វ៉ាក់សាំងកូវីដ១៩

BioNTech ជឿ​ថា​វ៉ាក់សាំង​របស់​ខ្លួន​អាច​ទប់​ស្កាត់​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ឥណ្ឌាបាន

នាយក​ក្រុមហ៊ុន​BioNTech ជឿ​​ថា​វ៉ាក់សាំង​របស់​ខ្លួន​អាច​ទប់ទល់​នឹង​មេរោគ​បំប្លែង​ខ្លួន​នៅឥណ្ឌា​បាន
នាយក​ក្រុមហ៊ុន​BioNTech ជឿ​​ថា​វ៉ាក់សាំង​របស់​ខ្លួន​អាច​ទប់ទល់​នឹង​មេរោគ​បំប្លែង​ខ្លួន​នៅឥណ្ឌា​បាន via REUTERS - RITZAU SCANPIX

​ក្នុង​ខណៈ​ដែល​ក្តី​ព្រួយ​បារម្ភ​ខ្លាច​មេរោគ​បំប្លែង​ខ្លួនឥណ្ឌា​រីក​រាលដាល​​ឆ្លង​ប្រទេស​និង​ឆ្លង​ទ្វីប បង្កើត​ជា​រលក​ចម្លង​កូវីដ​១៩​ថ្មី ប្រធាន​មន្ទីរពិសោធន៍​BioNTech បាន​សម្តែង​ជំនឿ​ជាក់ នៅ​ថ្ងៃពុធ​ទី ២៨​មេសា ២០២១​នេះ​ ថា ​ថ្នាំបង្ការ​កូវីដ​របស់​Pfizer/BioNTech ក៏​​មាន​ប្រសិទ្ធភាព​​ទប់​ស្កាត់មេរោគ​កូវីដ​បំប្លែង​ខ្លួន​នៅឥណ្ឌាបានដែរ។ វ៉ាក់សាំង​របស់​មន្ទីរពិសោធន៍​អាមេរិក-អង់គ្លេស Pfizer/BioNTech បាន​ឆ្លង​កាត់​ការ​សាកល្បង​លើ​​មេរោគ​បំប្លែងខ្លួន​ជា​ច្រើន​ទម្រង់។

ផ្សាយពាណិជ្ជកម្ម

មន្ទីរ​ពិសោធន៍​កំពុង​ធ្វើ​តេស្ត​សាកល្បងមិនទាន់​ចប់​ទេ ប៉ុន្តែ​ទម្រង់នៃ​មេរោគ​កូវីដ​បំប្លែង​ខ្លួន​នៅ​ឥណ្ឌា ដែល​មាន​ឈ្មោះ​បច្ចេកទេស B.1.617​ ធ្លាប់​ត្រូវ​បាន​មន្ទីរ​ពិសោធន៍​ធ្វើការ​សិក្សា​ ​ដើម្បី​ផលិត​វ៉ាក់សាំង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​ជឿ​ជាក់​ថា​ថ្នាំ​វ៉ាក់សាំង​ ​Pfizer/BioNTech ​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ​កូវីដបំប្លែង​នៅ​ឥណ្ឌា​បាន។ នេះ​ជាការ​ពន្យល់​របស់​លោក Ugur Sahin នាយក​មន្ទីរ​ពិសោធន៍​BioNTech នៅ​ក្នុង​សន្និសីទ​កាសែត​អនឡាញ នាថ្ងៃពុធ​ទី ២៨​មេសា​២០២១ ដោយ​បាន​គូស​បញ្ជាក់បន្ថែម​ទៀត​​ថា​វ៉ាក់សាំងដែល BioNTech អភិវឌ្ឍជាមួយ​ក្រុមហ៊ុនអាមេរិក ​Pfizer បាន​សាកល្ប​ង ​លើ​មេរោគ​កូវីដ​បំប្លែង​ ជាង​៣០​។ ជា​លទ្ធផល មិន​ថា​ជាមួយ​មេរោគបំប្លែងខ្លួន​​មួយណាទេ​​ វ៉ាក់សាំង​សុទ្ធ​តែ​អាច​បង្កើត​អង់ទីក័រ​ការពារ​ខ្លួន​បាន​គ្រប់​គ្រាន់​ទាំង​អស់។

ដូច្នេះគេ​ត្រូវ​តែ​ពង្រឹង​​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ ឈ្នះ។ នាយកមន្ទីរ​ពិសោធន៍​ឯកទេស​ ខាង​បច្ចេកវិទ្យា​ARN​ ដែល​ក្លាយ​ជា​​ជើង​ឯកពិភពលោកផ្នែក​ភាព​ស៊ាំ​ បាន​ប្រកាស​ឱ្យ​ដឹង​ទៀត​ថា វ៉ាក់សាំង​ដែល​សហភាពអឺរ៉ុប​និង​សហរដ្ឋ​អាមេរិក បាន​ប្រើ​តាំង​ពី​ខែ​ធ្នូ​២០២០​មក នឹង​ទទួល​បាន​ការ​អនុញ្ញត​ពី​អាជ្ញាធរ​សុខាភិបាល​ចិន ទៅ​​ធ្វើ​ចរាចរណ៍​នៅ​ចិន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ យ៉ាង​យូរ​បំផុត​នៅ​ខែ​កក្កដា។ ដោយ​បាន​លើក​សរសើរ​សហភាពអឺរ៉ុប​ចំពោះ​សមត្ថភាព​ចរចា​ចែក​ចាយ​វ៉ាក់សាំង លោក Sahin យល់​ថា​ការ​នាំ​ចេញ​ថ្នាំ​បង្ការ​ទៅ​ ឱ្យ​ប្រទេស​ផ្សេង​នៅ​ពេលអឺរ៉ុប​មាន​ភាព​ស៊ាំ​រួម​ហើយ ជា​ទង្វើ​មនុស្ស​ធម៌ ព្រោះ​អឺរ៉ុប​មិន​អាច​មាន​សុវត្ថិភាព​ទេ បើ​មេរោគ​បំប្លែង​នៅ​បន្តរាតត្បាត​ប្រទេស​ផ្សេង​នោះ។

ប៉ុន្តែ​​​ថ្នាំបង្ការ​របស់ Pfizer/BioNTech ​ ចាំ​បាច់​ ត្រូវ​ចាក់​រំលឹក​ម្តង​ទៅ​ ៦​ទៅ​៩​ខែ​ក្រោយ​ការ​ចាក់​លើក​ទីពីរ បន្ទាប់​មក​ត្រូវ​ចាក់​ជា​រៀង​រាល់​ ១២ ទៅ​១៨​ខែម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI