្រទេស​ក្រីក្រ។ ដោយ​ថ្លែងកោត​សរសើរ​ដឹងគុណ គ្រូពេទ្យ និង​បុគ្គលិកពេទ្យ​ដែល​ឈរនៅជួរមុខ ក្នុងការប្រឈមនឹង​ជំងឺកូវីដ ​សម្តេចប៉ាបហ្រ្វង់ស័រ​បាន​សង្កត់ធ្ងន់ថា មានតែ​វ៉ាក់សាំង ដែល​ជា​ដំណោះស្រាយ​សំខាន់ សម្រាប់ ច្រកចេញពី​វិបត្តិកូវីដ​លើកនេះ។ ដូច្នេះ “នៅក្នុង​ស្មារតី ប្រើប្រាស់​វ៉ាក់សាំង នៅទូទាំងពិភពលោក ព្រះអង្គ​ទាមទារ​ឲ្យ​សហគមន៍អន្តរជាតិ​រួបរួមគ្នា ដើម្បី ពន្លឿន​ការចែកចាយ​វ៉ាក់សាំង និង​ផ្តល់អាទិភាព​ដល់​ប្រទេស​ដែលក្រីក្រ​ជាងគេ​បំផុត”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI