បារាំង-កូវីដ១៩

បារាំង-កូវីដ១៩៖លោកម៉ាក្រុងបង្ហាញកាលវិភាគនៃការផ្តើមបើកប្រទេសបណ្តើរៗឡើងវិញ

ប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង​
ប្រធានាធិបតីបារាំង​លោក​ម៉ាក្រុង​ AP - Ian Langsdon

នៅ​ក្នុង​ប្រទេស​បារាំង ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​កាសែត​តំបន់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មេសា​ដើម្បី​និយាយ​ពី​ស្ថានភាព​នៃ​ជំងឺ​កូវីដ១៩ និង​កាលវិភាគ​នៃ​ការ​ផ្តើម​លើក​ការ​បិទខ្ទប់​ប្រទេស​បណ្តើរៗ​ឡើង​វិញ។ ការ​ផ្តើម​លើក​ការ​បិទខ្ទប់​ប្រទេស​ឡើង​វិញ​ត្រូវ​បាន​​លោក​ម៉ាក្រុង​ចែក​ចេញ​ជា ៤ដំណាក់ការ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី៣ ឧសភា​ខាង​មុខ​ទៅ។ គួរ​រម្លឹក​ថា​សព្វថ្ងៃ​នេះ បារាំង​កំពុង​អនុវត្ត​វិធានការ​បិទខ្ទប់ ដូច​ជា​បិទ​ភោជនីយដ្ឋាន បិទ​ហាង​លក់ទំនិញ​មិន​ចាំ​បាច់ មិន​ឲ្យ​ដើរហើរ​លើស ១០គីឡូម៉ែត្រ​ពី​ផ្ទះ ឬ​មួយ​ដាក់​បំរាមគោចរ​ពី​ម៉ោង ៧យប់​ដល់​ម៉ោង ៦ភ្លឺ​ជា​ដើម។

ផ្សាយពាណិជ្ជកម្ម

ការ​បើក​ប្រទេស​ឡើង​វិញ​បណ្តើរៗ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា ៤ដំណាក់ការ​ដោយ​លោក​ម៉ាក្រុង​បាន​កំណត់​ថ្ងៃ ខែ​ច្បាស់លាស់ គឺ​ថ្ងៃទី៣ ឧសភា ថ្ងៃទី១៩ ឧសភា ថ្ងៃទី៩ មិថុនា និង​ថ្ងៃទី៣០ មិថុនា។ ថ្ងៃទី៣ ឧសភា​ជា​ថ្ងៃ​បិទបញ្ចប់​នៃ​ការ​ប្រើ​លិខិត​អនុញ្ញាត​ដើម្បី​ដើរហើរ​លើស​ពេល​ម៉ោង និង​ចម្ងាយ​ដែល​បាន​កំណត់ ហើយ​ក៏​ជា​ថ្ងៃ​បិទបញ្ចប់​នៃ​ការ​ដើរហើរ​បាន​ត្រឹម ១០គីឡូម៉ែត្រ​ពី​ផ្ទះ​ដែរ មាន​ន័យ​ថា គេ​អាច​ទៅ​ណា មក​ណា​ដោយ​សេរី​ដោយ​គ្មាន​កំណត់​ចម្ងាយ។ តែ​បំរាមគោចរ​ពី​ម៉ោង ៧យប់​ដល់​ម៉ោង ៦ភ្លឺ​បន្ត​ទុក​ដដែល។ បន្ទាប់​មក​ចាប់​ពី​ថ្ងៃទី១៩ ឧសភា​ទៅ ហាង​លក់​ទំនិញ​មិន​ចាំ​បាច់​អាច​បើក​ទ្វារ​បាន​ឡើង​វិញ។ ចំណែក​ភោជនីយដ្ឋាន អាហារដ្ឋាន និង​ហាង​កាហ្វេ​ក៏អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​បានដែរ តែ​ទទួល​បាន​ដោយ​ដាក់​តុ កៅអី​នៅ​ខាង​ក្រៅ។

ទន្ទឹម​គ្នា​នេះ ទីកន្លែង​វប្បធម៌ ដូច​ជា​រោងកុន រោងល្ខោន សារៈមន្ទីរ និង​សាល​រៀបចំ​ទស្សនីយភាព​ក៏​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​ចាប់​ពី​ថ្ងៃទី១៩ ឧសភា​ទៅ​ដែរ។ តែ​ការ​ទទួល​ភ្ញៀវ​ឲ្យ​អង្គុយ​បាន​កំណត់​ចំនួន​ត្រឹម ៨០០នាក់​ច្រើន​បំផុត​នៅ​ខាង​ក្នុង និង ១០០០នាក់​នៅ​ខាង​ក្រៅ។ ចំណែក​បំរាមគោចរ​នឹង​ត្រូវ​រំកិល​ថែម ២ម៉ោង​ដោយ​ចាប់​ពី​ម៉ោង ៩យប់​ដល់​ម៉ោង ៦ភ្លឺ។ បន្ទាប់​មក​ទៀត​ចាប់​ពី​ថ្ងៃទី៩ មិថុនា​ទៅ ភោជនីយដ្ឋាន អាហារដ្ឋាន និង​ហាង​កាហ្វេ​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​បាន​ទាំង​នៅ​ខាង​ក្នុង និង​ខាង​ក្រៅ។ ចំណែក​សាល​ហាត់កីឡា​ក៏​អាច​បើក​ទ្វារ​ទទួល​ភ្ញៀវ​ជា​ថ្មី​ចាប់​ពី​ថ្ងៃទី៩ មិថុនា​ទៅ​ដែរ។ នៅ​ពេល​នោះ បំរាមគោចរ​ចាប់​ពី​ថ្ងៃទី៩ មិថុនា​ទៅ​នឹង​ត្រូវ​រំកិល​ថែម ២ម៉ោង​ទៀត​ដោយ​ចាប់​ពី​ម៉ោង ១១យប់​ដល់​ម៉ោង ៦ភ្លឺ។

ដំណាក់ការ​ទី៤ ចុង​ក្រោយ​ចាប់​ពី​ថ្ងៃទី៣០ មិថុនា គឺ​ជា​ការ​បើក​ប្រទេស​ទាំង​ស្រុង​ឡើង​វិញ​ដោយ​លែង​មាន​បំរាមគោចរ​ទៀត​ឡើយ។ តែ​ប្រធានាធិបតី​លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ថា កាលវិភាគ​នៃ​ការ​បើក​ប្រទេស​បណ្តើរៗ​ឡើង​វិញ​ជា ៤ដំណាក់ការ​នេះ​នឹង​ត្រូវ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ និង​ត្រូវ​សម្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង។ លក្ខខណ្ឌ និង​ស្ថានភាព​ជាក់ស្តែង​ដែល​លោក​ម៉ាក្រុង​ចង់​និយាយ គឺ​ការ​បន្ត​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ​ការពារ មាន​លិខិត​បញ្ជាក់​អវិជ្ជមាន​កូវីដ១៩ ឬ​លិខិត​បញ្ជាក់​ចាក់​វ៉ាក់សាំង​សម្រាប់​ចូលរួម​នៅ​ក្នុង​ពិធី​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ១ ០០០នាក់ និង​ការ​វិវត្តន៍​ទៅ​នៃ​ជំងឺ​កូវីដ១៩។ តាម​លោក​ម៉ាក្រុង បើ​ស្ថានភាព​កូវីដ១៩ ត្រឡប់​ធ្លាក់​ដុនដាប​ជា​ថ្មី និង​ចំនួន​ករណី​ឆ្លង​ហក់​ឡើង​យ៉ាង​គំហុក លោក​មិន​ញញើត​នឹង​ផ្តើម​រឹតបន្តឹង​វិធានការ​ជា​ថ្មី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI