ចិន-អឺរ៉ុប-អាកាសធាតុ

មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ជួបគ្នាតាមអនឡាញដើម្បីនិយាយពីរឿងអាកាសធាតុ

មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ជួបគ្នាតាមអនឡាញដើម្បីនិយាយពីរឿងអាកាសធាតុ
មេដឹកនាំចិន បារាំង និងអាល្លឺម៉ង់ជួបគ្នាតាមអនឡាញដើម្បីនិយាយពីរឿងអាកាសធាតុ AP - Sebastien Nogier

ប្រេសិត​អាមេរិក​ទទួល​បន្ទុក​សំណុំរឿង​អាកាសធាតុ​លោក​ចន ឃែរី​កំពុង​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ មេសា លោក​ឃែរី​បាន​ជួប​សន្ទនា​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ចិន​នៅ​ក្នុង​ទីក្រុង​សៀងហៃ។ វត្តមាន​របស់​លោក​ឃែរី​ក្នុង​ទឹកដី​ចិន​ពេល​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​ត្រៀម​រៀបចំ​ជំនួបកំពូល​អនឡាញ​ស្តីពី​អាកាសធាតុ​រយៈពេល​ថ្ងៃ គឺ​ថ្ងៃទី២២ និង ២៣ មេសា​ខាង​មុខ។ តែ​ចិន​មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នោះ​ឬ​អត់​ទេ។ ដោយឡែក​ក្នុង​ថ្ងៃ​សុក្រ ទី១៦ មេសា ចិន​ចូលរួម​ជំនួបកំពូល​តាម​អនឡាញ​ជាមួយ​បារាំង និង​អាល្លឺម៉ង់​ដើម្បី​និយាយ​ពី​អាកាសធាតុដូចគ្នា។

ផ្សាយពាណិជ្ជកម្ម

គឺ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ដែល​សមភាគី​ចិន​លោក​ស៊ី ជីនពីង​យល់ព្រម​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​ត្រីភាគី​តាម​អនឡាញ​រវាង​បារាំង អាល្លឺម៉ង់ និង​ចិន​ដើម្បី​និយាយ​ពី​បញ្ហា​អាកាសធាតុ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ចិន​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ មេសា។ អ្វី​ជា​ការ​កត់សម្គាល់ ជំនួបកំពូល​ត្រីភាគី​តាម​អនឡាញ​រវាង​បារាំង អាល្លឺម៉ង់ និង​ចិន​ដែល​មិន​បាន​ព្រាង​ទុក​មួយ​នេះ​ធ្វើ​ឡើង ខណៈ​ដែល​ប្រេសិត​អាមេរិក​ទទួល​បន្ទុក​សំណុំរឿង​អាកាសធាតុ​លោក​ចន ឃែរី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។

កម្មវត្ថុ​របស់​លោក​ឃែរី គឺ​ដើម្បី​រៀបចំ​ជំនួបកំពូល​តាម​អនឡាញ​ស្តីពី​អាកាសធាតុ​ពី​ថ្ងៃទី២២ ដល់​ថ្ងៃទី២៣ មេសា​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន។ តែ​មក​ដល់​ពេល​នេះ ចិន​នៅ​មិន​ទាន់​បាន​ផ្តល់​ចម្លើយ​ពី​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នោះ ឬ​អត់​ទេ។ គួរ​រម្លឹក​ថា តាំង​ពី​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុង​ថ្ងៃទី២០ មករា លោក​បៃដិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​បញ្ហា​អាកាសធាតុ។ លោក​បៃដិន​បាន​នាំ​អាមេរិក​ចូល​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ឆ្នាំ ២០១៥ ឡើង​វិញ បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​កាល​ពី​ឆ្នាំ ២០១៧។

ចិន​មិន​ទាន់​ផ្តល់​ចម្លើយ​យ៉ាង​ណា​ជាមួយ​អាមេរិក​ទេ តែ​បាន​យល់ព្រម​មាន​ជំនួបកំពូល​ដាច់​ដោយឡែក​ជាមួយ​បារាំង និង​អាល្លឺម៉ង់​ដើម្បី​ជជែក​លើ​ប្រធាន​រឿង​អាកាសធាតុ​ដូច​គ្នា។ ហេតុអ្វី?។ ចម្លើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិនមែន​មក​ពី​ចិន​មិន​ខ្វល់ខ្វាយ​រឿង​អាកាសធាតុ​ទេ តែ​មក​ពី​ចិន​មិន​ចង់​ឃើញ​អាមេរិក​ដើរ​តួឯក​តែ​ម្នាក់​ឯង។ កាល​ពី​ឆ្នាំ ២០២០ លោក​ស៊ី ជីនពីង​បាន​សន្យា​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​មុន​ឆ្នាំ ២០៣០ និង​ក៏​បាន​សន្យា​សម្រេច​ឲ្យ​បាន​នូវ​អព្យាក្រឹតភាព​កាបោន​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៦០។

ក្រុម​អ្នក​បរិស្ថាន​សង្ឃឹម​ថា វត្តមាន​លោក​ឃែរី​នៅ​ចិន​ពេល​នេះ​នឹង​ជំរុញ​ឲ្យ​ចិត​កាត់​បន្ថយ​ការ​ប្រើ​ធ្យូងថ្ម​ដើម្បី​ផលិត​ថាមពល។ អង្គការ Greenpeace នៅ​ចិន​ឲ្យ​ដឹង​ថា ចិន​ជា​ប្រទេស​ប្រើ​ធ្យូងថ្ម​ច្រើន​ជាង​គេ​ក្នុង​លោក និង​បន្ត​សាងសង់​មជ្ឈមណ្ឌល​អគ្គិសនី​ប្រើ​ធ្យូងថ្ម​នៅ​ក្នុង​ស្រុក និង​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្លូវ ខ្សែក្រវ៉ាត់​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI