តួកគី-អ៊ុយក្រែន

ប្រធានាធិបតីតួកគីអំពាវនាវឲ្យស្វែងរកដំណោះស្រាយផ្លូវទូតសម្រាប់ជម្លោះនៅអ៊ុយក្រែន

ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន (រូបស្តាំ) និង​សមភាគី​អ៊ុយក្រែនលោក Volodymyr Zelensky ថ្ងៃទី១០ មេសា ឆ្នាំ ២០២១ ក្នុង​ប្រទេស​តួកគី។
ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន (រូបស្តាំ) និង​សមភាគី​អ៊ុយក្រែនលោក Volodymyr Zelensky ថ្ងៃទី១០ មេសា ឆ្នាំ ២០២១ ក្នុង​ប្រទេស​តួកគី។ via REUTERS - MURAT CETINMUHURDAR/PPO

ប្រធានាធិបតី​នៃ​ប្រទេស​អ៊ុយក្រែន​លោក​វ៉ូឡូឌីមៀរ ហ្សេឡិនស្គី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​តួកគី​នា​ថ្ងៃ​សោរ៍ ទី១០ មេសា។ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន មាន​ប្រធានរឿង​មួយ​ចំនួន​ត្រូវ​បាន​ភាគី​ទាំង​ពីរ​លើក​ទៅ​ជជែក ពិសេស​ស្ថានការណ៍​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​ដែល​កំពុង​បន្ត​តានតឹង។ អ៊ុយក្រែន​បាន​ចោទ​រុស្ស៊ី​ពី​បទ​បាន​ពង្រាយ​កម្លាំងទ័ព​នៅ​តាម​ព្រំដែន​របស់​ខ្លួន​នៅ​ប៉ែក​ខាង​កើត​នោះ។ តែ​អ្វី​ជា​ការ​កត់​សម្គាល់ វត្តមាន​ប្រធានាធិបតី​អ៊ុយក្រែន​ក្នុង​ទឹកដី​តួកគី​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​លោក​អ៊ែរដូហ្កាន​បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​អ៊ុយក្រែន និង​រុស្ស៊ី តួកគី​បាន​ដើរ​តួនាទី​ដោយ​មាន​ការ​ថ្លឹង​ថ្លែង​ស្មើភាព។ នៅ​ម្ខាង ក្រុង​អង់ការ៉ា​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ក្រុង​គៀវ ពិសេស​បាន​លក់​ឲ្យ​អ៊ុយក្រែន​នូវ​ដ្រូនប្រយុទ្ធ​ដែល​អ៊ុយក្រែន​អាច​ប្រើ​នៅ​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី។ ចំណែក​នៅ​ម្ខាង​ទៀត ប្រធានាធិបតី​តួកគី​លោក​អ៊ែរដូហ្កាន​បាន​រក្សា​ទំនាក់ទំនង​ជិតស្និត​ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន។ ជាក់ស្តែង តួកគី​ដែល​ជា​ប្រទេស​សមាជិក​របស់​អង្គការ​អូតង់​បាន​ទិញ​ប្រព័ន្ធ​ការពារ​ផ្លូវអាកាស​របស់​រុស្ស៊ី S-៤០០។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡិនស្គី លោក​អ៊ែរដូហ្កាន​រម្លឹក​ជា​ថ្មី​ថា តួកគី​គាំទ្រ​លើ​បូរណភាព​ទឹកដី​អ៊ុយក្រែន និង​មិន​ទទួល​ស្គាល់​លើ​ការ​ក្រសោប​យក​ទឹកដី​គ្រីមេ​ពី​រុស្ស៊ី។

តែ​លោក​អ៊ែរដូហ្កាន​ក៏​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ការ​ពង្រឹង​ទំនាក់ទំនង​រវាង​តួកគី និង​អ៊ុយក្រែន​មិន​មែន​សំដៅ​ប្រឆាំង​ប្រទេស​ណា​មួយ​ទេ។ ទោះ​បី​លោក​អ៊ែដូហ្កាន​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​គេ​ដឹង​ថា លោក​ចង់​សំដៅ​លើ​រុស្ស៊ី។ ប្រធានាធិបតី​តួកគី​យល់​ថា ជម្លោះ​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​ត្រូវ​តែ​ដោះស្រាយ​តាម​ការ​ទូត​ដោយ​មាន​ការ​គោរព​បូរណភាព​ទឹកដី​អ៊ុយក្រែន និង​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ។ « យើង​ចង់​ឲ្យ​ការ​ប្រឈម​មុខ​គ្នា​គួរ​ឲ្យ​ព្រួយបារម្ភ​នា​រយៈពេល​ចុង​ក្រោយ​បញ្ចប់​ឲ្យ​បាន​ឆាប់​រហ័ស​ដែល​អាច​ធ្វើ​ទៅ​បាន និង​ការ​បន្ត​អនុវត្ត​លើ​បទឈប់បាញ់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​អ៊ែរដូហ្កាន។

ជា​ការ​ឆ្លើយ​តប​វិញ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡិនស្គី​បាន​ចាត់​ទុក​ការ​លើកឡើង​របស់​លោក​អ៊ែរដូហ្កាន​ជា​ជំហរ​គាំទ្រ​ចំពោះ​អ៊ុយក្រែន។ លោក​ហ្សេឡិនស្គី​បាន​បន្ថែម​ថា លោក និង​លោក​អ៊ែរដូហ្កាន​ក៏​បាន​ជជែក​គ្នា​ពី​យុទ្ធសាស្រ្ត​រួម​ដើម្បី​សន្តិសុខ និង​ការ​ប្រឆាំង​លើ​គ្រប់​ការ​គំរាមកំហែង​នៅ​ក្នុង​សមុទ្រខ្មៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI