អ៊ុយក្រែន-រុស្ស៊ី

កងទ័ព​អ៊ុយក្រែន​ថា​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ប្រឈម​នឹង​ការ​ឈ្លាន​ពាន​ណា​មួយ​ពី​រុស្ស៊ី

កងទ័ពជួរមុខអ៊ុយក្រែនជាច្រើន បានលើកឡើងពីការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រឈមនឹងការឈ្លានពានណាមួយពីរុស្ស៊ី។
កងទ័ពជួរមុខអ៊ុយក្រែនជាច្រើន បានលើកឡើងពីការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រឈមនឹងការឈ្លានពានណាមួយពីរុស្ស៊ី។ REUTERS - VALENTYN OGIRENKO

នៅ​សមរ​ភូមិ​ជួរមុខ​ឯភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​ ក្រុម​ទាហាន​អ៊ុយក្រែន​កំពុង​ងឿង​ឆ្ងល់​ ថាតើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​ក្រុងមូស្គូ​ និង​ការ​ស្នើ​សុំជំនួយ​ពី​អូតង់​របស់​ក្រុងកៀវ​ ​អាចនឹង​រារាំង​បុរស​ខ្លាំង​រុស្ស៊ី​លោកពូទីន​បាន​ឬក៏អត់​។ យ៉ាងណាក្តី​ ក្រុម​កងទ័ព​ជួរមុខ​អ៊ុយក្រែន​ជាច្រើន​បាន​លើកឡើងពី​ការត្រៀមខ្លួន​រួចរាល់ហើយ​ ដើម្បី​ប្រឈមនឹង​ការ​ឈ្លាន​ពានណា​មួយ​ពី​រុស្ស៊ី​។

ផ្សាយពាណិជ្ជកម្ម

ប្រឈមទៅ​នឹង​ការចល័ត​ទ័ព​រុស្ស៊ីដ៏ច្រើន​នៅតាម​ព្រំដែន​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​ បាន​ប្រកាស​ស្នើសុំ​ជំនួយ​យ៉ាងខ្លាំង​ពី​លោក​ខាងលិច​។ ក៏ប៉ុន្តែ​ កងទ័ពអ៊ុយក្រែនជាច្រើន​បាននិយាយថា​ ពួកគេមាន​តែ​ពឹងលើខ្លួន​ឯង​ទេ​ក្នុងការ​ប្រឈម​នឹងការ​បង្ហាញសាច់ដុំ​កាន់តែខ្លាំង​របស់រុស្ស៊ី​។

ទោះបីជា​ប្រមុខរដ្ឋាភិបាលរបស់ខ្លួន​ កំពុង​ខ្នះខ្នែងស្វែងរក​ជំនួយពី​អង្គការអូតង់​ និងក្រុម​ប្រទេសលោកខាងលិចខ្លាំងយ៉ាងណាក្តី​ ក៏​ទាហានអ៊ុយក្រែន​មិនសូវ​មានសង្ឈឹមខ្ពស់​ថា​ទទួលបាន​ជំនួយ​ខ្លាំងក្លា​ពី​អ្នក​ទាំងអស់​នោះឡើយ​។

ទាហាន​អ៊ុយក្រែន​ គិតថា​អ៊ុយក្រែន​មាន​តែត្រូវ​ពឹងផ្អែក​លើខ្លួនឯងទេ​ ប្រសិនបើ​មាន​ការ​ចូល​លុកលុយណាមួយ​មែននោះ​។ សម្រាប់​ទាហានអ៊ុយក្រែន​ ការ​ដាក់ទណ្ឌកម្ម​និង​ការ​ចរចា​អាចរារាំងរុស្ស៊ី​បាន​តិចតួច​ស្តួចស្តើង​ណាស់​ ពីព្រោះ​ការចរចា​ចំពោះ​លោកពូទីន​ វា​ប្រៀបបី​ដូចជា​បោះគ្រាប់​ខ្សាច់​ប្រឆាំង​ទល់​នឹង​ខ្យល់​អីចឹង​។

ដោយ​មាន​ពាក់មួកទាហាន​និង​អាវ​កាក់​ការពារគ្រាប់កាំភ្លើង​ ទាហាន​អ៊ុយក្រែន​វ័យ ៥២ ឆ្នាំ​ម្នាក់​ ឈ្មោះថារ៉ាស​ ម៉ាយឃីតស៊ី​ (Taras Mykytsey) បាន​ប្រាប់ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP ថា​ ខណៈ​ដែល​អ៊ុយក្រែនកំពុង​រង់ចាំ​ជំនួយ​ពីខាងក្រៅ​ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ​ ពូទីន​ នឹង​មិន​រង់ចាំ​អល់អែកអ្វីទេ​។

មិន​ខុសគ្នានេះដែរ​ លោកយូរី​ ដែល​ជា​សេនាធិការ​ជាន់​ខ្ពស់​អ៊ុយក្រែន​ម្នាក់មិនរំពឹងទេថា​ ប្រទេស​លោកខាងលិច​ នឹង​បញ្ជូនកងទ័ព​ឲ្យជួយ​អ៊ុយក្រែន ប្រសិនបើ​ការ​វាយប្រយុទ្ធគ្នា​កើតមាន​ឡើងនោះ​។ តើ​មាន​ប្រទេសឯណា​ដែល​ចង់​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួនឲ្យ​ទៅរក​សេចក្តីស្លាប់នោះ​។ លោក​សេនាធិការ​ជាន់ខ្ពស់​អ៊ុយក្រែន​ដដែល​បាន​បន្ថែម​។

គួរជ្រាបថា​ នៅប៉ុន្មានថ្ងៃកន្លងមកនេះ​ រុស្ស៊ីបាន​ចល័តទ័ព​យ៉ាងច្រើន​មិនធ្លាប់​មាន​នោះទេ​តាំងពីឆ្នាំ​ ២០១៤មក​ នៅតាម​ព្រំដែនអ៊ុយក្រែន​។ ក្រោយ​បរាជ័យ​ មិនអាច​ជួប​ចរចា​ជាមួយ​សមភាគី​លោកពូទីន​ ប្រធានាធិបតីអ៊ុយក្រែន​ហ្សេឡេនស្គី​ បាន​ខ្នះខ្នែង​ស្វែងរក​ជំនួយពី​អង្គការ​អូតង់​ និង​លោកខាងលិច​។

ប្រធានាធិបតី​អាមេរិក​លោកចូ បៃដិន​ បាន​សន្យា​ផ្តល់​ការគាំទ្រ​ឥតសំចៃ​ឡើយ​ដល់មេដឹកនាំអ៊ុយក្រែន​ ហើយ​នៅសប្តាហ៍នេះ​ ទីក្រុងវ៉ាស៊ីនតោន​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ ទៅលើក្រុងមូស្គូ​ ជុំវិញ​ការជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោតអាមេរិក​ និង​សកម្មភាព​អរិភាពផ្សេង​ទៀត​។

ដោយឡែក​ ក្រោយ​កិច្ចពិភាក្សា​នៅទីក្រុង​ប៉ារីស​កាលពី​ថ្ងៃសុក្រ​ជាមួយ​ប្រធានាធិបតីបារាំង​ និង​ លោកស្រី​អធិការបតី​អាល្លឺម៉ង់​ មេដឹកនាំ​អ៊ុយក្រែន​បាន​អំពាវនាវឲ្យ​មាន​ជំនួប​កំពូល​ជាមួយ​ លោកពូទីន​ និង​ជំរុញផងដែរឲ្យ​មានការ​បន្ត​គោរព​បទឈប់បាញ់គ្នា​ ដែល​បាន​គាប់​ជាំង​ដោយ​សារ​ការប៉ះទង្គិចគ្នា​រវាងកងទ័ពក្រុងកៀវ​ ជាមួយ​ពួក​ក្រុមបំបែកខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI