ឃាតកម្ម​លើ​ប៉ូលិស​បារាំង

ប៉ូលិស​បារាំង​ម្នាក់​ត្រូវ​ឃាតករ​ចាក់សម្លាប់ នៅច្រកទ្វារ​ចូល ស្នងការដ្ឋាន

ប៉ូលិស​នៅ​កន្លែង​កើតហេតុដែល​ប៉ូលិស​រដ្ឋបាលស្រីម្នាក់​ត្រូវ​ឃាតករ​ចាក់សម្លាប់នឹង​កាំបិត កាលពី​ថ្ងៃ​សុក្រទី ២៣​មេសា ២០២១
ប៉ូលិស​នៅ​កន្លែង​កើតហេតុដែល​ប៉ូលិស​រដ្ឋបាលស្រីម្នាក់​ត្រូវ​ឃាតករ​ចាក់សម្លាប់នឹង​កាំបិត កាលពី​ថ្ងៃ​សុក្រទី ២៣​មេសា ២០២១ REUTERS - GONZALO FUENTES

អាយ្យការ​បារាំង​ប្រឆាំង​អំពើភេរវកម្ម បាន​បើក​ការស៊ើបអង្កេត នៅក្រោយ ប៉ូលិស​ស្រី​ម្នាក់ ត្រូវ​ឃាតករ ចូល​ចាក់​សម្លាប់ នៅ​នឹង​មាត់​ទ្វារចូល ស្នងការដ្ឋាន ក្នុង​ទីក្រុង រាំប៊ួយយេ (Rambouillet)​ភាគខាងត្បូង​ទីក្រុង​ប៉ារីស កាលពី​រសៀល​ថ្ងៃ​សុក្រ ម្សិលមិញ។ ឃាតករ ត្រូវ​ប៉ូលិស​បាញ់​ឲ្យ​របួសភ្លាមៗ មុន​នឹង​ដាច់ខ្យល់​ស្លាប់ នៅមន្ទីរពេទ្យ។ នៅមុន​ធ្វើដំណើរ​ទៅកាន់​កន្លែង​កើតហេតុ នៅ​ថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តី បារាំង លោក​ហ្សង់ កាស្តិច បាន​សរសេរ​សារទ្វីត ចាត់ទុក ទង្វើ​របស់​ឃាតករ ថា ព្រៃផ្សៃ និង​កំសាក ប្រព្រឹត្តទៅលើ​មន្រ្តីប៉ូលិសជាតិ​បារាំង។

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​ចាក់សម្លាប់​ប៉ូលិស​បារាំង កើតឡើង​នៅពេលរសៀល​ថ្ងៃ​សុក្រ នៅ​ស្នងការដ្ឋាន​ប៉ូលិស ដែល​ស្ថិតនៅ ចម្ងាយ​ប្រមាណ ៦០គីឡូម៉ែត្រ​ពីទីក្រុង​ប៉ារីស។ ជនរងគ្រោះ​ជា​ប៉ូលិស​ស្រី អាយុ ៤៩ឆ្នាំ បម្រើការ​ផ្នែក​រដ្ឋបាល​នៅ​ស្នងការដ្ឋាន​នៅទីក្រុង​Rambouillet ដែល​ត្រូវ​ឧក្រិដ្ឋជន ប្រើ​កាំបិត ចាក់​សម្លាប់ នៅពេល​ត្រលប់មក​ពី ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់។

ភ្លាមៗ ឧក្រិដ្ឋជន​ត្រូវ​ប៉ូលិស​បាញ់ រងរបួស​ធ្ងន់ មុន​នឹង​ដាច់ខ្យល់ស្លាប់​នៅ មន្ទីរពេទ្យ។ តាម​ប៉ូលិស​បារាំង ឃាតករ​មាន​ដើមកំណើត​ទុយណេស៊ី អាយុ ៣៦​ឆ្នាំ ដែល​បាន​មក​ដល់​ប្រទេស​បារាំង ដោយខុសច្បាប់ កាលពី​ឆ្នាំ ២០០៩។ ជនដៃដល់​ដែល​ក្រោយ មក បាន​ក្រដាសស្នាម​រស់នៅ​ស្របច្បាប់ នៅបារាំង គ្មាន​ឈ្មោះ ក្នុង​បញ្ជីខ្មៅ ​តាមដាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង​នោះទេ។

នៅពេល​គេ​មិនទាន់​ដឹង​ពីមូលហេតុ ចេតនា ពិតប្រាកដ​របស់​ឧក្រិដ្ឋជន សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា គេ​បាន​លឺ​ឃាតករ​ស្រែក ព្រះអាឡា ដ៏​ធំ​អស្ចារ្យ នៅក្នុង​ពេល​ប្រព្រឹត្តបទឧក្រិដ្ឋ​របស់ខ្លួន។

តាម​រដ្ឋអាជ្ញា​បារាំង លោក​Jean François Ricard អាយ្យការ​ជាតិ​ប្រឆាំង​ភេរវកម្ម បាន​សម្រេច​បើកការស៊ើបអង្កេត ក្នុង​សំណុំរឿងនេះ ដោយ​យោង​ទៅលើ​តួនាទី​ជា​ប៉ូលិស​របស់​ជនរងគ្រោះ ហើយ និង សំដី​សំដៅ របស់​ឃាតករ។

សម្រាប់​នាយករដ្ឋមន្រ្តី បារាំង លោក​ហ្សង់ កាស្តិច ដែល​បានធ្វើដំណើរ​ទៅ​ដល់​កន្លែង​កើតហេតុការណ៍ ការប្តេជ្ញាចិត្ត​របស់​បារាំង ដើម្បី ប្រយុទ្ធប្រឆាំង​ក្រុមភេរវនិយម នៅ​តែ​ដូចដើម មិន​ផ្លាស់ប្តូរ។

នៅមុន រលាយ បែកខ្ចាត់ខ្ចាយ សំបុក នៅ​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម តែង​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន សំដៅ ចាក់សម្លាក់ មន្រ្តី​ប៉ូលិស កងកម្លាំង​រក្សា​សន្តិសុខ​នៅ​ក្នុង​ប្រទេស​លោកខាងលិច។ សោកនាដកម្ម​ថ្មី​បាន​ធ្វើ​ឲ្យ​នឹក​ទៅដល់ ហេតុការណ៍​ឆ្នាំ ២០១៦ ដែលនៅ​ពេលនោះ ប៉ូលិស ប្តីប្រពន្ធបារាំង​ពីរនាក់ ត្រូវ​ភេរវជន ជីហាត ចូល​ចាក់សម្លាប់​ដល់​ផ្ទះ។ នៅខែ​តុលា​ឆ្នាំមុន គឺគ្រូបង្រៀន Samuel Paty ត្រូវ​ឃាតករ​ចាក់​សម្លាប់​នឹង​កាំបិត ដោយសារ​លោក បង្ហាញ​រូបត្លុក ព្យាការី មហាម៉េត នៅក្នុង​ម៉ោង បង្រៀន​អប់រំ ពី​សិទ្ធិសេរីភាព បញ្ចេញ​មតិ នៅ​ប្រទេស​បារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI