ចិន-អឺរ៉ុប-អាកាសធាតុ

អាកាសធាតុ៖ប្រធានាធិបតីចិនបរិហារលើគម្រោងយកពន្ធកាបោនរបស់សហភាពអឺរ៉ុប

ប្រធានាធិបតីចិនលោកស៊ី ជីនពីង
ប្រធានាធិបតីចិនលោកស៊ី ជីនពីង AFP - -

នៅ​ក្នុង​ជំនួបកំពូល​អនឡាញ​ស្តីពី​អាកាសធាតុ និង​សុខភាព​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​ក្នុង​ថ្ងៃ​សុក្រ ទី១៦ មេសា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​បាន​បរិហារ​លើ​របាំងពាណិជ្ជកម្ម​របស់​សហភាពអឺរ៉ុប​ក្រោម​ហេតុផល​ទប់ស្កាត់​នឹង​បម្រែបម្រួល​អាកាសធាតុ។ របាំងពាណិជ្ជកម្ម​ដែល​លោក​ស៊ី ជីនពីង​ចង់​និយាយ គឺ​គម្រោង​យក​ពន្ធ​កាបោន​ដែល​សហភាពអឺរ៉ុប​កំពុង​សិក្សា។ ជំនួបត្រីភាគី​បារាំង អាល្លឺម៉ង់ និង​ចិន​ស្តីពី​អាកាសធាតុ​បាន​ធ្វើ​ឡើង ខណៈ​ដែល​មាន​កិច្ចប្រជុំ​អន្តរជាតិ​ជា​ច្រើន​លើ​សំណុំរឿង​មួយ​នេះ​នឹង​រៀបចំ​នា​ពេល​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ប្រសាសន៍​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​នៅ​ក្នុង​ជំនួបកំពូល​អនឡាញ​ជាមួយ​សមភាគី​បារាំង​លោក​ម៉ាក្រុង និង​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋចិន CCTV។ « ចម្លើយ​ចំពោះ​បម្រែបម្រួល​អាកាសធាតុ​ជា​បុព្វហេតុ​រួម​របស់​មនុស្សជាតិ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ស៊ី​ទៅ​កាន់​លោក​ម៉ាក្រុង និង​លោកស្រី​មែរកិល។ តាម​លោក​ស៊ី ចម្លើយ​ចំពោះ​បម្រែបម្រួល​អាកាសធាតុ​នេះ​មិន​ត្រូវ​ក្លាយ​ជា​ឧបករណ៍​ភូមិសាស្រ្ត​នយោបាយ ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ពី​ប្រទេស​ផ្សេង ឬ​មួយ​ក៏​ជា​លេស​ដើម្បី​ពង្រឹង​របាំង​ពាណិជ្ជកម្ម​ទេ។

នៅ​ក្នុង​របាំង​ពាណិជ្ជកម្ម​នេះ លោកស៊ី​ចង់​សំដៅ​លើ​គម្រោង​យក​ពន្ធ​កាបោន​របស់​សហភាពអឺរ៉ុប។ គួរ​រម្លឹក​ថា​ក្នុង​ខែ​មីនា​កន្លង​ទៅ ក្រុម​សមាជិកសភា​អឺរ៉ុប​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​យក​ពន្ធ​កាបោន​លើ​ផលិតផល​នាំ​ចូល​មួយ​ចំនួន​ពី​ប្រទេស​ក្រៅ​អឺរ៉ុប​ដែល​មិន​បាន​គោរព​តាម​និយាម​អាកាសធាតុ​ត្រឹមត្រូវ។ ផលិតផល​ទាំង​នោះ​មាន​ដូច​ជា​ផលិតផល​អគ្គិសនី ស៊ីម៉ង់ ដែកថែប អាលុយមីញ៉ូម ឬ​ក៏​កញ្ចក់​ជា​ដើម។ ចំណែក​ពី​ពេល​នេះ​ទៅ​ខែ​មិថុនា គណៈកម្មការ​អឺរ៉ុប​នឹង​ស្នើ​ឡើង​នូវ​អត្ថបទ​ដាច់​ដោយឡែក​មួយ មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​ក្រុម​ប្រទេស​សមាជិក​សិក្សា ពិនិត្យ។ តាម​គម្រោង យន្តការ​មួយ​នេះ​នឹង​ចូល​ជា​ធរមាន​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២៣។

ទន្ទឹម​គ្នា​នេះ លោក​ស៊ី​បាន​រម្លឹក​ជា​ថ្មី​ប្រាប់​លោក​ម៉ាក្រុង និង​លោកស្រី​មែរកិល​ពី​កិច្ចសន្យា​របស់​ចិន​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នៅ​មុន​ឆ្នាំ ២០៣០ និង​ការ​សម្រេច​ឲ្យ​បាន​នូវ​អព្យាក្រឹតភាព​កាបោន​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៦០។ « ចិន​នឹង​ធ្វើ​អ្វី​ដែល​ខ្លួន​និយាយ ហើយ​អ្វី​ដែល​ចិន​នឹង​ធ្វើ​នឹង​ឈាន​ដល់​គោលដៅ » នេះ​ជា​ការ​សន្យា​របស់​លោក​ស៊ី។ ដោយឡែក និង​បើ​តាម​ការ​បញ្ជាក់​របស់​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ លោក​ម៉ាក្រុង និង​លោកស្រី​មែរកិល​ក៏​បាន​និយាយ​ជាមួយ​លោក​ស៊ី​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អឺរ៉ុប និង​ចិន រួម​ទាំង​បញ្ហា​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ និង​ស្ថានការណ៍​នៅ​ហុងកុង។ នៅ​ត្រង់​ចំណុច​នេះ បារាំង​បាន​ស្នើ​ឲ្យ​ចិន​បោះ​ជំហាន​ទៅ​មុខ​ក្នុង​រឿង​គោរព​សិទ្ធិមនុស្ស និង​ឲ្យ​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការពលកម្មអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI