សហភាពអឺរ៉ុប-វ៉ាក់សាំងបង្ការកូវីដ

ព្រំដែន៖ អឺរ៉ុប​នៅមិនទាន់​ស្វាគម អ្នកទេសចរ​ដែល​ចាក់វ៉ាក់សាំង ចិន និង​វ៉ាក់សាំងរុស្ស៊ី

បុគ្គលិកពេទ្យ​ហូឡង់ចាក់វ៉ាក់សាំង​Pfizer ដល់​ប្រជាជន​ហូឡង់ នៅ​ខែ​មករា ឆ្នាំ ២០២១។ ដោយសារ​ករណី រកឃើញកំណកដុំឈាម​ក្នុង​សរសៃឈាម ក្នុង​ចំណោមអ្នកដែល​ចាក់វ៉ាក់សាំង AstraZeneca ហូឡង់​បាន​ផ្អាក​ចាក់វ៉ាក់សាំង​របស់អង់គ្លេស។
បុគ្គលិកពេទ្យ​ហូឡង់ចាក់វ៉ាក់សាំង​Pfizer ដល់​ប្រជាជន​ហូឡង់ នៅ​ខែ​មករា ឆ្នាំ ២០២១។ ដោយសារ​ករណី រកឃើញកំណកដុំឈាម​ក្នុង​សរសៃឈាម ក្នុង​ចំណោមអ្នកដែល​ចាក់វ៉ាក់សាំង AstraZeneca ហូឡង់​បាន​ផ្អាក​ចាក់វ៉ាក់សាំង​របស់អង់គ្លេស។ AP - Piroschka van de Wouw

វិស្សមកាល រដូវក្តៅ កាន់តែ​ខិតចូលមកដល់ សហភាពអឺរ៉ុប​កំពុងត្រៀមផែនការ​ដើម្បី​បើកព្រំដែន​ទទួល​អ្នកទេសចរឡើងវិញ បន្ទាប់​ពីអាក់ខាន អស់១ឆ្នាំ​កន្លះ ដោយសារ​វិបត្តិកូវីដ។ ប៉ុន្តែ នៅក្នុង​គម្រោងបើកទទួល​អ្នកទេសចរ​បរទេស ក្នុង​ដំណាក់កាលដំបូងនេះ គណៈកម្មការ​អឺរ៉ុប​ណែនាំ​ឲ្យ​ប្រទេស​សមាជិកអឺរ៉ុប បើកព្រំដែន​ទទួល​តែ​ជនបរទេស​ណា ដែលបាន​ចាក់វ៉ាក់សាំង ដែល​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​បើកភ្លើងខៀវ អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​តែប៉ុណ្ណោះ។ អាច​និយាយ​បាន​ថា អ្នកដែលបាន​ចាក់វ៉ាក់សាំង ចិន និង​វ៉ាក់សាំង រុស្ស៊ី នៅមិនទាន់​អាច​ទៅ​ធ្វើដំណើរ​កំសាន្ត​ក្នុង​ទឹកដី អឺរ៉ុបបានឡើយ នៅ​រដូវក្តៅខាងមុខនេះ។

ផ្សាយពាណិជ្ជកម្ម

ទោះយុទ្ធនាការ​ចាក់វ៉ាក់សាំង ដំណើរការយឺត នៅមិនទាន់​ឆ្លើយតប​តាមការរំពឹងទុក ប្រទេសមួយចំនួន​របស់​សហភាព​អឺរ៉ុប ដែល​រំពឹងខ្លាំង​លើ​ចំណូល​ពីវិស័យ​ទេសចរណ៍​កំពុង​គ្រោង បើកទ្វារ​ទទួលអ្នកទេសចរ មកពីប្រទេស​ក្រៅរង្វង់សហភាព​អឺរ៉ុប។ ខណៈសមាជិក​អឺរ៉ុប​មួយចំនួន បានបើកទ្វារ​ទទួល​យក​អ្នកទេសចរ​រួចហើយ ប៉ុន្តែ ជាមួយ លក្ខខណ្ឌ។

ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ មានភាព​អនាធិបតេយ្យ និង​ការឆ្លងរាលដាល​កូវីដ ដោយសារ​ការធ្វើចរាចរណ៍ ដោយសេរី ក្នុង​លំហរ​Schengen គណៈកម្មការ​អឺរ៉ុប​បានស្នើ ​វិធានការមួយ ដែល​ប្រទេស​សមាជិក​អឺរ៉ុប​ទាំង ២៧ ត្រូវ​អនុវត្តរួមគ្នា។ នោះ គឺ​ប្រទេស​សមាជិក​អឺរ៉ុប​អាច​បើកព្រំដែន​ សម្រាប់ការធ្វើដំណើរ​មិនចាំបាច់ ជាមួយ​ប្រទេស​ដែល​មានករណី​ឆ្លងកូវីដ តិចតួច។

សព្វថ្ងៃនេះ សហភាពអឺរ៉ុប​បើកព្រំដែន សម្រាប់តែ​ប្រទេស​ចំនួន ៦​ប៉ុណ្ណោះ ដែលមានដូចជា សិង្ហបុរី ថៃ អូស្ត្រាលី កូរ៉េខាងត្បូង និង​នូវែលហ្សេឡង់។

តាម​គណៈកម្មការ​អឺរ៉ុប នៅក្នុង​ក្របខ័ណ្ឌ​បើកទ្វារ​ទទួល​អ្នកទេសច ឲ្យបានទូលំទូលាយ​ជាងមុន ប្រទេស​សមាជិក​អឺរ៉ុប​អាច​បើកព្រំដែន​ស្វាគម​ផងដែរ ជនបរទេស ក្រៅរង្វង់​សហភាព​អឺរ៉ុប បើសិន ពួកគេ​បាន​ចាក់រួចហើយ វ៉ាក់សាំង បង្ការ​កូវីដ ដែល​ទទួល​ស្គាល់​ដោយ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប។

សព្វថ្ងៃនេះ ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​បាន​ផ្តល់ភ្លើងខៀវ​ឲ្យប្រើវ៉ាក់សាំង តែ៤​ប៉ុណ្ណោះ ក្នុង​រង្វង់​សហភាពអឺរ៉ុប ដូចជា វ៉ាក់សាំង Pfizer Moderna AstraZeneca និង​Jonhson&Johnsonចំណែក​វ៉ាក់សាំង​រុស្ស៊ី​Sputnik V កំពុងស្ថិតក្នុង​បញ្ជីឈ្មោះ​រង់ចាំ​ការពិនិត្យ​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប។ តាម​សំណើ​របស់គណៈកម្មការ​អឺរ៉ុប ប្រទេស​សមាជិក​អឺរ៉ុប​អាច​យោង​ផងដែរ លើ​បញ្ជី​ឈ្មោះ វ៉ាក់សាំង ដែល​ទទួល​ស្គាល់​អង្គការ​សុខភាព​ពិភពលោក ដែល​តាមពិត​គ្មាន​ខុសគ្នា​ប៉ុន្មាន​ពី​បញ្ជី​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុបនោះទេ។

វិធានការ​ស្នើឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប នឹង​ត្រូវ​ដាក់​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​ពិភាក្សា ហើយ​គណៈកម្មការ​អឺរ៉ុប​សង្ឃឹមថា នឹង​អាច​ត្រូវ​គេ​បោះឆ្នោត នៅ​ចុងខែ​ឧសភា ដើម្បី​ដាក់​ឲ្យ​អនុវត្ត​ចាប់ពី ខែ​មិថុនា​តទៅ។

ប្រសិន​បើ​វិធានការស្នើ​ដោយ​គណៈកម្មការអឺរ៉ុប​បោះឆ្នោត​អនុម័ត​ឲ្យ​ចាប់អនុវត្ត​ចាប់ពី​ខែ​មិថុនា​ទៅ នោះ​រាល់អ្នកដំណើរ មិន​ចាំបាច់​ដែល ចង់​ឆ្លងចូល​ទឹកដីអឺរ៉ុប ត្រូវ​មាន​លិខិត​បញ្ជាក់ថា​គេ​បានចាក់វ៉ាក់សាំង នៅ​១៤​ថ្ងៃ​មុន​ឡើង​យន្តហោះ។

នៅពេល​វិធានការ​ស្នើឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប គ្មានលក្ខណៈ​ចាប់បង្ខំ ប៉ុន្តែ វា​នឹង​អាច​ប៉ះពាល់​ទៅ​អ្នកដំណើរ​មក​ពីប្រទេស​ជាច្រើន ដែល​បាន​ចាក់វ៉ាក់សាំង​ចិន Sinovac និង​វ៉ាក់សាំង​រុស្ស៊ីSputnik V ដែល​ជា​វ៉ាក់សាំង​មិនទាន់​បានការទទួលស្គាល់ ពី​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​នៅឡើយ។ គួរបញ្ជាក់ថា ទាំង​អង្គការ​សុខភាព ពិភពលោក និង​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប កំពុង​ពិចារណា នៅ​ខែ​ឧសភា ដើម្បី​សម្រេច​ថា គេ​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង រុស្ស៊ី Sputnik V​ដែរឬទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI