អឺរ៉ុប-អាកាសធាតុ

សហភាពអឺរ៉ុប​ព្រមព្រៀងគ្នា​​កំណត់​កម្មវត្ថុ​​កាត់បន្ថយ​ឧស្ម័ន​កាបូនិក​​ចំនួន​​៥៥% ពីនេះ​ដល់​ឆ្នាំ​​២០៣០

សម័យប្រជុំពេញអង្គ សភាអឺរ៉ុប នៅទៅក្រុងស្ត្រាសបួរ ខាងកើតប្រទេសបារាំង។
សម័យប្រជុំពេញអង្គ សភាអឺរ៉ុប នៅទៅក្រុងស្ត្រាសបួរ ខាងកើតប្រទេសបារាំង។ AFP - JOHANNA LEGUERRE

ឆ្លងកាត់ការជជែកដេញដោលគ្នាយ៉ាងលំបាក ទីបំផុតទៅគណកម្មការអឺរ៉ុប ព្រមទាំង​សមាជិក​សភាអឺរ៉ុប បានយល់ស្របគ្នា ក្នុងការកំណត់កម្មវត្ថុ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ឲ្យ​បាន​ចំនួន​៥៥% ពីនេះ រហូតដល់ឆ្នាំ​២០៣០។ កម្មវត្ថុ​កាត់បន្ថយ​ឧស្ម័នកាបូនិកនេះ គឺនឹងត្រូវកំណត់ ក្នុងច្បាប់ ដែលមានចែក​ជាកាតព្វកិច្ច សម្រាប់ប្រទេសសមាជិកអឺរ៉ុបទាំង​២៧ប្រទេស។ នៅរវាងឆ្នាំ​២០៥០ អឺរ៉ុប សង្ឃឹមថានឹងសម្រេចកម្មវត្ថុ « អព្យាក្រិត្យភាពកាបូន »។

ផ្សាយពាណិជ្ជកម្ម

សហភាពអឺរ៉ុប នឹងកាត់បន្ថយឲ្យ​បាននូវការបញ្ចេញ​ឧស្ម័នកាបូនិក ចំនួន​៥៥% ពីនេះដល់ឆ្នាំ​២០៣០ ដោយ​ប្រៀបធៀបទៅនឹងកម្រិតដែលមានក្នុង​ឆ្នាំ​១៩៩០។ សមាជិកសភាអឺរ៉ុប បានប្រជុំជជែកគ្នា អស់ពេញមួយ​យប់ រហូតដល់ម៉ោង៥ភ្លឺ ថ្ងៃទី២១មេសានេះ ដើម្បីស្វែងរក​ការមូលមតិគ្នា ព្រោះថាមានសមាជិកសភាខ្លះ បានទាមទារកំណត់កម្មវត្ថុកាត់បន្ថយ ចំនួន​៦០%។ ក៏ប៉ុន្តែគណកម្មការអឺរ៉ុប បានស្នើសុំ​មិន​ឲ្យ​លើសពី​៥៥%។

គួរកត់សំគាល់ថា ការកំណត់កម្មវត្ថុនេះ គឺថ្នាក់ដឹកនាំអឺរ៉ុប បាន​ប្រឹងប្រែងធ្វើឡើង ឲ្យ​បានមុន​វេទិកាកំពូលស្តីពីអាកាសធាតុ ដែលដឹកនាំដោយ​សហរដ្ឋអាមេរិក នៅថ្ងៃទី​២២មេសាស្អែកនេះ។ លោក Frans Timmermans អនុប្រធានគណកម្មការសភាអឺរ៉ុបទទួល​បន្ទុកកិច្ចការ​អាកាសធាតុ បានថ្លែងអបអរថា ការកំណត់កម្មវត្ថុរបស់អឺរ៉ុបនេះ នឹងពង្រឹងគោលជំហរ តួនាទីរបស់អឺរ៉ុប ក្នុងការនាំមុខ​គេប្រយុទ្ធប្រឆាំងនឹងការបញ្ចេញ​ឧស្ម័នកាបូនិក ដែល​ជាប្រភពនៃការកើនឡើងកំដៅផែនដី។

លោក​ Pascal Canfin សមាជិកសភាអឺរ៉ុបម្នាក់ទៀត បានអះអាងថា នៅក្នុងកម្មវត្ថុនេះ ក៏មានរាប់បញ្ជូលផងដែរ នូវ​កម្រិត​ឧស្ម័កាបូនិក ដែលនឹងត្រូវស្រូបដោយ​ព្រៃឈើ។ ពោលគឺ​ដើម្បីឈានទៅសម្រេច​កម្មវត្ថុ​កាត់បន្ថយ​ឧស្ម័នកាបូនិក​៥៥% គឺគេត្រូវតែពិចារណា នូវការ​រៀបចំពង្រី​កទំហំព្រៃឈើ។

យ៉ាងណាក៏ដោយ អង្គការបរិស្ថាន និងសមាជិកសភាអឺរ៉ុបខ្លះ បានរិះគន់ ការកំណត់កម្មវត្ថុនេះ ថាមិនគ្រប់គ្រាន់នៅឡើយ។ កម្រិតកាត់បន្ថយ​៥៥% គឺជាកម្រិតជាក់ស្តែង​ ដែលបូករួមទាំងកម្រិតឧស្ម័នកាបូនិក​ ដែលត្រូវបានស្រូបដោយ​ព្រៃឈើ។ ដូច្នេះមានន័យថា ការថយចុះជាក់ស្តែង នៃការ​បញ្ចេញ​ឧស្ម័នកាបូនិក ដែលកើតចេញពីសកម្មភាពរបស់​វិស័យ​បញ្ចេញឧស្ម័នពុល គឺមិនមានច្រើនទេ។

លោក Peter Liese សមាជិកសភាអឺរ៉ុប មកពីគណបក្សបរិស្ថានអាល្លឺម៉ង់ បានសោកស្តាយ​ថា កម្មវត្ថុ​អាព្យាក្រិត្យភាពកាបូននៅឆ្នាំ​២០៥០ គឺជាកម្មវត្ថុរួម សម្រាប់សហភាពអឺរ៉ុបទាំងមូល មិនមែនជាកម្មវត្ថុ​ដែល​អឺរ៉ុបកំណត់ឲ្យ​ប្រទេសសមាជិក​ គោរពឲ្យ​បាន​តាមប្រទេសរៀងៗខ្លួនទេ។ លោកMichael Bloss សាមជិកសភាអឺរ៉ុប មកពីគណបក្សបៃតងអាល្លឺម៉ង់ ម្នាក់ទៀត បាន​លើកឡើងថា តួលេខពិតជាក់ស្តែងនៃការកាត់បន្ថយឧស្ម័នកាបូនិក គឺមានតែ​៥២.៨%តែប៉ុណ្ណោះ ពោលគឺវាទាបណាស់ បើប្រៀបធៀបទៅនឹងអ្វីដែលមានចែង ក្នុងកិច្ចព្រៀង ទីក្រុងប៉ារីស ស្តីពីអាកាសធាតុ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI