វ៉ាក់សាំងកូវីដ១៩-អឺរ៉ុប

សហភាពអឺរ៉ុប​ចង់ប្តឹង​មន្ទីរពិសោធន៍​​AstraZeneca រឿង​ប្រគល់​វ៉ាក់សាំង​មិនគ្រប់​ចំនួន​​កំណត់​​ក្នុង​កិច្ចសន្យា

ដបវ៉ាក់សាំង AstraZeneca ថតនៅទីក្រុងមុយនីឆ ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២២ មីនា ២០២១។
ដបវ៉ាក់សាំង AstraZeneca ថតនៅទីក្រុងមុយនីឆ ប្រទេសអាល្លឺម៉ង់ ថ្ងៃទី ២២ មីនា ២០២១។ AP - Matthias Schrader

សហភាពអឺរ៉ុប កំពុងពិចារណា អំពើជំរើសចង់ប្តឹង​មន្ទីរពិសោធន៍ផលិតឱសថ AstraZeneca ទោ​តុលាការ ដោយ​ហេតុថា សហគ្រាស​ផលិត​ឱសថនេះ មិន​បាន​ប្រគល់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ឲ្យ​គ្រប់​ចំនួន​ដែលមានកំណត់ ក្នុងកិច្ចសន្យាទេ។ បញ្ហាយឺតយ៉ាវ ក្នុងការប្រគល់វ៉ាក់សាំងនេះ គឺបានមកបន្ថែមពីលើ បញ្ហាបារម្ភពីប្រសិទ្ធភាព នៃវ៉ាក់សាំងប្រឆាំងកូវីដ​១៩ របស់មន្ទីរពិសោធន៍ AstraZeneca។

ផ្សាយពាណិជ្ជកម្ម

យោងតាមអ្នកនាំាពាក្យ​គណកម្មការអឺរ៉ុប គឺអឺរ៉ុប កំពុងតែ​ពិចារណា ដាក់ពាក្យប្តឹង មន្ទីរពិសោធន៍ AstraZeneca ពីបទមិនគោរពកាតព្វកិច្ចក្នុងកិច្ចសន្យា។ ប្រភពដដែលអះអាងថា ដោយ​ហេតុថាកិច្ចសន្យាទិញវ៉ាក់សាំងប្រឆាំងកូវីដ​១៩ រវាងសហភាពអឺរ៉ុប និង​មន្ទីរពិសោធន៍នេះ ត្រូវបានធ្វើឡើង ក្នុងក្របខណ្ឌច្បាប់ប្រទេសប៊ែលហ្សិក ដូច្នេះពាក្យ​បណ្តឹង ក៏នឹងត្រូវដាក់ទៅតុលាការ​ប៊ែលហ្សិកដែរ។

តែយ៉ាងណា សម្រាប់ពេលនេះ មិនទាន់មានការសម្រេចណាមួយ ឲ្យច្បាស់លាស់ទេ។ គណកម្មការអឺរ៉ុប កំពុងតែពិភាក្សា អំពីជំរើសនេះ ជាមួយ​ប្រទេសសមាជិកសហភាពអឺរ៉ុប ទាំង​២៧​ប្រទេស។ មន្ត្រីទូតម្នាក់ បានលើកឡើងថា គេខ្លាចក្រែងថា ពាក្យ​បណ្តឹងនេះ គឺវារឹតតែមកបន្ថែមបញ្ហា ធ្វើ​ឲ្យ​ប្រជាជន​អឺរ៉ុបបាត់បង់ទំនុកចិត្ត លើវ៉ាក់សាំងរបស់មន្ទីរពិសោធន៍ AstraZeneca កាន់តែខ្លាំងឡើង។

សូមបញ្ជាក់ថា យោងតាមកិច្ចសន្យា នៅត្រីមាសទី១ឆ្នាំ​២០២១ មន្ទីរពិសោធន៍ AstraZeneca ត្រូវប្រគល់វ៉ាក់សាំង មកឲ្យ​សហភាពអឺរ៉ុប​ចំនួន​១២០លានដូស។ ក៏ប៉ុន្តែ​មន្ទីរពិសោធន៍ បានប្រគល់ត្រឹម​តែ​៣០លានដូសតែប៉ុណ្ណោះ។ ហើយនៅត្រីមាសទី​២ មន្ទីរពិសោធន៍បានជូនដំណឹងថា   អាចប្រគល់បាន​តែ​៧០លានដូសបណ្ណោះ ក្នុងចំណោម​១៨០លានដូស ដែល​បានកំណត់ក្នុងកិច្ចសន្យា។

លោក Arnaud Jansen មេធាវីប៊ែលហ្សិក ដែល​បានពិនិត្យកិច្ចសន្យានេះ បាន​លើកឡើងថា បើមានពាក្យ​បណ្តឹង​ពិតមែន គឺបញ្ហាគតិយុទ្ធនឹងចោទឡើង នៅជុំវិញ ខសន្យាដែលកំណត់ថា  « មន្ទីរពិសោធន៍ ​AstraZeneca ត្រូវប្រឹងឲ្យ​អស់លទ្ធភាព » ដើម្បី​អនុវត្តកិច្ចសន្យា។​ ពោលគឺវាជាកាតកព្វកិច្ចមធ្យោបាយ មិនមែនជាកាតព្វកិច្ចលទ្ធផលទេ។ សហភាពអឺរ៉ុប មានជំរើស២​ ទី១គឺប្តឹងបិទបញ្ចប់កិច្ចសន្យា និងទាមទារសំណងជំងឺចិត្ត ដោយ​ហេតុថាភាគីម្ខាងទៀត មិនគោរពកាតព្វកិច្ច  រីឯជំរើសទី២ គឺប្តឹងចាប់បង្ខំឲ្យ​មន្ទីរពិសោធន៍នេះ អនុវត្តកិច្ចសន្យា។ តែយ៉ាងណាលោកទទួល​ស្គាល់ថា ជំរើសទី២ ពិបាក​នឹងទៅរួចណាស់។ ចំណែក ភាគីមន្ទីរពិសោធន៍វិញ អាចលើកអំណះអំណាង​ថា ខ្លួនត្រូវបំពេញ​កាតព្វ ជាមួយ​នឹងភាគីនៃកិច្ចសន្យាផ្សេងទៀត ដូចជាប្រទេសអង់គ្លេសជាដើម ដែលបានបញ្ជាទិញវ៉ាក់សាំងដូចគ្នា។

គួរកត់សំគាល់ថា បញ្ហាយឺតយ៉ាវក្នុងការប្រគល់វ៉ាក់សាំង របស់​មន្ទីរពិសោធន៍ AstraZeneca មិនមែនត្រឹមតែធ្វើឲ្យ​មាន​ មានសង្រ្គាមពាក្យ​សំដី រវាង​មន្ទីរពិសោធន៍នេះ និង​សហភាពអឺរ៉ុបប៉ុណ្ណោះទេ តែថែមទាំងបានធ្វើ​ឲ្យ​មាន​ការមើលមុខគ្នាមិនត្រង់ រវាង​សហភាពអឺរ៉ុប និងប្រទេសអង់គ្លេសថែមទៀតផង ដោយសារតែការដណ្តើមវ៉ាក់សាំងគ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI