អ៊ុយក្រែន-រុស្ស៊ី-អឺរ៉ុប

បារាំង​ អាល្លឺម៉ង់​ និង​អ៊ុយក្រែន​អំពាវ​នាវ​ឲ្យ​រុស្ស៊ី​ដក​កង​ទ័ព​ចេញ​ពី​ព្រំ​ដែន​អ៊ុយក្រែន

លោកប្រធានាធិបតីបារាំងម៉ាក្រុងជាមួយភរិយា ទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គីនិងភរិយាក្នុងទីក្រុង​ប៉ារីសនៅថ្ងៃសុក្រ ទី១៦ មេសា ឆ្នាំ២០២១។
លោកប្រធានាធិបតីបារាំងម៉ាក្រុងជាមួយភរិយា ទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គីនិងភរិយាក្នុងទីក្រុង​ប៉ារីសនៅថ្ងៃសុក្រ ទី១៦ មេសា ឆ្នាំ២០២១។ REUTERS - BENOIT TESSIER

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​ នៅថ្ងៃ​សុក្រ ១៦ មេសា​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ប្រជុំ​កំពូល​ជាមួយ​សមភាគី​រុស្ស៊ី​លោកពូទីន ដើម្បី​បញ្ចប់​ភាព​តានតឹង​នឹងគ្នា​។ ទន្ទឹមនេះ ​មេដឹកនាំ​នៃ​ប្រទេស​បារាំង​ និងអាល្លឺម៉ង់​ក៏​បាន​ពាវនាវ​ផងដែរ​ដល់​រុស្ស៊ី​ឲ្យ​ដក​កង​ទ័ព​របស់ខ្លួន​ចេញពីតំបន់ក្បែរ​ព្រំដែន​អ៊ុយក្រែន​ ខណៈ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​កំពុង​កើនឡើង​ និង​មាន​ការ​បារម្ភ​ថា​វិមានក្រឹមឡាំង​គ្រោង​ចូល​លុកលុយ​អ៊ុយក្រែន​។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​អ៊ុយក្រែន​ប្រកាសស្វែងរក​ជំនួយ​ពីអូតង់​ និង​អឺរ៉ុប​ ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ បានរៀបចំ​កិច្ចពិភាក្សា​ជាមួយ​មេដឹកនាំ​អ៊ុយក្រែន​នៅក្នុង​ទីក្រុង​ប៉ារីស​ ដោយ​មាន​វត្តមាន​ចូលរួម​របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់​ម៊ែរគែល​ផង​តាម​រយៈ​សន្និសីទ​វីដេអូ​។ កិច្ច​ប្រជុំ​នេះ​រៀបចំឡើង​ក្នុងគោល​បំណង​បង្ហាញការ​គាំទ្រ​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ក្នុងការ​ប្រឈម​​ទល់​នឹង​ការ​ឈ្លានពានណាមួយ​ពីសំណាក់​រុស្ស៊ី​។

ភាព​តានតឹង​រវាងរុស្ស៊ី​ និង​អ៊ុយក្រែន​បានកើត​ឡើង​រយៈពេល​ ៧ ឆ្នាំកន្លងមកហើយ​។ រុស្ស៊ី​ បាន​ក្រសោប​ដណ្តើម​យក​តំបន់​គ្រីមេ​របស់​អ៊ុយក្រែន​កាលពីឆ្នាំ ២០១៤​ ហើយ​ពួក​ឧទ្ទាម​បំបែក​ទឹកដី​រុស្ស៊ី​និយម​ក៏បាន​ប្រកាស​ផ្តាច់ខ្លួន​នៅតំបន់​ភាគខាងកើត​អ៊ុយគ្រែន​រហូត​ជំរុញ​ឲ្យ​ចំណង​ទាក់ទងរវាងរុស្ស៊ី​ជាមួយ​ក្រុមប្រទេស​លោកខាងលិច​ធ្លាក់​ចុះ​ខ្លាំង​រាប់​ចាប់ពី​សម័យ​សង្គ្រាមត្រជាក់មក​។

លោកពូទីន​ និង​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ជួប​មុខ​គ្នា​ចុងក្រោយ​នៅទី​ក្រុង​ប៉ារីស​កាលពី​ខែ​ធ្នូ ឆ្នាំ ២០១៩​ នៅ​ឯកិច្ចប្រជុំ​ដែលរៀបចំ​ឡើង​ដោយ​ប្រមុខរដ្ឋបារាំង​លោក​ម៉ាក្រុង​ ហើយ​ក៏​មាន​ការចូលរួម​ដោយ​លោកស្រីម៊ែរគែលផងដែរ​។ កិច្ចប្រជុំ​កាល​ណោះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់ថា​ជួយកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ជាច្រើនខែ​។

បន្ទាប់ពី​បាន​ជួបពិភាក្សាជាមួយ​មេដឹកនាំបារាំង​ និងអាល្លឺម៉ង់​នៅថ្ងៃសុក្រ​នេះ​រួចមក ប្រធានាធិបតី​អ៊ុយក្រែន​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថា​ លោក​ចង់​ឲ្យ​មាន​ជំនួបកំពូល​ចតុភាគី​អ៊ុយក្រែន​ បារាំង អាល្លឺម៉ង់ និងរុស្ស៊ី​ ដើម្បី​ពិភាក្សា​រួមគ្នា​ អំពី​បញ្ហា​សន្តិសុខ​ នៅភាគ​ខាងកើតអ៊ុយក្រែន​ និងដកចេញវិញ​នូវ​ការ​គ្រប់គ្រង​លើទឹកដី​របស់​អ៊ុយក្រែន​។

លោកហ្សេឡេនស្គី​បាន​ប្រាប់​ថាលោកមានក្តីសង្ឃឹមថា​បទ​ឈប់បាញ់មួយ​ នឹង​អាច​ត្រូវ​បាន​ស្តារឡើងវិញ​ ក្រោម​​កិច្ចប្រជុំកំពូល​រវាងទីប្រឹក្សាជាន់ខ្ពស់​មកពី​ប្រទេសទាំង ៤ ខាងលើ​ ដែល​គ្រោង​ធ្វើនៅថ្ងៃចន្ទ​ ១៩ មេសា​ដើម​សប្តាហ៍ក្រោយ​។

គួរជ្រាបថា​ ក្រោយ​រុស្ស៊ីចល័តទ័ពយ៉ាងច្រើននៅក្បែរព្រំដែន​អ៊ុយក្រែន​ មេដឹកនាំបារាំង​ អាល្លឺម៉ង់​ និង​អ៊ុយក្រែន​បាន​សម្តែង​នូវក្តី​ព្រួយបារម្ភ​ និង​បាន​អំពាវនាវ​ដល់​រុស្ស៊ីឲ្យដក​កងទ័ព​របស់ខ្លួន​ចេញពីក្បែរព្រំដែន​អ៊ុយក្រែន​ ខណៈ​ភាព​តាន​តឹង​នៅក្នុង​តំបន់កំពុងកើន​ឡើង​។

ចំណែកពី​ខាងទីក្រុងមូស្គូវិញ​ អ្នកនាំពាក្យវិមានក្រឹមឡាំង​លោកឌីមីទ្រី ប៉េកូវ (Dmitry Peskov) បានជំរុញលោកស្រីម៊ែរគែល និងលោកម៉ាក្រុង​ឲ្យប្រាប់​ក្រុងកៀវ​បញ្ឈប់នូវ​សកម្មភាព​បង្កហេតុណាមួយ​ នៅតំបន់​មាន​ជម្លោះ ​និងបាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់ដែលរុស្ស៊ី​​ត្រូវ​តាមដានមើល​សកម្មភាព​របស់អ៊ុយក្រែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI