អឺរ៉ុបបង្ហាញផែនការកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនបរទេសសម្រាប់វិស័យយុទ្ធសាស្រ្តខ្លះ

លោកស្រី Margrethe Vestager នាយិការងប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកឌីជីថល
លោកស្រី Margrethe Vestager នាយិការងប្រតិបត្តិនៃគណៈកម្មការអឺរ៉ុបទទួលបន្ទុកឌីជីថល Yves Herman Pool/AFP

នៅ​ថ្ងៃ​ពុធ ទី៥ ឧសភា សហភាព​អឺរ៉ុប​បាន​បង្ហាញ​ចេញ​នូវ​ផែនការ​ដែល​សំដៅ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ចិន និង​បរទេស​នៅ​ក្នុង​វិស័យ​យុទ្ធសាស្រ្ត​ចំនួន ៦ មាន​ដូច​ជា​វត្ថុធាតុដើម ផលិផល​ឱសថ ឬ​មួយ​ក៏​ផលិតផល​សឺមីកុងឌុចទ័រ​ជា​ដើម។ សហភាព​អឺរ៉ុប​យល់​ឃើញ​ថា ផែនការ​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន​នូវ​ផលិតផល​យុទ្ធសាស្រ្ត​មួយ​ចំនួន​ដោយ​មិន​ចាំ​បាច់​ពឹង​លើ​អ្នក​ដទៃ ពិសេស​ចិន។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​សហភាព​អឺរ៉ុប ផែនការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​បរទេស​សម្រាប់​តម្រូវការ​នៅ​ក្នុង​​វិស័យ​យុទ្ធសាស្រ្ត​ខ្លះ​ជា​រឿង​បន្ទាន់​បំផុត។ ឧទាហរណ៍​ជាក់ស្តែង មាន​ផលិតផល​ប្រមាណ​ជា​ពាក់កណ្តាល​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​រសើប​ដែល​សហភាពអឺរ៉ុប​ត្រូវ​ការ​ពី​ចិន ដូច​ជា​វត្តុធាតុដើម​ចម្រុះ វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ និង​ផលិតផល​គន្លឹះផ្សេង​ទៀត​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អាកាសធាតុ និង​ឌីជីថល។ លោកស្រី Margrethe Vestager នាយិការង​ប្រតិបត្តិ​នៃ​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ឌីជីថល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ថា ផែនការ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​បរទេស​ជា​យុទ្ធសាស្រ្ត​ឧស្សាហកម្ម​ថ្មី​ដើម្បី​ធានា​ថា ឧស្សាហកម្ម​អឺរ៉ុប​នឹង​នាំ​អឺរ៉ុប​ទៅ​រក​ការ​ផ្លាស់ប្តូរ​បៃតង និង​ឌីជីថល​នៃ​សេដ្ឋកិច្ច​អឺរ៉ុប។

វិធានការ​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ផែនការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ក្រុមហ៊ុន​បរទេស​នេះ គឺ​ផ្តោត​សំខាន់​លើ​ភាព​ចម្រុះ​នៃ​តម្រូវការ និង​ការ​ផ្គត់ផ្គង់​ដោយ​ផ្អែក​លើ​ដៃគូ​ពាណិជ្ជកម្ម​ចម្រុះ។ ទន្ទឹម​គ្នា​នេះ សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​អាច​នឹង​ដាក់​រួម​គ្នា​នូវ​ធនធាន​សម្រាប់​ប្រយោជន៍​រួម​ក្នុង​គោលដៅ​គាំទ្រ​លើ​គម្រោង​ដែល​គេ​វិនិច្ឆ័យ​ថា មាន​សារៈសំខាន់​ដល់​ការ​ប្រកួតប្រជែង​របស់​អឺរ៉ុប​នៅ​ក្នុង​វិស័យ​មួយ​ចំនួន ដូច​ជា​អ៊ីដ្រូសែន ឧស្សាហកម្ម​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​តិច ឧស្សាហកម្ម​ឱសថ និង​សឺមីកុងឌុចទ័រ។

គួរ​រម្លឹក​ថា គំនិត​ផ្តួចផ្តើម​បង្កើត​ឲ្យ​មាន​ផែនការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​អ្នក​ដទៃ​បាន​កើត​មាន​នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩ ផ្តើម​ឆ្លង​រាលដាល​ពេញ​ពិភពលោក។ នៅ​ពេល​នោះ ប្រទេស​សឹង​តែ​ទាំង​អស់ មិន​ថា​នៅ​អឺរ៉ុប ឬ​នៅ​អាស៊ី​ទេ​បាន​ខ្វះ​សប់ ខ្វះគ្រប់ ពិសេស​ថ្នាំពេទ្យ និង​សម្ភារៈបរិក្ខារពេទ្យ។ នេះ​ដោយ​មិន​បាន​រាប់​បញ្ចូល​នូវ​ផលិតផល​ប្រើប្រាស់​ផ្សេង​ទៀត រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​ផង។ ម៉ាស សម្លៀកបំពាក់ពេទ្យ ឬ​មួយ​ក៏​ថ្នាំ​ចាំ​បាច់​មួយ​ចំនួន​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ សុទ្ធសឹង​ជា​ផលិផល​កម្រ​នៅ​ពេល​ផ្ទុះ​កូវីដ១៩ ដំបូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI