នុយក្លេអ៊ែរអ៊ីរ៉ង់៖អាមេរិកចូលរួមប្រជុំ តែមិនអង្គុយ និងជួបនិយាយផ្ទាល់ជាមួយអ៊ីរ៉ង់
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃអង្គារ ទី៦ មេសា ក្រុមប្រទេសហត្ថលេខីទាំង ៧ប្រទេសនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ រួមប្រជុំគ្នាក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស។ ប្រទេសហត្ថលេខីទាំង ៧ប្រទេសមានចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស អាមេរិក និងប្រទេសអ៊ីរ៉ង់។ កម្មវត្ថុនៃកិច្ចប្រជុំគឺដើម្បីព្យាយាមស្រោចស្រង់កិច្ចព្រមព្រៀងកាលពី ៦ឆ្នាំនេះឡើងវិញ។ តែអ្វីជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំពេលនេះ ភាគីអាមេរិកមិនអង្គុយតុប្រជុំ និងមិនជួបនិយាយផ្ទាល់ជាមួយអ៊ីរ៉ង់ទេ។
ជាកិច្ចប្រជុំផ្តោតលើប្រធានបទតែមួយ តែត្រូវបានរៀបចំជាពីរដាច់ដោយឡែកពីគ្នា។ នៅម្ខាង ជាកិច្ចប្រជុំនៅក្នុងបន្ទប់តែមួយ និងនៅជុំវិញតុតែមួយដែលភាគីចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ជួបជជែកជាមួយអ៊ីរ៉ង់។ បន្ទាប់មក ភាគីចិន រុស្ស៊ី បារាំង អង់គ្លេស និងអាល្លឺម៉ង់ដដែលត្រូវជួបជជែកជាមួយភាគីអាមេរិកនៅក្នុងបន្ទប់ និងនៅជុំវិញតុមួយផ្សេងទៀត។ ការរៀបចំឲ្យមានកិច្ចប្រជុំពីរដាច់ដោយឡែកពីគ្នានេះដោយសារតែភាគីអាមេរិក និងអ៊ីរ៉ង់មិនទាន់ចង់ជួបមុខ និងនិយាយរកគ្នាដោយផ្ទាល់នៅពេលនេះ។ កិច្ចប្រជុំទាំងពីរនេះរៀបចំ និងសម្របសម្រួលដោយសហភាពអឺរ៉ុប។
តាមពិតទៅ ភាពថ្នឹងថ្នាក់រវាងអាមេរិក និងអ៊ីរ៉ង់បានកើតមានឡើង បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើអ៊ីរ៉ង់។ ជាការសងសឹកនឹងលោកត្រាំវិញ អ៊ីរ៉ង់បានផ្តើមមិនគោរពពេញលេញលើកិច្ចព្រមព្រៀង ពិសេសបានស្តុក និងធ្វើការចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងអត្រាលើសការកំណត់របស់កិច្ចព្រមព្រៀង។ តែជាមួយនឹងរដ្ឋបាលអាមេរិកថ្មី ប្រធានាធិបតីលោកបៃដិនចង់នាំអាមេរិកចូលក្នុងកិច្ចព្រមព្រៀងឡើងវិញ។
ចំណោទនៅត្រង់ថាមកទល់ពេលនេះ អ៊ីរ៉ង់ និងអាមេរិកកំពុងបន្តតថ្លៃគ្នាដោយនៅម្ខាង អ៊ីរ៉ង់បានទាមទារឲ្យអាមេរិកដកទណ្ឌកម្មចេញមុន ទើបខ្លួនវិលទៅគោរពកិច្ចព្រមព្រៀងជាថ្មីឡើងវិញ។ ចំណែកនៅម្ខាងទៀត អាមេរិកក៏បានទាមទារឲ្យអ៊ីរ៉ង់គោរពកិច្ចព្រមព្រៀងត្រឹមត្រូវមុន ទើបខ្លួនដកទណ្ឌកម្មចេញវិញ។ គឺភាពប្រទាញប្រទង់គ្នានេះហើយដែលក្រុមប្រទេសហត្ថលេខីផ្សេងព្យាយាមដោះស្រាយតាមរយៈកិច្ចប្រជុំពេលនេះ។ តើយុទ្ធសាស្រ្តការទូតមួយនេះអាចឈានទៅស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពី ៦ឆ្នាំមុនបានដែរឬទេ?។
គេពិបាកផ្តល់ចម្លើយមួយច្បាស់លាស់ចំពោះសំណួរនេះ។ តែអ្វីដែលគេអាចនិយាយបាន ការដែលអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមចូលរួមប្រជុំពេលនេះ ទោះមិនទាន់ចង់អង្គុយតុជាមួយគ្នា មិនទាន់ចង់ជួបមុខគ្នា និងមិនទាន់ចង់ជ្រលក់មាត់រកគ្នាដោយផ្ទាល់ក៏ដោយ ក៏វាជាការបោះមួយជំហានទៅមុខរួចស្រេចទៅហើយ។ នេះស បញ្ជាក់ឲ្យឃើញថា អាមេរិក និងអ៊ីរ៉ង់ពិតជាមានឆន្ទៈចង់ដោះស្រាយបញ្ហា និងចង់បញ្ចប់ភាពចម្រូងចម្រាស់រវាងគ្នា។ គ្រប់គ្នាកំពុងរង់ចាំមើលថារវាងអាមេរិក និងអ៊ីរ៉ង់ តើអ្នកណាសុខចិត្តបោះដៃ និងធ្វើសម្បាទានឲ្យអ្នកណាមុន ព្រោះចូរកុំភ្លេចថា ម្នាក់ៗក៏មិនចង់បាក់មុខបាក់មាត់ដោយសារអ្នកណាដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ