​កូវីដ​បំប្លែង​ខ្លួនថ្មី​នៅប្រេស៊ីល៖ បារាំងប្រកាស​​បិទ​ជើង​ហោះហើរ​ជាមួយ​ប្រេស៊ីល

នាយករដ្ឋមន្ត្រីបារាំង Jean Castex បានព្រលយពាក្យនៅរដ្ឋសភា ថាត្រូវព្យួរការហោះហើរជាមួយប្រទេសប្រេស៊ីល។
នាយករដ្ឋមន្ត្រីបារាំង Jean Castex បានព្រលយពាក្យនៅរដ្ឋសភា ថាត្រូវព្យួរការហោះហើរជាមួយប្រទេសប្រេស៊ីល។ REUTERS - BENOIT TESSIER

ថ្ងៃ​ពុធ​ ទី​១៤មេសា រដ្ឋាភិបាល​បារាំង​ប្រកាស​បិទ​ជើង​ហោះហើរ​ របស់​យន្ត​ហោះ​ទាំងអស់​ រវាង​ប្រទេស​បារាំង​និង​ប្រេស៊ីល​​។ ​វិធាន​ការ​ជាបន្ទាន់​នេះ គឺ​ដោយសារ​តែបារាំង​ព្រួយ​បារម្ភ​​ពីការ​ចម្លង​មេរោគ​កូវីដ​បំប្លែង​ខ្លួនទម្រង់​ថ្មី ​ ដែល​មាន​ប្រភព​នៅ​ប្រទេស​​ប្រេស៊ីល​។​ តាម​ការ​សង្កេត​សន្ឋិដ្ឋាន​របស់​អ្នកជំនាញ  កូវដី​​​បំប្លែង​ខ្លួន​ថ្មីចេញពី​ប្រេស៊ីល​នេះ  អាច​ឆ្លង​រហ័ស​ និងធ្ងន់ធ្ងរ ជាង​កូវីដ​១៩​ទម្រង់​ដើម​។

ផ្សាយពាណិជ្ជកម្ម

ការ​បិទមធ្យោបាយ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស ជាមួយ​ប្រេស៊ីល គឺ​ ដើម្បី​តាម​ដាន​ពិនិត្យ​ស្ថានការណ៍​នៃ​មេរោគកូវីដ​១៩​​បំប្លែងថ្មី ដែល​បារាំង​យល់ឃើញថា វាឆ្លង​កាន់តែ​កាចសាហាវ និងកាន់​តែ​ឆ្លង​ឆាប់រហ័ស។ ​លើកលែង​ចំពោះការ​ដឹកជញ្ជូន​ទំនិញ,​ ការបិទ​ផ្លូវហោះហើរនេះ គឺបិទតែ​ចំពោះអ្នក​​ធ្វើដំណើរ ​ដែល​នឹង​ត្រូវ​ហាម​ចេញចូល​ ​ចាប់ពីពេលនេះ រហូត​ដល់​អធ្រាត្រ​ ថ្ងៃទី​១៩មេសា។ តែនាយករដ្ឋមន្ត្រីបារាំង Jean Castex បាន​ព្រលយពាក្យ​នៅ​រដ្ឋសភា​​ពីថ្ងៃអង្គារ ថា​​ទំនង​ជា​ត្រូវ​ព្យួរ​ការ​ហោះហើរ​ជាមួយ​ប្រទេស​ប្រេស៊ីល រហូត​ទាល់តែមាន​សេចក្តីសម្រេច​ជាថ្មី។​

ទន្ទឹម​នឹង​គ្នា​នេះដែរ រដ្ឋលេខាធិការទទួល​បន្ទុកកិច្ចការ​បរទេស លោក Clément Beaune បាន​ប្រាប់​ទូរទស្សន៍​បារាំង លេខ​២ នៅថ្ងៃ​ពុធនេះ ថា​អាជ្ញាធរ​បារាំង​កំពុងតែពិចារណា​ពី​មធ្យោបាយ​​ជម្លៀស​ប្រជាជន​បារាំង​ចេញពីប្រទេស​ប្រេស៊ីល ហើយ​នឹ​ងត្រូវយក​ពួក​គេ​មកឃុំខ្លួន​ធ្វើ​ចត្តាឡីស័ក​ឲ្យ​បាន​តឹងតែង​ពេល​ដែល​មក​ដល់​​ទឹកដីបារាំង។​

មូលហេតុ​​ដែល​រដ្ឋបារាំង​ចាត់វិធាន​បន្ទាន់​ទាំងនេះ ពីព្រោះតែ​ខ្លាច​មេរោគកូវីដ​១៩​ទម្រង់​​បំប្លែង​ខ្លួន​ថ្មីនៅប្រេស៊ីល។ កូវីដ​​​បំប្លែងខ្លួនថ្មី​​ ដែលអ្នក​ជំនាញ​ឃើញថា «​ឆ្លងកាន់តែខ្លាំង កាន់តែរហ័ស និងរឹតតែធ្ងន់ធ្ងរ» ជាង​កូវីដ​១៩​ទម្រង់​ដើម​។ ​គេ​សម្គាល់​ឃើញ​មាន កូវីដ​បំប្លែង​ខ្លួន​ទម្រង់​ថ្មី​ ​បាន​លេច​រូប​រៀង​ឡើង​ នៅរវាង​​​ខែធ្នូ​ ២០២០​ ចេញពី​ម្តុំ​​តំបន់​ព្រៃ​អាមាស្សូន​ ប៉ែកនីរតីប្រទេស​ប្រេស៊ីល។ គិត​មកទល់​ពេល​នេះ​​ មេរោគកូវីដ​​បំប្លែង​ខ្លួនពី​ប្រេស៊ីល​ មាន​ករីណ​ឆ្លង​តិចតួចនៅឡើយទេ​​ នៅស្រុក​បារាំង តែ​បារាំង​មិន​អាច​បណ្តោយ​បាននោះឡើយ ដោយសារ​ស្ថានការណ៍​ឆ្លង​ទូទៅ មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​​។ ​​កូវីដនៅបារាំង បាន​សម្លាប់​​មនុស្ស​​ ជិត​១០ម៉ឺននាក់​ ហើយអ្នកជំងឺ​កូវីដ១៩​ មាន​ជាង ៦ ពាន់​នាក់ កំពុង​ឋិតក្នុង​ដំណាក់កាល​សង្គ្រោះបន្ទាន់ ទូទាំង​ប្រទេស​បារាំង​។​

ដើម្បី​បង្អាក់​ការ​ឆ្លងរីករាលដាល​​ រដ្ឋាភិបា​ល​បារាំង បាន​សម្រេច​​បិទប្រទេសរហូតដល់​ដើមខែឧសភា ដោយការធ្វើ​ដំណើរ​​ឆ្លងកាត់​ចេញ​ចូល ​ពីខេត្តទៅខេត្ត​មួយ​ ត្រូវ​ហាម​ឃាត​។ ពេលថ្ងៃ​ ប្រជាជន​​ដើរបាន​ត្រឹមតែ​​រង្វង់​១០គីឡូម៉ែ​ត្រប៉ុណ្ណោះ​ ដោយ​មាន​លិខិត​បញ្ជាក់ ហើយ​ពេល​យប់​ ការធ្វើ​ដំណើរត្រូវហាម​ឃាត់ ដោយ​បំរាម​គោចរ​ ពីម៉ោង​៧យប់​ដល់​៦ព្រឹក​ រៀរលែងតែករណីពិសេសចាំបាច់។

រីឯ យុទ្ធនាការចាក់​វ៉ាក់​សាំងប្រឆាំង​កូវីដ​ ចំពោះ​វ៉ាក់សាំង​ដែល​មានការ​ទទួល​ស្គាល់​នៅអឺរ៉ុប គឺបារាំង​បាន​ចាក់​ឲ្យ​ប្រជាជន សរុប​​ទាំង​អ្នក​ទទួលវ៉ាក់សាំងលើកទី១និងទី២​​ គឺ ចំនួន​ជិត​១៥លាននាក់​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI