អាល្លឺម៉ង់-អាមេរិក

អាមេរិកបើកទំព័រសករាជថ្មីនៅក្នុងទំនាក់ទំនងជាមួយអាល្លឺម៉ង់ដោយពង្រាយកម្លាំងទ័ពបន្ថែម

សន្និសីតកាសែត​រវាង​រដ្ឋមន្រ្តីការពារជាតិ​អាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer និង​រដ្ឋមន្រ្តីការពារជាតិអាមេរិក​លោក Lloyd Austin ថ្ងៃទី១៣ មេសា ឆ្នាំ ២០២១ ក្នុង​ប្រទេស​អាល្លឺម៉ង់។
សន្និសីតកាសែត​រវាង​រដ្ឋមន្រ្តីការពារជាតិ​អាល្លឺម៉ង់លោកស្រី Annegret Kramp-Karrenbauer និង​រដ្ឋមន្រ្តីការពារជាតិអាមេរិក​លោក Lloyd Austin ថ្ងៃទី១៣ មេសា ឆ្នាំ ២០២១ ក្នុង​ប្រទេស​អាល្លឺម៉ង់។ AP - Kay Nietfeld

រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​នា​ថ្ងៃ​អង្គារ ទី១៣ មេសា។ នៅ​ក្នុង​ជំនួប​ជាមួយ​សមភាគី​អាល្លឺម៉ង់​លោកស្រី​អានណេគ្រីទ ខាំ ខារ៉េនបាវ័រ លោក​ឡយដ៍ អូស្ទីន​បាន​ប្រកាស​ពី​ការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​បញ្ជូន​កងទ័ពអាមេរិក​បន្ថែម​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។ ទន្ទឹម​គ្នា​នេះ លោក​អូស្ទីន​បាន​បញ្ជាក់​ប្រាប់​លោកស្រី​ខារ៉េនបាវ័រ​ថា អាមេរិក​នៅ​តែ​ប្រឆាំង​នឹង​គម្រោង​សាងសង់​បំពង់បង្ហូរ​ប្រេង​ Nord Stream ២ ដែល​អាល្លឺម៉ង់​មាន​ជា​មួយ​រុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

« ថ្ងៃ​នេះ ខ្ញុំ​រីករាយ​ប្រកាស​ថា យើង​នឹង​បង្កើន​វត្តមាន​កម្លាំងទ័ព​អាមេរិក​បន្ថែម​នៅ​អាល្លឺម៉ង់ » នេះ​ជា​ការ​ប្រកាស​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​នៅ​ក្បែរ​សមភាគី​អាល្លឺម៉ង់​លោកស្រី​អានណេគ្រីទ ខាំ ខារ៉េនបាវ័រ។ តាម​លោក​អូស្ទីន ចំនួន​ទ័ពអាមេរិក​បន្ថែម​មាន​ប្រមាណ​ជា ៥០០នាក់។ ការ​ប្រកាស​ដូច​នេះ​របស់​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​បាន​បិទបញ្ចប់​ទាំង​ស្រុង​នូវ​ទំនាក់ទំនង​រកាំរកូស និង​អាប់អួរ​ដែល​អាល្លឺម៉ង់​មាន​ជាមួយ​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ។ លោក​ត្រាំ​ដែល​បាន​រក​រឿង និង​ស្តីបន្ទោស​អាល្លឺម៉ង់​ពី​បទ​បាន​បង់​វិភាគទាន​តិចតួច​ឲ្យ​អង្គការ​ណាតូ និង​បាន​ចំណាយ​លុយ​តិចតួច​សម្រាប់​វិស័យ​ការពារជាតិ​របស់​ខ្លួន។

« ជា​ដំណឹង​ប្រសើរ​មួយ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​មិន​ត្រឹម​តែ​បោះបង់​ចោល​វិញ​នូវ​គម្រោង​ដក​ទ័ព​អាមេរិក​ចេញ​ពី​អាល្លឺម៉ង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បញ្ជូន​ទ័ព​បន្ថែម​ទៀត​ផង » នេះ​ជា​ការ​ឆ្លើយ​តប​របស់​រដ្ឋមន្រ្តី​ការពារជាតិ​អាល្លឺម៉ង់​លោកស្រី​ខារ៉េនបាវ័រ។ គួរ​រម្លឹក​ថា អាមេរិក​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​លើ​ទឹកដី​អាល្លឺម៉ង់​តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២ ហើយ​សព្វថ្ងៃ វត្តមាន​ទាហាន​អាមេរិក​នៅ​អាល្លឺម៉ង់​នេះ​ជា​សរសរគ្រឹះនៃ​វិស័យ​ការពារជាតិ​របស់​អង្គការ​ណាតូ​ដែល​អាល្លឺម៉ង់ និង​អាមេរិក​ជា​ប្រទេស​សមាជិក​ដូច​គ្នា។ តែ​តាំង​ពី​ក្រោយ​សង្រ្គាមត្រជាក់ វត្តមាន​ចំនួន​ទ័ពអាមេរិក​នៅ​អាល្លឺម៉ង់​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ពី​ប្រមាណ ២០០ ០០០នាក់​ក្នុង​ឆ្នាំ ១៩៩០ មក​នៅ​ត្រឹម ៣៤ ៥០០នាក់​នា​ពេល​បច្ចុប្បន្ន។

បន្ទាប់​មក​ក្នុង​ខែ​កក្កដា ឆ្នាំ ២០២០ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​សម្រេច​ដក​ទ័ពអាមេរិក​ចេញ​ពី​អាល្លឺម៉ង់​ចំនួន ១២ ០០០នាក់។ ទីបំផុត លោក​បៃដិន​មិន​ត្រឹម​តែ​លុប​ចោល​ការ​ដក​នេះ​វិញ​ទេ តែ​បាន​បញ្ជូន​បន្ថែម​ប្រមាណ​ជា ៥០០នាក់​ទៀត​ផង។ ប្រមុខ​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​បាន​សន្យា​ថា អាល្លឺម៉ង់​បន្ត​ជា​ដៃគូ​សន្តិសុខ និង​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​អាមេរិក​នា​ពេល​អានាគត។ តែ​ទន្ទឹម​គ្នា​នេះ លោក​អូស្ទីន​មិន​ភ្លេច​និយាយ​ពី​គម្រោង​កិច្ចព្រមព្រៀង​សាងសង់​បំពង់​បង្ហូរ​ប្រេង Nord Stream ២ រវាង​អាល្លឺម៉ង់ និង​រុស្ស៊ី​ទេ។ ម្រោង​មួយ​នេះ​ត្រូវ​បាន​លោក​ត្រាំ​ប្រឆាំង ហើយ​លោក​អូស្ទីន​ក៏​បាន​បញ្ជាក់​ពី​ការ​ប្រឆាំង​ដដែល។ តែ​លោក​អូស្ទីន​បាន​សន្យា​ថា បញ្ហា​មួយ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដ៏​អស្ចារ្យ​រវាង​អាមេរិក និង​អាល្លឺម៉ង់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI