បារាំង-កសិកម្ម

រដ្ឋបារាំងត្រៀម​​ថវិកា​​១ពាន់​​លាន​អឺរ៉ូ ជួយ​​កសិករ ដែល​​ផលដំណាំ​ខូចខាត ដោយសារ​អាកាសធាតុ​​​ត្រជាក់​​ប្លែក

លោកនាយករដ្ឋមន្ត្រីបារាំង Jean Castex (កណ្តាល​) ចុះទៅពិនិត្យ​នៅចំការទំពាំងបាយជូរ ក្នុងតំបន់ Perpignan ភាគខាងត្បូងប្រទេសបារាំង ដែលរងការខូចខាតទាំងស្រុង ដោយសារតែសីតុណ្ហភាពចុះត្រជាក់យ៉ាងចម្លែក។ ថ្ងៃទី ១៧ មេសា ២០២១
លោកនាយករដ្ឋមន្ត្រីបារាំង Jean Castex (កណ្តាល​) ចុះទៅពិនិត្យ​នៅចំការទំពាំងបាយជូរ ក្នុងតំបន់ Perpignan ភាគខាងត្បូងប្រទេសបារាំង ដែលរងការខូចខាតទាំងស្រុង ដោយសារតែសីតុណ្ហភាពចុះត្រជាក់យ៉ាងចម្លែក។ ថ្ងៃទី ១៧ មេសា ២០២១ AFP - RAYMOND ROIG

នៅប្រទេសបារាំង អស់រយៈពេលប្រមាណ​២សប្តាហ៍មកហើយ ដែល​សីតុណ្ហភាព​បានចុះត្រជាក់ខ្លាំង យ៉ាងចម្លែក ហើយ​ដែលបានបំផ្លាញដំណាំផ្លែឈើ សឹងទូទាំងប្រទេស។ ​ដំណាំហូបផ្លែ ដែលទើបតែចេញផ្កា និងចេញក្តឹប ត្រូវកកខូចខ្ទេច ដោយ​សារតែសីតុណ្ហភាពចុះត្រជាក់នៅពេលយប់។ ប្រឈមនឹងការខាតបង់របស់កសិករ រដ្ឋបារាំង បានប្រកាសថានឹងបញ្ចេញថវិកា ចំនួន​១ពាន់លានអឺរ៉ូ ដើម្បីត្រៀមជួយ​កសិករបារាំង។

ផ្សាយពាណិជ្ជកម្ម

លោក Jean Castex នាយករដ្ឋមន្ត្រីបារាំង បាន​ប្រកាសនៅថ្ងៃទី​១៧មេសាថា រដ្ឋបារាំងនឹងបញ្ចេញថវិកាសរុបចំនួន​១ពាន់លានអឺរ៉ូ ដើម្បីជួយ​កសិករ ដែលផលដំណាំត្រូវរងការខូចខាត ដោយសារតែសីតុណ្ហភាព​ចុះត្រជាក់ខ្លាំង។ ក្នុងក្របខណ្ឌនៃវិធានការបន្ទាន់នេះ មូលនិធិ​សាមគ្គីពិសេសមួយ នឹងត្រូវបង្កើតឡើង ដើម្បី​ជួយ​ដល់កសិករ ដែលជួបបញ្ហាលំបាក។

យោងតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្មបារាំង កញ្ចប់ថវិកាសរុប១ពាន់លានអឺរ៉ូ នេះគឺជាគំរោងចំណាយ​ទាំងអស់​របស់រដ្ឋ ដោយ​រាប់បញ្ចូលទាំង ការសងថ្លៃខាតបង់ជាក់ស្តែង របស់​កសិករម្នាក់ៗ។ ក្រៅពីនេះ គឺមានវិធានការបន្ទាន់មួយចំនួនទៀត ដូចជា​ការផ្អាកមិនយក​កម្រៃបន្ទុកសង្គម និង​ការផ្អាកមិនយកពន្ធដីជាដើម។ ក្នុងរវាង​១០ ទៅ​១៥ថ្ងៃទៀត កញ្ចប់ថវិកាបន្ទាន់មួយផ្នែក នឹងត្រូវផ្ទេរទៅឲ្យ​អាជ្ញារចៅហ្វាយខេត្តនីមួយៗ (Préfet) ដើម្បីជួយ​កសិករដែលត្រូវការចាំបាច់បំផុត។

លោកស្រី Christine Lambert តំណាងសហជីព​កសិករ FNSEA បានថ្លែងអបអរចំពោះវិធានការបន្ទាន់ របស់រដ្ឋាភិបាល​ ដើម្បីជួយ​ជីវភាពកសិករ ដែលប្រឈមនឹងការបាត់បង់​ផលដំណាំ និងប្រាក់ចំណូលសឹងតែទាំងស្រុង។ យោងតាមវិធានច្បាប់អឺរ៉ុប កសិករដំណាំហូបផ្លែ អាចទទួលបាន​សំណងខូចខាត ចំនួន​៤០% ក្នុងកម្រិតអតិបរមា បើប្រៀបធៀបទៅនឹងការខាតបង់ទាំងស្រុង ដែលមិនអាចធានារ៉ាប់រងបាន​(Calamité agricole)។ ដោយឡែក វិធានការជួយ​បន្ទាន់នេះ គឺ​សម្រាប់តែវិស័យដំណាំផ្លែឈើហូបផ្លែតែប៉ុណ្ណោះ។ តាមការគ្រោងទុក រដ្ឋាភិបាលកំពុងតែរៀបចំ ដាក់​ចេញនូវវិធានការ​ជួយ​ផ្សេងទៀត ដល់​កសិករ ក្នុងវិស័យ​​ដំណាំទំពាំងបាយ​ជូរយកធ្វើស្រា និងដំណាំបន្លែ ព្រមទាំងដំណាំគ្រាប់ធុញ្ញជាតិ។

សូមបញ្ជាក់ថា ប្រមាណ​២សប្តាហ៍មកហើយ ដែល​នៅបារាំង សីតុណ្ហភាព​បានចុះធ្លាក់ត្រជាក់យ៉ាងចំលែក ជាពិសេសនៅពេលយប់។ ធម្មតាខែមេសា គឺជារដូ​វផ្ការីក ដែលសីតុណ្ហភាពចាប់ផ្តើម ឡើងក្តីបន្តិចម្តងៗ។ ដំណាំផ្លែឈើហូបផ្លែ ដែលកំពុងតែចេញផ្កា និងក្តឹប ត្រូវកក ខូចខាត រាប់សែនហិកតា នៅទូទាំងប្រទេស ដោយសារតែសីតុណ្ហភាព ធ្លាក់ចុះក្រោមសូន្យ។

ដើម្បីស្រោចស្រង់ផលដំណាំ កុំអោយត្រជាក់កកក្នុងសីតុណហភាពត្រជាក់ កសិករមួយចំនួន បាននាំគ្នាដុតភ្នក់ភ្លើង ដោយ​យកប្រេងម៉ាស៊ូតដុតលាយជាមួយ​ចំបើង នៅតាមចំការ។ ចំហេះយ៉ាងច្រើនសន្ធឹកនេះ បានបង្កជាផ្សែងខ្មៅ និងបានធ្វើ​ឲ្យ​មានការតវ៉ាផងដែរ ពីសំណាក់ប្រជាពលរដ្ឋផ្សេងទៀត។ យោងតាម​សមត្ថកិច្ចបារាំង មានមនុស្ស​យ៉ាងហោច​ជាង​២០នាក់ ដែលបាន​ពុល ដោយផ្សែងប្រេងម៉ាស៊ូត ហើយត្រូវបញ្ជូនទៅ​ព្យាបាលនៅមន្ទីរពេទ្យ។ ម្ចាស់ចំការម្នាក់ ត្រូវបាន​នគរបាលឃាត់ខ្លួនផងដែរ ដោយ​សារតែបញ្ហានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI