អឺរ៉ុប-កូវីដ១៩

វ៉ាក់សាំង​កូវីដ១៩ ៖ BioNTech ត្រៀម​លក្ខណៈ​សុំ​សិទ្ធិចាក់​លើ​ក្មេង​ ១២-១៥ឆ្នាំ នៅ​អឺរ៉ុប

BioNTech ត្រៀម​ដាក់​ពាក្យ​សុំ​សិទ្ធិ​ចាក់​ថ្នាំបង្ការកូវីដ​១៩ លើ​កុមារ ១២-១៥ឆ្នាំ នៅអឺរ៉ុប
BioNTech ត្រៀម​ដាក់​ពាក្យ​សុំ​សិទ្ធិ​ចាក់​ថ្នាំបង្ការកូវីដ​១៩ លើ​កុមារ ១២-១៥ឆ្នាំ នៅអឺរ៉ុប REUTERS - DADO RUVIC

មន្ទីរពិសោធន៍​អាល្លឺម៉ង់ BioNTech កំពុង​​រៀប​ចំ​សំណុំ​បែប​បទ​សុំ​ការ​អនុញ្ញាត​ពីអាជ្ញាធរ​សុខភាព​អឺរ៉ុប ចាក់ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩ លើ​ក្មេង​អាយុ ពី ១២ ទៅ​១៥​ឆ្នាំ។ សំណើ​នេះ​អាច​នឹង​ទទួល​បាន​ការ​យល់​ព្រមពី​អឺរ៉ុប​នៅ​ខែ​មិថុនា​ខាង​មុខ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកអ៊ូហ្គូ សាហ៊ីន​ Ugur Sahin នាយក​មន្ទីរពិសោធន៍BioNTech​​ ទៅក្នុង​​ទស្សនាវដ្តី​អាល្លឺម៉ង់​ Spiegel ។

ផ្សាយពាណិជ្ជកម្ម

គិត​មក​ទល់​ពេល​នេះវ៉ាក់សាំង​​របស់​ក្រុមហ៊ុន​Pfizer/BioNTech បានទទួលការ​អនុញ្ញាត​ឱ្យ​ចាក់​លើ​មនុស្ស​ចាប់​ពី​អាយុ​១៦ឆ្នាំ​ឡើង​ទៅ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាល្លឺម៉ង់​ លោក Jens Spahn ក្មេង​ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅក៏​អាច​នឹង​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​​ដែរ​ នៅ​យ៉ាង​យូរ​ក្នុងអំឡុង​ពេល​​​វិស្សមកាល​រដូវ​ក្តៅ ពោល​គឺ​ក្រោយ​ពី​​អាជ្ញាធរ​​ឱសថអឺរ៉ុបផ្តល់​ភ្លើងខៀវ។ ក្រុមហ៊ុន​BioNTech កំពុង​រៀប​ចំដាក់​សំណុំ​បែប​បទ​ទៅ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ហើយ។

ការ​ចាក់​ថ្នាំបង្ការ​កូវីដ​ដល់​ក្មេង​ចាប់​ពី​អាយុ​១២​ឆ្នាំ​ឡើង​ទៅ នឹង​អាច​ជួយ​ទប់​ស្កាត់​ការ​ចម្លង​រាតត្បាត​បាន​ច្រើន ព្រោះ​បច្ចុប្បន្ន​នេះ​អត្រា​ចម្លង​របស់​កុមារ​ និង​ក្មេង​អាយុ​ពី ៦​ទៅ​២០ឆ្នាំ​ឡើង​ខ្ពស់​ខ្លាំង។ លោក​រដ្ឋមន្ត្រី​សង្ឃឹម​ថា​អឺរ៉ុប​នឹង​សម្រេចចិត្ត​បានឆាប់​រហ័ស។ នៅ​ក្នុង​ដំណើរ​សុំ​សិទ្ធិ​បន្ទាន់ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប អាច​ត្រូវ​ការពេល​វេលាពី ៤​ទៅ ៦ សប្តាហ៍​ក្នុង​ការ​សិក្សា​សម្រេច​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល​ក្រុមហ៊ុន​ឱសថ​បាន​ដាក់​សំណើ​។

នៅ​សហរដ្ឋ​អាមេរិក BioNTech និងដៃគូ Pfizer ​ បាន​ដាក់​ពាក្យ​សុំ​សិទ្ធ​ចាក់​វ៉ាក់សាំង​កូវីដ​១៩​លើ​ក្មេង​ចាប់​ពី​អាយុ​១២​ឆ្នាំនេះ​ តាំង​ពី​ដើម​ខែ​​មេសា។

មន្ទីរពិសោធន៍ BioNTech ​សម្រេច​សុំ​សិទ្ធិ​ចាក់​វ៉ាក់សាំង​លើ​ក្មេង​ ដោយ​ផ្អែក​លើទិន្នន័យ​នៃ​ការ​សាកល្បង​គ្លីនិក​ (ដំណាក់កាលទី​បី) លើក្រុម​ក្មេងអាយុ១២-១៥ឆ្នាំ ចេញ​ផ្សាយ​កាលពី​ខែចុង​ខែមីនា។ ​លទ្ធផលបង្ហាញ​ថា​ វ៉ាក់សាំង​មាន​ប្រសិទ្ធភាពការពារ​ការចម្លង​មេរោគកូវីដ​១៩​បាន​​ដល់​ទៅ​១០០%។ ជា​ងនេះ​ទៅ​ទៀត​ ថ្នាំ​វ៉ាក់សាំង​ អាចបង្ក​ជា​ផល​រំខាន​ដូច​គ្នា​នឹង​អ្វី​ដែល​គេ​សង្កេត​ឃើញ​មាន​លើ​មនុស្ស​វ័យ​ក្មេង​អាយុ​ពី ១៦-ទៅ​២៥​ឆ្នាំដែរ។ សម្រាប់​ក្មេង​អាយុ​ពី ៥​ទៅ​១២​ឆ្នាំ​វិញ វ៉ាក់សាំង​ក៏​ទំនង​ជា​មាន​ប្រសិទ្ធភាព​ល្អ។ លទ្ធផល​នៃ​ការ​សាកល្បង​នឹង​បញ្ជាក់​នៅ​ខែ​កក្កដា។ ​តែ​នាយក​មន្ទីរពិសោធន៍​ BioNTech ​សង្ឃឹមជា​ស្រេច​​ថាអាជ្ញាធរ​​ឱសថ​អឺរ៉ុប​ក៏​នឹង​ផ្តល់​ការ​ព្រមព្រៀង​ដែរ​នៅ​ខែកញ្ញា។​

ក្រុមហ៊ុន​ក៏​កំពុង​បន្ត​សិក្សា​សាកល្បង លើ​កុមារ​តូចៗ​ (ក្រោម​៥ឆ្នាំ) មែនទែន​ទៀត តែ​គេ​ត្រូវ​រង់ចាំ​ដល់​យ៉ាង​ហោច​ខែ​កញ្ញា​ទើប​អាច​មាន​លទ្ធផល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI