វ៉ាក់សាំងកូវីដ១៩-បារាំង

លោកម៉ាក្រុងថា គាំទ្រ​គំនិត​ព្យួរ​​កម្មសិទ្ធិ​បញ្ញា​លើ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ដើម្បី​ជួយ​​ប្រទេស​ក្រីក្រ

លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងពេល​ធ្វើសន្ទរកថា នៅបណ្ឌិតសភាជាតិបារាំង ថ្ងៃទី ៥ ឧសភា ២០២១
លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងពេល​ធ្វើសន្ទរកថា នៅបណ្ឌិតសភាជាតិបារាំង ថ្ងៃទី ៥ ឧសភា ២០២១ AP - Michel Euler

កាលពីថ្ងៃពុធ ទី​៥ឧសភា លោក​ចូ បៃដិន ប្រធានាធិបតីអាមេរិក បាន​លើកឡើងថា រដ្ឋាភិបាល​លោក គាំទ្រគំនិត ចង់ព្យួរសិទ្ធិកម្មសិទ្ធិបញ្ញា លើវ៉ាក់សាំងប្រឆាំងកូវីដ​១៩។ ធ្វើបែបនេះ គឺដើម្បី​បើកសិទ្ធិ ឲ្យគ្រប់​មន្ទីរពិសោធន៍ និងសហគ្រាសផលិតឱសថទាំងអស់ នៅគ្រប់ប្រទេស អាចផលិត​វ៉ាក់សាំងប្រឆាំងកូវីដ១៩ យកទៅចាក់ឲ្យ​ប្រជាជន ឲ្យ​បានច្រើន​បំផុត។ សំណើរនេះ នឹងត្រូវយកពិនិត្យ​ពិភាក្សាគ្នា ដើម្បីសម្រេចនៅឯអង្គការពាណិជ្ជកម្មពិភពលោក។ ក្រោយ​ការប្រកាសជំហរ របស់លោក​ប្រធានាធិបតីអាេមរិកនេះ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​ប្រាប់ទៅអ្នក​កាសែត​ថា លោកក៏​មិនជំទាស់នឹងគំនិតនេះដែរ​ ព្រោះសម្រាប់លោក វ៉ាក់សាំងប្រឆាំងកូវីដ១៩ គឺជា​ទ្រព្យរួមរបស់​ពិភពលោកយើង។

ផ្សាយពាណិជ្ជកម្ម

"ខ្ញុំពិតជាមិនជំទាស់ នឹងគំនិតចង់បើកចំហរ សិទ្ធិកម្មសិទ្ធិបញ្ញានេះទេ។​ ខ្ញុំធ្លាប់បាន​បញ្ជាក់ជំហរនេះ តាំងតែពីមួយឆ្នាំមុនម្លេះ។​ វាជារឿងពិតជាក់ស្តែង ទាក់ទិននឹងបញ្ហាលំបាកក្នុងការទទួល​បាន​​វ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយ​វានឹងបង្ខំយើងទៅថ្ងៃមុខ ឲ្យ​ទទួលយក ការបើកចំហរសិទ្ធិកម្មសិទ្ធិបញ្ញានេះ។​

ក៏ប៉ុន្តែ មិនមែនត្រឹមតែបើកចំហរសិទ្ធិកម្មសិទ្ធិបញ្ញាហើយ​ អាចដោះស្រាយបញ្ហាបាននោះទេ។ ចំណុចសំខាន់ គឺធ្វើយ៉ាងណា ផ្ទេរបច្ចេកវិទ្យា និងផ្ទេរសមត្ថភាព​ក្នុងការផលិតវ៉ាក់សាំង​ទាំងនេះ។ យើងអាចផ្ទេរសិទ្ធិកម្មសិទ្ធិបញ្ញា  ទៅឲ្យ​សហគ្រាសផលិតឱសថ នៅតាម​ប្រទេសនៅអាហ្វ្រិកបាន​ ក៏ប៉ុន្តែពួកគេ ពុំមាន​ទីតាំង និងបច្ចេកទេសក្នុងការផលិត​ វ៉ាក់សាំងប្រភេទ ARN messagerទេ។ ដូច្នេះ អ្វីដែលយើងត្រូវដោះស្រាយ គឺ​ត្រូវផ្ទេរទាំងផ្នែកបច្ចេកវិទ្យា  ចំណេះដឹងចាំបាច់ ដើម្បីរៀបចំ​មន្ទីរពិសោធន៍ ដែលអាចផលិតវ៉ាក់សាំង ARN messager បាន នៅទ្វីបអាហ្វ្រិក។ ចំណុចនេះហើយ ដែលជាកូនសោររបស់យើង។

ជាសរុបមកវិញ ខ្ញុំបញ្ជាក់ថា ខ្ញុំគាំទ្រគំនិតទាំងនេះ ខ្ញុំគាំទ្រឲ្យយើងគ្រប់គ្នា ប្រឹងប្រែង ធ្វើយ៉ាងណា ឲ្យ​វ៉ាក់សាំងទាំងនេះ ក្លាយជាទ្រព្យរួមរបស់ពិភពលោកយើង។

តែយ៉ាងណា អ្វីដែលបន្ទាន់នឹងចាំបាច់បំផុតនាពេលនេះ គឺការរួមសាមគ្គីគ្នារវាងប្រទេសអ្នកមាន​​ ក្នុងការជួយ​ចែករំលែក ផ្តល់ជាវិភាគទានជាវ៉ាក់សាំង ទៅជួយ​ប្រទេសក្រីក្រ។ ប្រទេសសហភាពអឺរ៉ុប បានធ្វើហើយ ហើយខ្ញុំសង្ឃឹមថា អង់គ្លេស និងអាមេរិក នឹងចូលរួម​ដែរ។ ជួយបែបនេះ គឺវាមានប្រសិទ្ធភាព សម្រាប់រយៈពេលខ្លីបន្ទាន់ពេលនេះ ដើម្បីឲ្យ​ប្រទេសក្រីក្រ មានវ៉ាក់សាំងចាក់ឲ្យ​បានច្រើន​។

កាលពីប្រជុំកំពូល G7 ខ្ញុំបានស្នើគំនិតនេះហើយ គឺប្រទេសអ្នកមាន ត្រូវផ្តល់អំណោយ​ជាវ៉ាក់សាំង ដើម្បី​​យ៉ាងអន់ណាស់ ក៏អាចយក​​ទៅ​ចាក់ជូន​ បុគ្គលិកពេទ្យទាំងអស់ នៅទ្វីបអាហ្វ្រិក។ ខ្ញុំជឿថា កម្មវត្ថុប៉ុណ្ណេះ យើងអាចធ្វើបាន។ ហើយជំហានទី២ គឺយើងនឹង​និយាយអំពីការរៀបចំសហការ ជួយបណ្តុះបណ្តាល ផ្ទេរចំណេះដឹងបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំង ទៅឲ្យ​ប្រទេសក្រីក្រ។"

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI