អ៊ីស្រាអែល-អាណានិគមកិច្ច

អឺរ៉ុប​ដាក់​គំនាប​ឱ្យ​អ៊ីស្រាអែល​បញ្ចប់​ការ​ពង្រីកដែន​អាណានិគម

ប៉ូលិសនិយាយ​ជាមួយ​គ្រួសារ​អ៊ីស្រាអែល នៅ​មុខ​ផ្ទះ​ជា​របស់​គ្រួសារ​ប៉ាឡេស្ទីន នៅ​សង្កាត់​ Sheikh Jarrah ក្រុង​ Jérusalem-Est
ប៉ូលិសនិយាយ​ជាមួយ​គ្រួសារ​អ៊ីស្រាអែល នៅ​មុខ​ផ្ទះ​ជា​របស់​គ្រួសារ​ប៉ាឡេស្ទីន នៅ​សង្កាត់​ Sheikh Jarrah ក្រុង​ Jérusalem-Est AFP - AHMAD GHARABLI

មាន​ជន​ប៉ាឡេស្ទីន ប្រមាណ​១៥​នាក់​ត្រូវ​ចាប់​ខ្លួន នៅ​ក្នុង​ការ​ប៉ះទង្គិច​សាជា​ថ្មី រវាង​បាតុករ​នៅទីក្រុង​ហ្សេរុយសាឡិមខាង​កើត ជុំ​វិញ​ការ​ពង្រីក​ដែន​អាណានិគម​អ៊ីស្រាអែល។ ប្រឈម​នឹង​ស្ថានការណ៍​បែប​នេះ បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង​អេស្ប៉ាញ បាន​ស្នើ​សុំ​ឱ្យ​អ៊ីស្រាអែល​បិទ​បញ្ចប់​នយោបាយ​ពង្រីក​ដែន​អាណានិគមកិច្ច និង​បញ្ឈប់​ការបណ្តេញ​​ពលរដ្ឋ​ប៉ាឡេស្ទីន​ពី​ទីក្រុង​ហ្សេរុយសាឡិម​ខាង​កើត។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​រួម​ចេញ​ផ្សាយ​នៅល្ងាច​ថ្ងៃព្រហស្បតិ៍​ទី ៦​ឧសភា ២០២១។

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ធំៗ​នៅ​អឺរ៉ុប​ចំនួន​៥​ប្រទេស​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ ប្តូរ​ចិត្ត បញ្ឈប់​ផែនការ​ពង្រីក​ដែនអាណានិគមកិច្ច តាំង​ពី​ឆ្នាំ​១៩៩៧​មក ដោយ​សាង​សង់​លំនៅដ្ឋាន​ចំនួន ៥៤០​អាគារ នៅ Har Homa E ​នៃ​តំបន់​ស៊ីហ្សកដានី​ដែល​ស្ថិត​ក្រោម​អាណានិគម​អ៊ីស្រាអែល​ និងទទូច​ឱ្យ​​បិទ​បញ្ចប់​នយោបាយ​ពង្រីក​ដែន​អាណានិគម​ ​​ក្នុង​តំបន់​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន​។

បើ​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​បារាំង អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ និង​អ៊ីតាលី រដ្ឋាភិបាល​អ៊ីស្រាអែល​ថែម​ទាំង​បាន​ពន្លឿន​ការ​ធ្វើ​អាណានិគមកិច្ច​ នៅ​ Givat HaMatos និង​បន្ត​បណ្តេញ​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន នៅ​ហ្សេរុយសាឡិម​ខាងកើត ជាពិសេស​នៅសង្កាត់​ Sheikh Jarrah ទៀត។ ការធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែល​នេះ ជា​ទង្វើ​រំលោភ​ច្បាប់​អន្តរជាតិ និង​គំរាម​កំហែង​ទស្សនវិស័យ​នៃ​ការចរចា​ស្វែង​រក​សន្តិភាព​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ខ្លាំង​ណាស់។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​បន្ថែម​របស់​អឺរ៉ុប ដោយ​អំពាវនាវ​ឱ្យ​ភាគីទាំងពីរ​បញ្ឈប់​រាល់គ្រប់​សកម្មភាព​ជា​ឯកតោភាគី និងវិល​មក​​បើក​កិច្ច​​ចរចាហ្មត់ចត់​មួយ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​រដ្ឋ​ពីរ​រស់​ទន្ទឹម​គ្នា។

សេចក្តី​ថ្លែងការណ៍​អឺរ៉ុប ធ្វើ​ឡើង​ក្រោយ​ពីមាន​ការ​ប៉ះទង្គិច​ហិង្សា​ជាថ្មី​ តាំង​ពី​ថ្ងៃពុធនិង​​មាន​​ការ​ចាប់​ខ្លួន​​បាតុករ​ប៉ាឡេស្ទីន​​ថែម​១៥​នាក់​ទៀត នៅ​ថ្ងៃ​​ព្រហស្បតិ៍​ទី ៦​ឧសភា។ បាតុករ​ប៉ាឡេស្ទីន​​នាំ​គ្នា​តវ៉ាព្រោះ​​តុលាការ​កំពូល​អ៊ីស្រាអែល ​ត្រូវ​ផ្តល់​សេចក្តី​សម្រេច លើ​សំណុំ​រឿង​​បណ្តេញ​គ្រួសារ​ប៉ាឡេស្ទីន​ ៤គ្រួសារ ត្រូវ​ជា​៧០​នាក់ ​ចេញពី​ក្រុង​ហ្សេរុយសាឡិម​ក្នុងសង្កាត់​ចាស់​ដែល​ជនអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​តែង​ប៉ះ​ទង្គិច​គ្នា និង​​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ពង្រីក​ដែន​អាណានិគមកិច្ច​អ៊ីស្រាអែល​។ តុលាការ​កំពូល​អ៊ីស្រាអែល​បាន​លើក​ពេល​​​បើក​សវនការទៅ​ធ្វើ​នៅ​​ថ្ងៃ​ចន្ទ​ទី ១០​ឧសភា ដែលត្រូវ​ចំ​ថ្ងៃ​​អ៊ីស្រាអែល​ប្រារព្វ​ខួប​នៃ​ការដណ្តើម​បាន​ក្រុង​ហ្សេរុយសាឡិម​មួយ​ចំហៀងផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI