យន្តការ Covax ចាប់មានសន្ទុះឡើងវិញ ដោយជំនួយរបស់Moderna និងស៊ុយអែត
ចុះផ្សាយនៅថ្ងៃ៖
យន្តការរបស់អង្គការសុខភាពពិភពលោក ចែកចាយវ៉ាក់សាំងប្រឆាំងកូវីដដល់ប្រទេសក្រីក្រហៅកាត់ថា Covax កូវ៉ាក់ ចាប់មានកម្លាំងឡើងវិញ ដោយអាចមានថ្នាំបង្ការដល់ទៅ ៥០០លានដូស។ សម្ព័ន្ធគ្រប់គ្រងវ៉ាក់សាំងកូវីដ ទើបបានចុះហត្ថលេខាព្រមព្រៀងទទួលជំនួយថ្នាំបង្ការពីក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna។ ចំណែកប្រទេសស៊ុយអែតវិញ ក៏បានសន្យាផ្តល់ថ្នាំបង្ការកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា ចំនួន១លានដូស ដល់Covaxដែរ។
ត្រូវចាំយូរបន្តិច តែប្រសើរជាងអត់សោះ ! ថ្នាំបង្ការប្រឆាំងកូវីដ១៩ ផលិតតាមបច្ចេកវិទ្យាទំនើប ARN របស់ក្រុមហ៊ុនឱសថអាមេរិក Moderna នឹងត្រូវប្រគល់ទៅដល់ដៃយន្តការកូវ៉ាក់ នៅត្រីមាសទីបួន នៃឆ្នាំ២០២១ ចំនួន ៣៤លានដូស និង ៤៦៦លានដូសទៀត នៅឆ្នាំ២០២២។ ហើយម្យ៉ាងទៀត នៅក្នុងកិច្ចព្រមព្រៀង ថ្នាំវ៉ាក់សាំងជាអំណោយរបស់Modernaនេះ អាចជាថ្នាំមានសមត្ថភាពប្រយុទ្ធប្រឆាំងឈ្នះនឹងអនាគតមេរោគកូវីដបំប្លែងខ្លួនថ្មីទៀតផង។
ជាមួយកិច្ចព្រមព្រៀងជាមួយModerna យន្តការកូវ៉ាក់ កំពុងបោះជំហានទៅសម្រេចកម្មវត្ថុ មានថ្នាំបង្ការក្នុងចំនួនច្រើន និងច្រើនមុខ ដើម្បីអាចប្រឈមនឹងជំងឺរាតត្បាតដែលវិវឌ្ឍ និង មានមេរោគបំប្លែងខ្លួនឥតឈប់។ « ពិភពលោកទាំងមូលនឹងអាចមានថ្នាំបង្ការប្រឆាំងកូវីដ១៩ » នេះបើតាមប្រសាសន៍របស់លោក Stéphane Bancel ប្រធានមន្ទីរពិសោធន៍Moderna ដែលសន្យាថានឹងបង្កើនផលិតកម្មវ៉ាក់សាំង ឱ្យដល់ចំនួន៣ពាន់លានដូសនៅឆ្នាំ២០២២ ពោលគឺពីរដងច្រើនជាងការគ្រោងទុក។
រហូតមកទល់នឹងពេលនេះ យន្តការកូវ៉ាក់ មានថ្នាំបង្ការប្រឆាំងកូវីដ១៩ របស់AstraZeneca ចំនួនជាង៤៩លានដូស ចែកចាយឱ្យប្រទេសចំនួន ១២១ និងត្រូវការជាបន្ទាន់ នូវវ៉ាក់សាំង២០លានដូសសម្រាប់ត្រីមាសទីពីរនេះ ព្រោះឥណ្ឌាដែលកំពុងប្រឈមខ្លាំងនឹងការរាតត្បាតកូវីដ១៩ បានសម្រេចផ្អាកនិងបិទខ្ទប់ការនាំចេញថ្នាំបង្ការAstraZenecaមួយរយៈសិន។ ស្របតាមការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដែលសុំឱ្យប្រទេសមានវ៉ាក់សាំងគ្រប់គ្រាន់ហើយ ជួយរំលែកថ្នាំដល់ប្រទេសក្រីក្រ ស៊ុយអែត ដែលផ្អាកលែងប្រើថ្នាំបង្ការរបស់AstraZeneca តាំងពីថ្ងៃទី ១៦មីនាមក និងចាក់ឱ្យមនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅនោះ បានប្រកាស នៅថ្ងៃចន្ទទី ៣ឧសភា តាមគំរូ បារាំង និងនូវែលហ្សេឡង់ ផ្តល់វ៉ាក់សាំងដែលខ្លួនមាន ទៅឱ្យយន្តការកូវ៉ាក់ក្នុងចំនួនមួយលានដូស។ ជំនួយថ្មីនេះនឹងជួយប្រជាពលក្នុងប្រទេសក្រីក្រ បានចាក់ដូសទីពីរ។
ចំណែកសហរដ្ឋអាមេរិកបានព្រលយថានឹងបញ្ចេញថ្នាំ បង្ការAstraZeneca ដែលខ្លួនមិនប្រើចំនួន៦០លានដូសដែរ ប៉ុន្តែមិនបានបញ្ជាក់ទេថាតើការចែកចាយនេះនឹងធ្វើតាមរយៈយន្តការCovaxឬអត់នោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ