ម៉ូស្គូ ចាត់វិធានការតបនឹងការគំរាម​របស់​អង្គការអូតង់

Général Sergueï Choïgou, nouveau ministre russe de  la Défense.
Général Sergueï Choïgou, nouveau ministre russe de la Défense. DR

រុស្ស៊ី  ប្រកាសធ្វើលំហាត់សឹក ​នៅក្បែរព្រំដែនអ៊ុយក្រែន។ ជាប្រតិកម្ម ទល់នឹង សកម្មភាពបក្សសម្ព័ន្ធអូតង់ដែល គំរាមមកលើរុស្ស៊ី។ ប្រកាសនេះ នៅថ្ងៃ​អង្គារ ទី​១៣មេសា គឺនៅចំពេល ដែលក្រុងគៀវ ចោទម៉ូស្គូថា កំពុងប្រមូលផ្តុំទ័ព នៅជិតដែនដីអ៊ុយក្រែន។

ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល៣សប្តាហ៍ យោធាចំនួន ២ កងទ័ព និង ទ័ពឆ័ត្រយោង ចំនួន ៣ កងពល ត្រូវ​បញ្ជូនយ៉ាងជោគជ័យ ទៅកាន់ព្រំដែនខាងលិចប្រទេសរុស្ស៊ី សម្រាប់ធ្វើ លំហាត់សឹក។ ជាប្រតិកម្មទល់នឹង សកម្មភាពយោធាដែលគំរាម ពីខាងបក្សសម្ព័ន្ធអូតង់ ដែល​រុស្ស៊ី​បានចាត់វិធានការ សមស្រប។  សេចក្តីនេះថ្លែង ដោយ​រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Serguei Choigou ក្នុងសន្និសីទកាសែតនៅក្រុងផែ Severomorsk ជាមូលដ្ឋាន សំខាន់បំផុត នៃកងនាវារុស្ស៊ីប្រចាំតំបន់ឧត្តររុស្ស៊ី។

លោករដ្ឋមន្ត្រី មិនបានលំអិតទេ ទាំងពីកន្លែងឈរជើង ទាំងពីចំនួន កងទ័ពទាំងនោះ ប៉ុន្តែ បានប្រមាណថា យោធាទាំងនោះ បានបង្ហាញពី « ភាពត្រៀមខ្លួន និង សមត្ថភាពធានា សន្តិសុខយោធា របស់ប្រទេស »។

តបនឹងសំណួរ AFP អ្នកជំនាញយោធារុស្ស៊ីពីរនាក់ គឺ លោក Vassili Kachine និងលោក Alexandre Goltz បានប៉ាន់ស្មានថា ចំនួនទ័ពដែលមានបញ្ជូនទៅនោះ  គឺមិនតិចជាង ១០ ម៉ឺន នាក់ ឡើយ។

កម្លាំងទាំងនេះ គឺ ស្មើនឹង ១ភាគ៣ នៃ ទ័ពជើងគោករុស្ស៊ី ហើយជាចលនាបន្លាស់ទីទ្រង់ទ្រាយធំសម្បើម។​ លោក Goltz ​បញ្ជាក់ថា វាគ្រាន់តែជា ការផ្លាស់ទីកន្លែងនៃទ័ពនេះ មួយភាគប៉ុណ្ណោះ។ គាត់បន្ថែមថា ប្រាកដណាស់ដែល ទីបញ្ជាការយោធា ចង់បំប៉នលំហាត់នោះ ឲ្យ បានមែនទែន ដើម្បីបំភ័យជាអតិបរិមា។

ចំណែក​ លោក Vassili Kachine យល់ថា ស្ថានការណ៍បែបនេះ គឺធម្មតាសោះ ក្នុងផ្ទៃនៃ ភាពជាសត្រូវបើកមុខទល់នឹងបស្ចិមលោក។ ម៉ូស្គូ ធំក្លិន « គ្រោះថ្នាក់មែនពិត » នៃការវាយប្រហារកងទ័ពអ៊ុយក្រែន នៅតំបន់ ដុនបាស់ ប៉ែកខាងកើតអ៊ុយក្រែន ជាទីដែលក្រុងគៀវច្បាំងទល់នឹងពួកផ្តាច់ទឹកដីរុស្ស៊ីនិយម។

សេចក្តីថ្លែងការណ៍ទាំងនេះ បន្លឺឡើង ក្រោយពីអូតង់ នៅថ្ងៃអង្គារ បានបញ្ជូនសារប្តូរប្តេជ្ញមកកាន់ក្រុងម៉ូស្គូ ដើម្បីសាកល្បង បញ្ចៀសឲ្យផុតពីសង្គ្រាមថ្មីនៅអ៊ុយក្រែន។

ការប្រកាសរបស់ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក​ លោក Lloyd Austin ស្តីអំពី ការបញ្ជូន យោធាអាមេរិក​ ៥០០ នាក់ថែមទៀតទៅអាល្លឺម៉ង់ បានញ៉ាំង សមភាគីរុស្ស៊ី លោក Serguei Choigou ឲ្យ បរិហារ « ការ លាតជាថ្មី ទ័ពពីខាងអាមេរិកខាងជើង មកទ្វីបអឺរ៉ុប »។ លោក Choigou បន្ថែមថា ការលាត ទ័ពនៅអឺរ៉ុប មកជិត ព្រំដែនរុស្ស៊ី កំពុងប្រព្រឹត្តទៅ។ ទ័ពអូតង់ ផ្តុំភាគច្រើន គឺនៅតំបន់ សមុទ្រខ្មៅ និង សមុទ្រ បាល់ទិក។ តាមសម្តី​ លោក Choigou នៅក្បែរព្រំដែនរុស្ស៊ី អូតង់ផ្តុំសរុបទៅ គឺ យោធា ៤០ ០០០ នាក់  ហើយ​​សព្វាវុធ យានយន្ដចម្បាំង ១៥ ០០០ គ្រឿង ក្នុងនោះមានទាំង ក្រុមយន្ដហោះយុទ្ធសាស្ត្រផង ។

អ៊ុយក្រែនដែលខ្លាចក្រេមឡាំង ស្វែងរកលេស ដើម្បី វាយប្រហារលើខ្លួន ចោទរុស្ស៊ីថា ផ្តុំទាហានដល់ជាង ៨០ ០០០ នាក់ នៅក្បែរព្រំដែនខាងកើតរបស់ខ្លួន និងនៅទៀបកោះគ្រីមេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI