G7-កូវីដ​១៩

រងសំពាធ​ពេក ក្រុម​ប្រទេស​អ្នកមាន​G7 កំពុង​ពិចារណា រកវិធី​បែងចែង​វ៉ាក់សាំង​ទៅ​​ប្រទេស​ក្រីក្រ

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេសសេដ្ឋកិច្ចនាំមុខ G7នៅទីក្រុងឡុងដ៍ ថ្ងៃទី​ ៥ ឧសភា ២០២១
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេសសេដ្ឋកិច្ចនាំមុខ G7នៅទីក្រុងឡុងដ៍ ថ្ងៃទី​ ៥ ឧសភា ២០២១ AP - Ben Stansall

រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​នាំមុខ​G7 ​កំពុងបន្តជួប​ប្រជុំគ្នា​នៅទីក្រុងឡុងដ៍ ដោយ​នៅថ្ងៃនេះ គេនឹងជជែកគ្នាដើម្បីរកវិធី ធ្វើយ៉ាងណា បែងចែក​វ៉ាក់សាំងប្រឆាំងកូវីដ​១៩ យកទៅជួយ​ប្រទេសក្រីក្រ។​ ក្រុមប្រទេសអ្នកមានកំពុងតែរងសំពាធ និងការរិះគន់ ថាបាន​ប្រមូលទិញវ៉ាក់សាំងសឹងតែទាំងអស់​​​ យកទៅចាក់ឲ្យ​ប្រជាជនខ្លួន ខណៈប្រជាជន​នៅតាម​ប្រទេសក្រីក្រ ជាច្រើនរយលាននាក់ នៅតែមិនទាន់អាចបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេសអង់គ្លេស អាមេរិក បារាំង ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី និង កាណាដា បន្តជួប​ប្រជុំគ្នានៅទីក្រុងឡុងដ៍ ក្នុងថ្ងៃពុធទី​៥ឧសភា ដើម្បី​ជជែកគ្នា រកមធ្យោបាយ ជំរុញយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​១៩ ឲ្យ​បានលឿនរហ័សនៅទូទាំងពិភពលោក។ បញ្ហាកង្វះវ៉ាក់សាំង គឺជាចំណោទធំបំផុត ជាពិសេសនៅតាមប្រទេសក្រីក្រ។ ប្រទេសក្រីក្រគ្មានប្រាក់ទិញវ៉ាក់សាំង ហើយវ៉ាក់សាំងក៏ផលិតមិនទាន់​ទៀត​ ដោយសារតែប្រទេសអ្នកមាន​ប្រមូលទិញ កក់ទុកសឹងតែទាំងអស់។

នៅតាមប្រទេសអ្នកមាន ចំនួន​ប្រជាជនដែលបានទទួលវ៉ាក់សាំង បានកើនឡើងជាលំដាប់ ធ្វើឲ្យ​គេអាចចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ។ ក៏ប៉ុន្តែវិបត្តិកូវីដ​១៩ មិនទាន់ចប់ទេសម្រាប់ប្រទេសក្រីក្រី។ ស្ថានភាព​ឆ្លងរាលដាលខ្លាំងនៅឥណ្ឌា បញ្ជាក់ថាកូវីដ​១៩ នៅតែបន្ត​អន្រួនពិភពលោក ដរាបណាមិនមានវ៉ាកសាំងចាក់ទៅឲ្យ​មនុស្ស​ឲ្យ​បាន​ច្រើនបំផុតទេនោះ។

សូមបញ្ជាក់ថា យន្តការ Covax ដែលផ្តួចផ្តើមឡើង ដោយ​អង្គការសុខភាពពិភពលោក កំពុងតែយឺតយ៉ាវខ្លាំង ក្នុងការប្រគល់វ៉ាក់សាំងជូនប្រទេសក្រីក្រ។ គិតត្រឹមពេលនេះ Covax បានចែកចាយវ៉ាក់សាំង បាន​ចំនួនតែ​៤៩លានដូសតែប៉ុណ្ណោះ នៅតាមប្រទេស​១២១ ពោលគឺវាទាបខ្លាំងណាស់ បើប្រៀបធៀបទៅនឹងកម្មវត្ថុ ២ពាន់លានដូសក្នុងឆ្នាំ​២០២១។

ដោយឡែក លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក បាន​អំពាវនាវកាលពីថ្ងៃចន្ទ កន្លងទៅ សុំឲ្យ​ប្រទេសមានសេដ្ឋកិច្ចនាំមុខ G7 មេត្តាផ្តល់ប្រាក់វិភាគទានដែលបានសន្យាឲ្យ​គ្រប់ ដើម្បីយកទៅចំណាយ​ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ​១៩ ACT។ លោក​បានថ្លែងការបារម្ភថា ឆ្នាំ​២០២១នេះ គឺអាចខ្វះប្រាក់ដល់ទៅ​១ម៉ឺន៩ពាន់លានដុល្លារ។ ចំណែកនៅឆ្នាំក្រោយវិញ គឺគេត្រូវការ​យ៉ាងហោច ចន្លោះពី​៣ម៉ឺន៥ពាន់លាន ទៅ ៤ម៉ឺន៥ពាន់លានដុល្លារ។

គួររំលឹកថា កាលពីខែកុម្ភៈ ក្រុម​ប្រទេសG7 បានសន្យាថា នឹងជួយវិភាគទានចំនួនសរុប ៧ពាន់​៥រយ​លាន​ដុល្លារ នៅក្នុងយន្តការ Covax។ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បានអំពាវនាវផងដែរ ឲ្យ​ប្រទេសអ្នកមាន ចែករំលែកវ៉ាក់សាំងចំនួន ពី ៣% ទៅ ៥% ដើម្បីយកទៅចែកឲ្យ​ប្រទេសនៅទ្វីបអាហ្វ្រិក។ នៅក្នុង​ជំនួបដាច់ដោយឡែក រវាង​លោក រដ្ឋមន្ត្រីការបរទេសអាមេរិក​ និងលោកនាយករដ្ឋមន្ត្រីអង់គ្លេស កាលពីយប់ថ្ងៃអង្គារ ប្រទេសទាំង២បានព្រមព្រៀងគ្នាថា​ នឹង​ជំរុញឲ្យ​មានការបង្កើនការផលិតវ៉ាក់សាំង ឲ្យ​បានច្រើនបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI