អ៊ុយក្រែន-រុស្ស៊ី-អឺរ៉ុប

លោកម៉ាក្រុង៖ អឺរ៉ុប​ត្រូវតែ​​កំណត់​បន្ទាត់​ក្រហម​​ឲ្យ​ច្បាស់ ជាមួយ​រុស្ស៊ី ទាក់ទិន​នឹង​បញ្ហា​អ៊ុយក្រែន

ថ្ងៃទី ៩ ធ្នូ ២០១៩ លោកពូទីន លោកម៉ាក្រុង លោកស្រីមែរកិល និងលោក​ប្រធានាធិបតីអ៊ុយក្រែន ហ្សេលិនស្គី ជួបប្រជុំគ្នានៅទីក្រុងប៉ារីស។
ថ្ងៃទី ៩ ធ្នូ ២០១៩ លោកពូទីន លោកម៉ាក្រុង លោកស្រីមែរកិល និងលោក​ប្រធានាធិបតីអ៊ុយក្រែន ហ្សេលិនស្គី ជួបប្រជុំគ្នានៅទីក្រុងប៉ារីស។ AP - Ludovic Marin

ដូចប្រិយ​មិត្តបានជ្រាបហើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ភាពតានតឹងបានកាន់តែកើនឡើង រវាងអ៊ុយក្រែន និងរុស្ស៊ី។ រុស្ស៊ីបានត្រៀមកម្លាំងទ័ព យ៉ាងសកម្ម​ បញ្ជូនមកកៀកព្រំដែនខាងកើតអ៊ុយក្រែន។ ទាក់ទិននឹងបញ្ហានេះ លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង បាន​លើកឡើងថា អឺរ៉ុប ត្រូវតែ​កំណត់​បន្ទាត់​ក្រហម​មួយ​ឲ្យ​ច្បាស់ ជាមួយ​រុស្ស៊ី។ ប្រសិនបើ​មានសកម្មភាពមិនគប្បីណាមួយ ពីសំណាក់រុស្ស៊ី ធ្វើមកលើអ៊ុយក្រែន គឺអឺរ៉ុបត្រូវតែប្រុងប្រៀបដាក់ទណ្ឌកម្ម​លើរុស្ស៊ី។

ផ្សាយពាណិជ្ជកម្ម

លោកម៉ាក្រុងប្រធានាធិបតីបារាំង បានផ្តល់​បទសម្ភាសន៍ ឲ្យ​ទូរទស្សន៍អាមេរិក CBS។ នៅក្នុងបទសម្ភាសន៍ ដែលនឹងត្រូវ​ចាក់ផ្សាយ នៅ​យប់ថ្ងៃអាទិត្យ ទី​១៨មេសានេះ​ លោកម៉ាក្រុង បានលើកឡើងថា អឺរ៉ុបត្រូ​វតែត្រៀមបម្រុង​ ចាត់វិធានការឲ្យ​បានម៉ឺងម៉ាត់បំផុត ក្នុងករណី​ដែល​រុស្ស៊ីលើកទ័ព មកឈ្លានពានអ៊ុយក្រែន។ លោកម៉ាក្រុងបន្ថែមថា អឺរ៉ុបត្រូវតែកំណត់​បន្ទាត់ក្រហម ឲ្យច្បាស់ ថាប្រសិនបើរុស្ស៊ីហ៊ានតែឈានជើងរំលង នោះអឺរ៉ុប នឹងដាក់ទណ្ឌកម្មវាយបកវិញ។

ទន្ទឹមគ្នានេះដែរ លោកម៉ាក្រុងបានទទួលស្គាល់ថា ការដាក់ទណ្ឌកម្មជាមធ្យោបាយ​ ដាក់សំពាធមួយ​មែន​ តែវាមិនគ្រប់គ្រាន់នោះទេ។ មធ្យោបាយ​មួយទៀត ដើម្បីដោះស្រាយ​បញ្ហា គឺការជជែក និយាយគ្នាដោយ​ត្រង់ៗ ក្នុងន័យស្ថាបនា ជាមួយនឹងភាគីរុស្ស៊ី។

សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគីអ៊ុយក្រែន បានលើកឡើងថា រុស្ស៊ីបានបញ្ជូន​ទ័ព និងគ្រឿងសព្វាវុធជាច្រើន មកក្បែរព្រំដែនខាងកើតអ៊ុយក្រែន និងនៅតំបន់គ្រីម៉េ។ ការវាយប្រយុទ្ធរវាងកងទ័ព​ជាតិអ៊ុយក្រែន និងក្រុមឧទ្ទាមបំបែកទឹកដីនិយមរុស្ស៊ី ដែលបានស្ងាត់ប្រមាណ​១ឆ្នាំមកនេះ បានចាប់ផ្តើមកំរើកឡើងវិញ។ រុស្ស៊ី បាន​បញ្ជូន​នាវាចម្បាំង​២គ្រឿង បើកសំដៅចូលទៅក្នុងសមុទ្រខ្មៅ ភាគ​អាគ្នេយ៍អ៊ុយក្រែន ដែលប្រការនេះ បានធ្វើ​ឲ្យ​មានការបារម្ភ ថារុស្ស៊ីកំពុង​តែត្រៀមធ្វើសកម្មភាពអ្វីម្យ៉ាង។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រទី​១៦មេសា លោក​ប្រធានាធិបតី​អ៊ុយក្រែន បានមកដល់ទីក្រុងប៉ារីស ដើម្បីជួប​ជាមួយ​ប្រធានាធិបតីបារាំង។ ក្រោយ​ជំនួបនេះ បារាំង និងអាល្លឺម៉ង់ បានប្រកាសអំពាវនាវ ឲ្យ​រុស្ស៊ីត្រូវតែដកទ័ពថយទៅវិញ និង​បញ្ឈប់សកម្មភាព​គំរាមកំហែងទាំងអស់ មកលើអ៊ុយក្រែន។

សូមរំលឹកថា សង្រ្គាម​នៅភាគខាងកើតអ៊ុយក្រែន បានផ្ទុះឡើងនៅឆ្នាំ​២០១៤ រវាង​កងទ័ពជាតិអ៊ុយក្រែន និងក្រុមឧទ្ទាមបំបែកទឹកដី ដែលមានរុស្ស៊ីគាំទ្រពីក្រោយ។ ក្រៅពីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែង សង្គ្រាមរ៉ាំរ៉ៃនេះបានផ្តាច់ជីវិតមនុស្ស​អស់​ប្រមាណ​​១៣០០០នាក់។ ឆ្លៀតក្នុងឱកាសនោះផងដែរ នៅខែមីនាឆ្នាំ២០១៤ រុស្ស៊ីបានលើកទ័ពមកគ្រប់គ្រងតំបន់គ្រីម៉េរបស់អ៊ុយក្រែន រហូតដល់បច្ចុប្បន្ន។ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប បានត្រឹមតែថ្កោលទោសនិងដាក់ទណ្ឌកម្មលើរុស្ស៊ី តែរុស្ស៊ីហាក់មិនខ្វល់បារម្ភសោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI