អ.ស.ប.-អ៊ីស្រាអែល

ការ​បណ្តេញ​ពលរដ្ឋ​ប៉ាឡេស្ទីន ៖ ​អ.ស.ប.ថា​ទង្វើ​អ៊ីស្រាអែល​អាចជា​​​បទ​ឧក្រិដ្ឋកម្មសង្គ្រាម

ប៉ូលិស​អ៊ីស្រាអែល ចាប់​បាតុករ​ប៉ាឡេស្ទីន នៅ​សង្កាត់​ Sheikh Jarrah ក្រុង​​ហ្សេរុយសាឡិម​ខាង​កើត​ថ្ងៃទី ៥ឧសភា២០២១
ប៉ូលិស​អ៊ីស្រាអែល ចាប់​បាតុករ​ប៉ាឡេស្ទីន នៅ​សង្កាត់​ Sheikh Jarrah ក្រុង​​ហ្សេរុយសាឡិម​ខាង​កើត​ថ្ងៃទី ៥ឧសភា២០២១ REUTERS - AMMAR AWAD

បន្ទាប់​ពី​អឺរ៉ុប អង្គការ​សហប្រជាជាតិបាន​បញ្ចេញ​ប្រតិកម្មនៅ​ថ្ងៃសុក្រ​ទី ៧ ឧសភា ជំរុញ​ឱ្យ​អ៊ីស្រាអែល​បិទ​បញ្ចប់​​រាល់​គ្រប់​ទម្រង់​នៃ​ការ​ចង់​បណ្តេញ​ពលរដ្ឋ​ប៉ាឡេស្ទីន ដោយ​បង្ខំ។ អង្គការ​ប្រជាជាតិ​បាន​ព្រមាន​ទៀត​ថា សកម្មភាព​ពង្រីក​ដែន​អាណានិគម ដោយ​បណ្តេញ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​បែប​នេះ អាច​ចាត់​ទុក​បាន​ថា “ឧក្រិដ្ឋកម្ម​សង្គ្រាម”។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ពី​ទីក្រុង​ហ្សឺណែវ លោក  Rupert Colville អ្នក​នាំពាក្យ​​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​ ទាមទារ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់​ ការ​បណ្តេញ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​ ដោយ​បង្ខំ​ចេញ​ពី​ក្រុង​ហ្សេរុយសាឡិម​ខាង​កើត។

សម្រាប់​អង្គការ​សហប្រជាជាតិ ហ្សេរុយសាឡិម​ខាង​កើត នៅ​តែ​​ជា​ដែនដី​របស់​ប៉ាឡេស្ទីន​ក្រោម​អាណានិគមអ៊ីស្រាអែល ដែល​ស្ថិត​​ក្រោម​ដែន​អំណាច​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ ដូច្នេះ​ អ្នកមានអំណាច​ដាក់នឹម​​អាណានិគម​មិន​អាច​រឹប​អូស​យក​ដី​ជា​កម្មសិទ្ធិ​ឯកជន​របស់​ពលរដ្ឋ​ណាម្នាក់​ ក្នុង​ដែន​ដីនេះ​បានឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​លោក Colville ដោយ​លម្អិត​ថា ការ​ផ្ទេរ​ជន​ស៊ីវិល​ក្នុង​ដែន​ដី​ក្រោម​អាណានិគម​ពី​សំណាក់​អ្នកធ្វើ​អាណានិគម​មាន​ ​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ​ និងអាច​ចាត់ទុក​បាន​ជា​បទ​ឧក្រិដ្ឋកម្ម​​សង្គ្រាម។

សូម​បញ្ចាក់​ថា​​ប្រតិកម្មរបស់ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិនេះ ​ធ្វើ​ឡើង ក្នុង​ខណៈ​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើនគ្រួសារ​​​កំពុង​ប្រឈម​នឹង​ការបណ្តេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន ក្រោម​សេចក្តី​សម្រេច​របស់​តុលាការ​កំពូលអ៊ីស្រាអែល និងក្នុង​ខណៈ​ដែល​ពលរដ្ឋប៉ាឡេស្ទីន​ជាច្រើន​នាក់​​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ក្នុង​ការប៉ះទង្គិច​ជាមួយ​ភ្នាក់ងាររក្សាសន្តិសុខ​អ៊ីស្រាអែល​ ពេល​ប្រមូលផ្តុំ​គ្នា​តវា​នៅ​មុខ​តុលាការ​កំពូល​ក្រុង​ហ្សេរុយសាឡិម។

ដើមហេតុ​បណ្តាល​មក​ពី ការដណ្តើមគ្រប់គ្រង​ដែន​ដីជា​កម្មសិទ្ធ​ជន​ឯកជន​នៅ​ទីក្រុង​ហ្សេរុយសាឡិម​ខាង​កើត​។ កាលពី​ដើមឆ្នាំ​ តុលាការ​អ៊ីស្រាអែល​ក្រុងហ្សេរុយសាឡិម​បាន​កាត់​ក្តី​ឱ្យ​គ្រួសារ​អ៊ីស្រាអែលមាន​សិទ្ធិ​កាន់​កាប់និង​​ក្លាយ​ជាម្ចាស់​ដី​ក្នុង​ក្រុង​ហ្សេរុយសាឡិម​ខាង​កើត​ដែល​ជា​ទឹក​ដី​របស់​ប៉ាឡេស្ទីន​ក្រោម​អាណានិគម​អ៊ីស្រាអែល។ បើ​តាម​ច្បាប់​អ៊ីស្រាអែល ជន​អ៊ីស្រាអែល​ណា​អាច​រក​ភស្តុតាង​បញ្ជាក់​ថាមាន​​គ្រួសារ​ធ្លាប់​រស់​នៅក្នុង​ក្រុងហ្សេរុយសាឡិម​ខាង​កើតកាលពី​មុនសង្គ្រាម​ឆ្នាំ​១៩៤៨ (សង្គ្រាម​អ៊ីស្រាអែល​ជាមួយ​អារ៉ាប) អាច​ទារ​យក​កម្មសិទ្ធិ​ដី​ នៅ​តំបន់​ហ្សេរុយសាឡិម​ខាង​កើត ​របស់​ប៉ាឡេស្ទីន​ក្រោម​អាណានិគមអ៊ីស្រាអែលបាន។ ប៉ុន្តែ​​ពុំមាន​ច្បាប់​បែប​នេះ​ សម្រាប់ពលរដ្ឋ​ប៉ាឡេស្ទីន​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ ក្នុង​សម័យ​សង្គ្រាម​នោះ​ទេ។

សេចក្តី​សម្រេច​នេះ​បាន​បញ្ឆេះ​កំហឹង​ប៉ាឡេស្ទីន បង្ក​បង្កើត​ជា​បាតុកម្ម​​ប្តឹងទៅ​តុលាការ​កំពូល​ដែល​ត្រូវ​បើក​សវនការ​នៅ​សប្តាហ៍ក្រោយ អារកាត់​សេចក្តីជុំ​វិញ​​​​គម្រោង​​បណ្តេញ​គ្រួសារ​ប៉ាឡេស្ទីន​ទាំង​នោះ។

ហេតុ​ដូច្នេះហើយ​បាន​ជាអ្នក​នាំពាក្យ​របស់​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ឆ្លៀត​តើន​រំលឹក​អ៊ីស្រាអែល​ថា អ៊ីស្រាអែល​មិន​អាច​អនុវត្ត​តាម​ច្បាប់ផ្ទាល់​របស់​អ៊ីស្រាអែល​លើ​ដែនដី​ក្រោមអាណានិគម និង​ក្រុង​ហ្សេរុយសាឡិម​ខាង​កើត​បានទេ។ អ៊ីស្រាអែល​ត្រូវ​តែ​គោរព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាពនៃការ​ជួប​ជុំ​ រាប់​ទាំង​បាតុកម្មប្រឆាំងនឹងការ​បណ្តេញ​គ្រួសារ​ប៉ាឡេស្ទីន​ផង ដោយ​ត្រូវបញ្ចៀស​ការ​ប្រើ​កម្លាំង​បែប​ហិង្សា។ នេះ​បើ​តាម​ប្រសាសន៍​របស់លោក Colville ដដែល​។ ថ្ងៃ​សុក្រ​ទី ៧​ឧសភា​នេះ អ្នកកាន់​សាសនា​អ៊ីស្លាម​ (ប៉ាឡេស្ទីន) រាប់​សិប​ពាន់​នាក់​ត្រូវ​ធ្វើ​ពិធី​តម​អាហារ​នៅ​វិហារ​​អ៊ីស្លាម​នៃ​ក្រុងហ្សេរុយសាឡិម​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI