កូវីដ-វិបត្តិផ្លូវចិត្ត

ការសិក្សា ៖ ​ជា​ពី​កូវីដ១៩​ អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​បីនាក់ មានវិបត្តិ​ផ្លូវ​ចិត្ត​

តើ​វិបត្តិកូវីដ​១៩​ប៉ះពាល់​ដល់​ខួរក្បាល​និង​ផ្លូវចិត្ត​យ៉ាងណា​ខ្លះ ?
តើ​វិបត្តិកូវីដ​១៩​ប៉ះពាល់​ដល់​ខួរក្បាល​និង​ផ្លូវចិត្ត​យ៉ាងណា​ខ្លះ ? © iStockphoto - Drazen Zigic

ផលប៉ះពាល់​មួយ ដែល​បន្សល់​ទុក​ដោយ​ជំងឺ​កូវីដ​១៩ និង​ដែល​ពុំ​សូវ​មាន​នរណា​លើក​មក​និយាយ គិត​មក​ត្រឹម​ពេល​នេះ គឺ​ផលប៉ះពាល់​ដល់​​ផ្លូវ​ចិត្ត​ ឬ ដល់​សរសៃ​ប្រសាទ។ បើ​តាម​ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​អង់គ្លេស​ ចេញ​ផ្សាយ​ក្នុង​ទំព័រទស្សនាវដ្តី​វិទ្យាសាស្ត្រ ដ៏​ល្បីល្បាញ The Lancet Psychiatry  មាន​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ ម្នាក់​ក្នុង​ចំណោម​បី​នាក់​ មាន​វិបត្តិ​ផ្លូវ​ចិត្ត​ឬ​សរសៃប្រសាទ។ អ្នក​ស្រាវជ្រាវ​បាន​វិភាគ​សំណុំឯកសារ​សុខភាព​របស់​អ្នក​ជំងឺ​កូវីដ១៩ ជាង ២៣៥០០០នាក់ ភាគច្រើនជា​អ្នក​ជំងឺ​នៅ​សហរដ្ឋអាមេរិក។

ផ្សាយពាណិជ្ជកម្ម

៦​ខែក្រោយ​ពី​បាន​ឆ្លង​និង​ជា​ពី​ជំងឺ​កូវីដ​១៩​​ហើយ មានអ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​បី​នាក់ រង​​វិបត្តិ​ផ្លូវចិត្ត ឬ​វិបត្តិសរសៃប្រសាទ។ ហើយ ៣៤% អាចមាន​វិបត្តិ​ផ្លូវ​ចិត្ត​ធ្ង​ន់ធ្ងរ​ ដែល​អាច​ប្រឈម​នឹង​គ្រោះ​ធ្លាក់​ខ្លួន​មាន​ជំងឺ​សរសៃប្រសាទ។ ​មាន​អាការៈ​ជំងឺ​កូវីដ១៩ កាន់​តែ​​ធ្ងន់ វិបត្តិ​ផ្លូវ​ចិត្តឬ​សរសៃ​ប្រសាទ​រង​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង។ នេះ​បើ​តាម​ការលម្អិត​របស់​អ្នកស្រាវជ្រាវ​អង់គ្លេស ដោយ​បាន​អះអាង​ថា ​ ៤៦%​នៃ​​អ្នក​ជំងឺ​កូវីដ​១៩​ដែល​បាន​ចូល​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះបន្ទាន់ ប្រពោធនកម្ម មាន​រោគ​សញ្ញា​ផ្លូវ​ចិត្ត​ ឬ​សរសៃ​ប្រសាទ។​ ហើយកំណើន​មាន​ដល់​ជិត​៣០%​ ចំពោះ​​អ្នកមាន​ជំងឺ​កូវីដ១៩​ទម្រង់​ធ្ងន់ខ្លាំង។​

វីរុស​នៃ​ជំងឺ​កូវីដ១៩ បានឆ្លង​ចូល​ទៅ​ប៉ះពាល់​ដល់​ខួរក្បាល ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ និង​ជួន​ដល់​ប្រព័ន្ធ​បញ្ញា​ញាណ ដែលធ្វើ​ឱ្យ​​​អ្នក​ជំងឺ​ជា​ពី​កូវីដ១៩​ ​អាច​បន្ត​មាន​រោគ​សញ្ញា​ ឈឺ​ក្បាល វិលវល់ ច្របូកច្របល់ ធីងធោង បាត់​ការ​​ចង​ចាំ ពោលគឺ​មាន​ជា​​រោគ​ថប់បារម្ភ (១៧%) មួរហ្មង (១៤%) ឬ​ទៅ​ជាមាន​​រោគ​វង្វេង (២%) និង​អាច​មាន​​រោគ​ហូរ​ឈាម​ក្នុង​ខួរក្បាល​ទៀត​ផង សម្រាប់​អ្នកជំងឺ​ប្រមាណ​២,៧%។

អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​សម្រាប់​មក​ពន្យល់​បំភ្លឺ​ ថា​ហេតុ​អ្វីអ្នក​​ជំងឺកូវីដ​១៩រង​ផល​​ប៉ះពាល់​ផ្នែក​ផ្លូវ​ចិត្ត​និង​សរសៃ​ប្រសាទ​ទេ។ ប៉ុន្តែ​គេ​សង្កេតឃើញ​អ្នកមាន​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត មាន​ជា​អាទិ៍​ជំងឺ​ផ្តាសាយធំ ជា​ញឹកញយតែង​តែ​មាន​លេច​រោគ​សញ្ញា​ផ្លូវ​ចិត្ត​និង​សរសៃ​ប្រសាទ​ឡើង។ តែ​ករណី​អ្នក​មាន​ជំងឺកូវីដ​មាន​វិបត្តិ​ផ្លូវចិត្ត​ច្រើន​ខ្លាំង​ជាង​ផ្តាសាយ​ដល់ទៅ ៤៤% និង​១៦%​ច្រើន​ជាងមាន​ជំងឺផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ ដោយ​ឡែក បើ​តាម​ការ​គណនា​បែប​គណិត​វិទ្យា នៅ​ពេល​ណា​ពិភពលោកជួប​ហេតុការណ៍​រាតត្បាតទ្រង់ទ្រាយ​ធំនោះ ចំនួន​មនុស្ស​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ឬ​សរសៃ​ប្រសាទ កើន​ឡើង​ខ្លាំង។

ប៉ុន្តែ​ការ​ព្រួយ​បារម្ភដ៏​ចំបង​​មួយ​ទៀត វិបត្តិផ្លូវ​ចិត្ត​ និង​សរសៃ​ប្រសាទ​​ដែល​អ្នក​សិក្សា​បាន​រៀប​រាប់​មកនេះ ច្រើនតែ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​ អូស​ពេល​យូរ។ ដូច្នេះ​ផលប៉ះពាល់នៃ​ជំងឺ​កូវីដ១៩​លើ​ផ្លូវ​ចិត្ អាច​បន្តមាន​យូរ​​និង​ច្រើន​ឆ្នាំ​ទៀត​ណាស់ សម្រាប់​​​អ្នក​ជំងឺ​ជាពី​កូវីដ១៩។ ផលប៉ះពាល់​នេះ​អាច​ធ្ងន់ស្រាល​ខ្លាំង​សម្រាប់​អ្នក​បាន​ឆ្លង​កូវីដ១៩ តែ​ប្រជាពលរដ្ឋ​ទូទៅ​ក៏​រង​គ្រោះ​​មាន​បញ្ហា​ផ្លូវ​ចិត្ត​ច្រើនដែរ​។ នេះ​បើ​តាម​សិក្សារបស់​អ្នកស្រាវជ្រាវ​អង់គ្លេស​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI