រុស្ស៊ី-សិទ្ធិសេរីភាព

ប្រទេស​លោក​ខាងលិច និង​​​សកម្មជន​គាំទ្រ​លោកណាវ៉ាល់នី ទាមទារ​ឲ្យ​​យក​លោក​​ទៅ​សង្គ្រោះ​បន្ទាន់

សមត្ថកិច្ចរុស្ស៊ីយាមមន្ទីរឃុំឃាំង Pokrov ចំងាយ​ជិត​ខាងកើតក្រុងម៉ូស្កូ ជាទីដែល​លោក​ អាឡិចសី ណាវ៉ាល់នី ត្រូវគេឃុំខ្លួន។ លោកអាឡិចសី ណាវ៉ាល់នី បានធ្វើកូដកម្ម​បង្អត់អាហារខ្លួន​ឯង តាំងតែពីថ្ងៃ​ទី​៣១មីនាមក។
សមត្ថកិច្ចរុស្ស៊ីយាមមន្ទីរឃុំឃាំង Pokrov ចំងាយ​ជិត​ខាងកើតក្រុងម៉ូស្កូ ជាទីដែល​លោក​ អាឡិចសី ណាវ៉ាល់នី ត្រូវគេឃុំខ្លួន។ លោកអាឡិចសី ណាវ៉ាល់នី បានធ្វើកូដកម្ម​បង្អត់អាហារខ្លួន​ឯង តាំងតែពីថ្ងៃ​ទី​៣១មីនាមក។ AP - Pavel Golovkin

លោក​អាឡិចសី ណាវ៉ាល់នី សកម្មជន​នយោបាយ​ប្រឆាំងដ៏ល្បីនៅរុស្ស៊ី បានធ្វើកូដកម្ម​បង្អត់អាហារខ្លួនឯង ជាង​២សប្តាហ៍មកហើយ នៅ​ក្នុង​មន្ទីរឃុំឃាំង។ ស្ថានភាព​សុខភាព​លោក កំពុងប្រឈមនឹងគ្រោះថ្នាក់ធ្ងន់។ ប្រទេសលោកខាងលិច ព្រមទាំងសកម្មជនប្រជាធិបតេយ្យរុស្ស៊ី បានអំពាវនាវ ឲ្យ​អាជ្ញាធររុស្ស៊ី ត្រូវបញ្ជូន​លោកណាវ៉ាល់នី ទៅសង្គ្រោះបន្ទាន់។ សកម្មជនរុស្ស៊ី បានប្រកាសថានឹងធ្វើបាតុកម្ម​ធំនៅថ្ងៃទី​២១មេសា ទាមទារឲ្យ​ដោះលែងលោក​ណាវ៉ាល់នី។

ផ្សាយពាណិជ្ជកម្ម

លោកអាឡិចសី ណាវ៉ាល់នី ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅមន្ទីរឃុំឃាំង Pokrov ចំងាយ​១០០គីឡូម៉ែត្រ ខាងកើតក្រុងម៉ូស្គូ បានធ្វើកូដកម្ម​បង្អត់អាហារខ្លួនឯង តាំងតែពីថ្ងៃទី​៣១មីនា​ ដើម្បីជាការតវ៉ាចំពោះអាជ្ញាធរគ្រប់គ្រងមន្ទីរឃុំឃាំងនេះ ដែលមិនឲ្យ​លោកជួបគ្រូពេទ្យ និង​ទទួលបាន​ថ្នាំព្យាបាលជំងឺឆ្អឹងខ្នង។ ភរិយារបស់លោក រួមទាំង​ក្រុម​អ្នកគាំទ្រសកម្មជននយោបាយ​ប្រឆាំងរុស្ស៊ីរូបនេះ បានទាញសញ្ញាអាសន្ន ថាសុខភាព​លោកណាវ៉ាល់នី កំពុងស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់បំផុត។ ដោយ​សារតែកម្រិត​ជាតិប៉ូតាស្យូម ឡើងខ្ពស់ខ្លាំងនៅក្នុងឈាម វាអាចបណ្តាល​ឲ្យ​លោកណាវ៉ាល់នី អាចគាំងបេះដូងស្លាប់ បានគ្រប់ពេល។

ក្រុមសកម្មជន​ប្រឆាំង ដែលគាំទ្រលោកណាវ៉ាល់នី បានទាមទារឲ្យ​ ដោះលែងរូបលោក និងបញ្ជូនលោក​យកទៅព្យាបាល​ជាបន្ទាន់។ លោក Léonid Volkov ដែលសកម្មជនជំនិតនឹងលោក​ណាវ៉ាល់នី បានលើកឡើងថា នេះមិនមែនត្រឹមតែជារឿងសេរីភាពទេ តែវាជារឿងស្លាប់រស់ របស់​លោក​ណាវ៉ាល់នី។ សកម្មជនរូបនេះ បានអំពាវនាវ ឲ្យ​ប្រជាជនរុស្ស៊ីទាំងអស់ ចុះផ្លូវធ្វើ​បាតុកម្មធំ នៅថ្ងៃទី២១មេសា ដើម្បីទាមទារ ឲ្យលោកពូទីន ដោះលែងលោកណាវ៉ាល់នី។

យោងតាមតួលេខ ស្រង់ដោយ​វែបសាយ​មួយ​ បង្កើតដោយ​ក្រុមសកម្មជនប្រឆាំង បាន​ឲ្យ​ដឹងថាគិតត្រឹមថ្ងៃ​អាទិត្យ​ទី១៨មេសា មានមនុស្សយ៉ាងហោច៤៦ម៉ឺននាក់ បានប្រកាសថានឹងចូលរួមបាតុកម្ម នៅថ្ងៃទី​២១មេសា។ ថ្ងៃទី​២១មេសា គឺជាថ្ងៃដែល​លោកពូទីន ត្រូវចូលទៅថ្លែងសន្ទរកថានៅចំពោះមុខសភារុស្ស៊ី ដើម្បី​បង្ហាញពីផែនការនយោបាយ​ដឹកនាំប្រទេស។

នៅថ្ងៃអាទិត្យ​ទី​១៨មេសាដែរ ថ្នាក់ដឹកនាំនៅប្រទេសលោកខាងលិច បានចេញសេចក្តីថ្លែងការបន្តបន្ទាប់គ្នា អំពាវនាវ ឲ្យអាជ្ញាធររុស្ស៊ី បញ្ជូន​លោកអាឡិចសី ណាវ៉ាល់នី យកទៅព្យាបាល​ជាបន្ទាន់។ តាមការគ្រោងទុក ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ គឺគេនឹងជជែកគ្នា ដើម្បីរកវិធីដាក់សំពាធទៅលើរុស្ស៊ី ឲ្យ​សង្គ្រោះជីវិតលោកអាឡិចសី ណាវ៉ាល់នី។ ដោយ​ឡែក ក្រសួងការបរទេសអាមេរិកវិញ បានប្រកាសថា បើសិនជាលោក​អាឡិចសី ណាវ៉ាល់នីស្លាប់ នោះរុស្ស៊ីពិតជាមិនអាចគេចផុតពីទណ្ឌកម្មរបស់អាមេរិកទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI