បារាំង-កូវីដ១៩

បារាំង​ប្តូរកាលវិភាគ​ ពន្លឿន​យុទ្ធនាការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩

លោក Olivier Veran រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង ចាក់​ថ្នាំ​បង្ការកូវីដ១៩
លោក Olivier Veran រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បារាំង ចាក់​ថ្នាំ​បង្ការកូវីដ១៩ REUTERS - POOL

គិត​ចាប់​ពី​ថ្ងៃទី ២៧ធ្នូ ២០២០​មក​ទល់​នឹង​ថ្ងៃទី ៩ មេសា ២០២១ មានពលរដ្ឋ​បារាំង​ចំនួន​ជាង​១០លាន​៥​សែននាក់​ (១០៥៤៤៥៤១)​ បាន​ទទួល​ថ្នាំ វ៉ាក់សាំង​ មួយ​ដូស និង​ជាង​៣លាន​៦សែន​នាក់ (៣៦០៤៦៥៣) ​បាន​ទទួល​ថ្នាំ​វ៉ាក់សាំងរួច​​ទាំង​ពីរ​ដូស។ ប៉ុន្តែ បារាំង​ចាប់​ប្តូរ​យុទ្ធសាស្ត្រ​ និង​កាលវិភាគ​ ដើម្បី​ពន្លឿន​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ និង​ដើម្បី​ទប់​ស្កាត់​ការចម្លង​​រាតត្បាត​នៃ​ជំងឺកូវីដ​១៩ ដែល​បាន​សម្លាប់​ជីវិត​ប្រជាជន​បារាំង​​ជាង៩៨០០០នាក់ ក្នុង​រយៈ​ពេល​ជាងមួយ​ឆ្នាំមកនេះ។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃទី ១២​មេសា​ទៅ ពលរដ្ឋ​បារាំង​អាយុ​ចាប់​ពី ៥៥​ឆ្នាំ​ឡើង​ទៅ​អាច​ទៅ​ស្វែង​រក​ការ​ចាក់​ថ្នាំបង្ការ​ របស់​ក្រុមហ៊ុន​ AstraZeneca និង​ Johnson&Johnson បាន​ដោយ​គ្មាន​លក្ខខណ្ឌ។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក អូលីវីយ៉េ វេរ៉ង់ នៅ​ក្នុង​កាសែត​ Le  journal du Dimanche ចេញ​ផ្សាយ​នា​ថ្ងៃអាទិត្យ​ទី ១១​មេសានេះ។ ក្នុង​កាលវិភាគ​មុន ក្រុម​អ្នក​មាន​អាយុ​ចាប់​ពី ៥៥​ឆ្នាំ​ឡើង​ទៅ ដែល​​គ្មាន​រោគ​ប្រចាំ​កាយ​ ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី ១៥​ឧសភា​ទើប​ដល់​វេនចាក់​ថ្នាំវ៉ាក់សាំង។ ចំណែកក្រុម​អ្នកមានអាយុ​ពី ៥០-៥៤​ឆ្នាំ ត្រូវ​រង់ចាំ​ដល់​ពាក់​កណ្តាលខែឧសភា​ដដែល និងដល់​​ពាក់កណ្តាលខែមិថុនា​ សម្រាប់​អ្នក​មាន​អាយុ​ក្រោម​៥០​ឆ្នាំ។

ការ​ប្តូរ​ផ្លាស់​សំខាន់​មួយ​ទៀត គឺ​ចាប់​ពី​ថ្ងៃទី ១៦​មេសា​ទៅ ពលរដ្ឋ​ចាប់​ពី​អាយុ​៦០​ឆ្នាំឡើង​ទៅ​អាចជ្រើសរើស​ចាក់​ថ្នាំ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer/BioNTech ឬ Moderna ដែល​ពី​មុន​រដ្ឋាភិបាល​រក្សា​ទុក​សម្រាប់​ចាក់​ឱ្យ​តែ​មនុស្ស​ចាស់​ចាប់​ពី​អាយុ​៧៥​ឆ្នាំ​ទេ។ ថ្នាំ​វ៉ាក់សាំង​ពីរប្រភេទ​ដែល​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ដល់​ក្រោម​-៧០អង្សា នឹង​ត្រូវ​ចែក​ចាយ​ដល់​គ្រូពេទ្យ​និង​ឧសថការី​ជួយ​ចាក់​ ជាការ​ដក​ពិសោធន៍​ ចាប់​ពី​ចុង​ខែមេសា​ទៅដែរ។

ដើម្បី​ពន្លឿន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ រដ្ឋាភិបាល​បារាំង​រំពឹង​លើការ​ប្តូរផ្លាស់​ជា​យុទ្ធសាស្ត្រ​មួយ​ទៀត គឺ បង្កើន​គម្លាត​ឱ្យ​​ឃ្លាត​ឆ្ងាយ​ពី​គ្នា រវាងការ​ចាក់​​ដូសទីមួយ និង​ដូស​ទីពីរ ឱ្យ​ឡើងដល់​ចំនួន​៤២​ថ្ងៃ សម្រាប់​ការចាក់​ថ្នាំ​វ៉ាក់សាំងPfizer/BioNtech និង​ Moderna មិនមែនត្រឹម​​២៨​ថ្ងៃដូច​មុនទេ។ ធ្វើ​ដូច្នេះ​ គេ​អាចចំណេញពេល​ ​ចាក់​ជូន​ពលរដ្ឋ​បាន​បន្ថែម​ជាង​១,៨លាននាក់​ផ្សេង​ទៀត។ បើ​ស្ថានភាព​តម្រូវ រដ្ឋាភិបាល​អនុគ្រោះ​​ឱ្យ​មាន​ការ​ចាក់​ថ្នាំ​បង្ការ​ដូស​ទីមួយ ខុស​ពី​ដូស​ទីពីរ ប៉ុន្តែ​ជា​ថ្នាំ​វ៉ាក់សាំង​ប្រភេទ​ដូច​គ្នា។

ជា​ចុងក្រោយ ប្រដាប់​ធ្វើ​តេស្ត​រក​មេរោគកូវីដ​១៩​ដោយ​ខ្លួនឯង​ នឹង​មាន​ដាក់​លក់​នៅ​តាម​ឱសថស្ថាន​បារាំង ចាប់​ពី​សប្តាហ៍​នេះ​ទៅ​ដែរ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បារាំង​ដដែល។

បិទ​ប្រទេស​ជា​លើក​ទី​បី តាំង​ពី​ថ្ងៃ​ទី៥មេសា​មក កូវីដ​១៩​បាន​សម្លាប់​ជីវិត​ពលរដ្ឋបារាំង​ជាមធ្យម​ ៣៤០​នាក់​ ក្នុង​មួយ​ថ្ងៃៗ នៅឆ្នាំ​២០២១នេះ។ វីរុស​​នៅតែ​​បន្ត​ចម្លងរីករាលដាល តែ​ក្នុង​ល្បឿន​យឺតៗជាង​មុន​បន្តិច តាំង​ពីមុន​ពេល​ប្រកាស​បិទ​សាលា​រៀន​មួយ​សប្តាហ៍។ ប៉ុន្តែ​មន្ទីរ​ពេទ្យ​នៅ​ចាល់​ខ្លាំង​ មិនទាន់​ធូរ​ស្បើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI