អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​ស្វែងរក​ជំនួយ​ពីអូតង់ និង​អឺរ៉ុប ខណៈរុស្ស៊ី​​ចល័តទ័ព​នៅតាម​ព្រំដែន​កាន់តែ​ខ្លាំង

ក្រុមទាហានបម្រុង របស់កងទ័ពអ៊ុយក្រែន កំពុងហ្វឹកហាត់ ត្រៀមចេញទៅការពារព្រំដែន នៅភាគខាងកើត។ ថ្ងៃទី ១០ មេសា ២០២១
ក្រុមទាហានបម្រុង របស់កងទ័ពអ៊ុយក្រែន កំពុងហ្វឹកហាត់ ត្រៀមចេញទៅការពារព្រំដែន នៅភាគខាងកើត។ ថ្ងៃទី ១០ មេសា ២០២១ REUTERS - VALENTYN OGIRENKO

ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ី មានកាន់តែខ្លាំង ដោយអ៊ុយក្រែនអះអាងថា រុស្ស៊ីបានចល័តបញ្ជូនបន្ថែមទ័ពជាច្រើនម៉ឺននាក់ នៅតាមព្រំដែនភាគខាងកើតអ៊ុយក្រែន និងនៅតំបន់គ្រីម៉េ។ លោក​ប្រធានធិបតីអ៊ុយក្រែន បានព្យាយាមទាក់ទង សុំនិយាយជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី តែគ្មានចម្លើយ​តបមកវិញទេ។ នៅថ្ងៃអង្គារនេះ ភាគីអ៊ុយក្រែន នឹង​ចូលទៅជួប​ថ្នាក់ដឹកនាំអង្គការអូតង់ ដើម្បី​ជជែកពីយុទ្ធសាស្ត្រការពារខ្លួន ចំពោះ​ការឈ្លានពានណាមួយ​ពីសំណាក់រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ មានទាហានអ៊ុយក្រែនស្លាប់ ចំនួន​២នាក់ នៅចុងសប្តាហ៍កន្លងទៅនេះ ដោយការផ្ទុះអាវុធ រវាងកងទ័ពអ៊ុយក្រែន និងក្រុមឧទ្ទាមផ្តាច់ទឹកដីនិយមរុស្ស៊ី នៅតំបន់ដុងបាស ភាគខាងកើតអ៊ុយក្រែន។

អ្នកនាំពាក្យ​រដ្ឋាភិបាលអ៊ុយក្រែន បានអះអាងថា រុស្ស៊ីបានចល័តទ័ពចំនួន ប្រមាណ​៤ម៉ឺននាក់ នៅតាមបណ្តោយ​ព្រំដែន​ ជាប់អ៊ុយក្រែន។ ចំណែកនៅតំបន់គ្រីម៉េវិញ រុស្ស៊ីបានបញ្ជូនកម្លាំងមកបន្ថែម ចំនួន​៩ពាន់នាក់ទៀត ធ្វើ​ឲ្យ​កម្លាំងទាហានរុស្ស៊ី នៅគ្រីមេមានចំនួនសរុបប្រមាណ​៤ម៉ឺននាក់។ អ៊ុយក្រែន បានលើកឡើងអំពីផែនការត្រៀមធ្វើអ្វីម្យ៉ាងរបស់រុស្ស៊ី មកលើតំបន់ភាគខាងកើតរបស់ខ្លួន។

កាលពីថ្ងៃទី២៦មីនា លោក Volodimir Zelenski ប្រធានាធិបតី​អ៊ុយក្រែន បានព្យាយាមទាក់ទង ចង់ជួបនិយាយគ្នាដោយ​ផ្ទាល់ ជាមួយ​លោក​ពូទីន ប្រធានាធិបតីរុស្ស៊ី។ ក៏ប៉ុន្តែ រហូតដល់ថ្ងៃចន្ទ ទី១២មេសា អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ុយក្រែន បានប្រាប់បណ្តាញព័ត៌មានថា ភាគីរុស្ស៊ី មិនបានឆ្លើយតបនឹងសំណើរនេះទេ។​

គួររំលឹកថា កាលពីថ្ងៃសុក្រ លោក​ពូទីន បាន​ទំលាក់កំហុសទៅភាគីអ៊ុយក្រែន ថាជាអ្នកបង្ករឿងនៅតំបន់ដុនបាស។ លោកអះអាងទៀតថា រុស្ស៊ីមានសិទ្ធិចល័តទ័ពចំនួន​ប៉ុន្មាន ជាសិទ្ធិរបស់រុស្ស៊ី ព្រោះវាស្ថិតនៅក្នុងទឹកដីរបស់រុស្ស៊ី។ ដោយឡែក អ្នកនាំពាក្យ​វិមានក្រឹមឡាំង បានអះអាងនៅថ្ងៃចន្ទទិ​១២មេសា ថាលោកមិនដែល​បានទទួលដំណឹង អំពីសំណើរ​ចង់ជួប​ចរចា របស់​លោក​ប្រធានាធិបតី​អ៊ុយក្រែនទេ។

គួរកត់សំគាល់ថា ដោយ​មានការបារម្ភ ភាគីអ៊ុយក្រែន កំពុងស្វះស្វែងរកជំនួយ។ នៅក្នុងសប្តាហ៍នេះ លោកប្រធានាធិបតីអ៊ុយក្រែន នឹងមកជួប​លោក​ម៉ាក្រុង​ដល់ទីក្រុងប៉ារីស ដែលតាម​ការស្មាន គឺអ៊ុយក្រែននឹងព្យាយាមរកការគាំទ្រ ពីសំណាក់ បារាំង និងអាល្លឺម៉ង់ ដែលជាកម្លាំងចលករនៅក្នុងសហភាពអឺរ៉ុប។​

តាមការគ្រោងទុក នៅថ្ងៃអង្គារទី​១៣មេសា លោក Jens Stoltenberg​ អគ្គលេខាធិការអង្គការអូតង់ និងជួប​លោក​ លោក Dmytro Kuleba រដ្ឋមន្ត្រី​ការបរទេសអ៊ុយក្រែន បន្ទាប់មកទៀតនឹងមានកិច្ចប្រជុំ​ គណកម្មការសន្តិុសុខអ៊ុយក្រែន-អូតង់។ យ៉ាងណាមិញ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងមានវត្តមាន​ក្នុងកិច្ចប្រជុំនេះដែរ។ លោក Antony Blinken ធ្លាប់បានគំរាមថា បើរុស្ស៊ី​ហ៊ានឈ្លានពានអ៊ុយក្រែន នោះរុស្ស៊ីនឹងរងផលវិបាក​ពីសំណាក់អាមេរិក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI