អឺរ៉ុប-កូវីដ១៩

បារាំង៖លោកម៉ាក្រុងស្នើឲ្យអាមេរិកបិទបញ្ចប់ការហាមនាំវ៉ាក់សាំងចេញ និងគ្រឿងផ្សំសម្រាប់ផលិតវ៉ាក់សាំង

ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង
ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង AP - Francisco Seco

នៅ​ថ្ងៃ​សៅរ៍ ទី៨ ឧសភា ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​បិទបញ្ចប់​ការ​ហាម​នាំ​ចេញ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ និង​សារធាតុ​ដើម្បី​ផលិត​វ៉ាក់សាំង​បង្ការ​នឹង​ជំងឺ​ឆ្លងរាលដាល​សកល​មួយ​នេះ។ ការ​អំពាវនាវ​របស់​លោក​ម៉ាក្រុង​បាន​ធ្វើ​ឡើង​នា​ឱកាស​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ទីក្រុង​ព័រតូ ប្រទេស​ព័រទុយហ្កាល់។ តាម​លោក​ម៉ាក្រុង អឺរ៉ុប​មាន​សន្តានចិត្ត​ល្អ​ជាង​ប្រទេស​ផ្សេង ព្រោះ​វ៉ាក់សាំង​ចំនួន ៤០០លានដូស​ដែល​បាន​ផលិត​លើ​ទឹកដី​អឺរ៉ុប មាន ២០០លានដូស​បាន​នាំ​ចេញ។ ដោយឡែក និង​ដើម្បី​បង្កើន​ផលិតកម្ម​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​សម្រាប់​ជួយ​ប្រទេស​ក្រីក្រ និង​មធ្យម លោក​ម៉ាក្រុង​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្ទេរ​បច្ចេកវិទ្យា​ដើម្បី​ដំឡើង​រោងចក្រ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ក្នុង​ការ​ជួយផលិត​វ៉ាក់សាំង។

ផ្សាយពាណិជ្ជកម្ម

« ក្នុង​ចំនួន​វ៉ាក់សាំង​ទាំង ៤០០លានដូស​ដែល​ផលិត​លើ​ទឹកដី​អឺរ៉ុប​តាំង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​កូវីដ១៩ មាន ២០០លានដូស​ត្រូវ​បាន​អឺរ៉ុប​នាំ​ចេញ។ ពិត​ណាស់​បើ​ធៀប​នឹង​អង់គ្លេស អឺរ៉ុប​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាក់​វ៉ាក់សាំង។ មូលហេតុ គឺ​មក​ពី​អឺរ៉ុប​ចិត្ត​ទូលាយ​ដោយ​មិន​ធ្វើ​ដូច​អាមេរិក​ដែល​បាន​រក្សា​ទុក​វ៉ាក់សាំង​ទាំង​អស់​សម្រាប់​ខ្លួន​ឯង​តាំង​ថ្ងៃ​ដំបូង​នោះ​ទេ។ បើ​ខ្ញុំ​ប្រៀបធៀប​រវាង​អឺរ៉ុប អង់គ្លេស និង​អាមេរិក អឺរ៉ុប​ជា​អ្នក​ដែល​បាន​នាំ​ចេញ​វ៉ាក់សាំង​ផលិត​លើ​ទឹកដី​ខ្លួន​ឯង​ច្រើន​ជាង​គេ។

ផលិត​បាន ៤០០លានដូស នាំ​ចេញ ២០០លានដូស។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ការងារ​ដើម្បី​ឲ្យ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នេះ​ក្លាយ​ជា​ទ្រព្យ​សាធារណៈ​សកល។ តើ​មាន​ន័យ​ដូច​ម្តេច?។ មាន​ន័យ​ថា​ទី១ ត្រូវ​ផលិត​ឲ្យ​បាន​ចំនួន​ច្រើន។ នៅ​ក្នុង​ន័យ​នេះ ខ្ញុំ​សូម​អំពាវនាវ​ជា​ឱឡារិក​ឲ្យ​អាមេរិក​បិទបញ្ចប់​ការ​ហាម​នាំ​ចេញ​វ៉ាក់សាំង និង​បិទបញ្ចប់​ការ​ហាម​នាំ​ចេញ​សារធាតុ​សម្រាប់​ផលិត​វ៉ាក់សាំង។ កូនសោ​ដើម្បី​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​លឿន​សម្រាប់​ក្រុម​ប្រទេស​ក្រីក្រ និង​មធ្យម គឺ​ផលិត​ឲ្យ​បាន​ចំនួន​ច្រើន។

ចូរ​លើក​ចេញ​នូវ​ការ​ហាម​នាំ​ចេញ​វ៉ាក់សាំង លើក​ចេញ។ ចំណុច​ទី២ បញ្ជូន​វ៉ាក់សាំង​ចេញ។ អឺរ៉ុប​បាន​ដាក់​ការ​ត្រួតពិនិត្យ​លើ​ការ​នាំ​វ៉ាក់សាំង​ចេញ​ដើម្បី​ចៀសវាង​ការ​លួច​បន្លំ។ តែ​អឺរ៉ុប​មិន​បាន​ហាម​ការ​នាំ​វ៉ាក់សាំង​ចេញ​ដូច​ដែល​ប្រទេស​ខ្លះ​បាន​ធ្វើ​ទេ។ អាមេរិក​បាន​នាំ​វ៉ាក់សាំង​ចេញ​តែ ៥% ប៉ុណ្ណោះ ដោយ​បាន​ផ្តល់​តែ​ប៉ុន្មាន​ដូស​ឲ្យ​កាណាដា និង​ម៉ិកស៊ិក។ ដូច្នេះ​អាមេរិក​ត្រូវ​នាំ​ចេញ​បន្ថែម​ទៀត។ នេះ​ជា​ចម្លើយ​ទី១ ចំណែក​ចម្លើយ​ទី២ គឺ​ត្រូវ​ផលិត​វ៉ាក់សាំង​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់។

នៅ​ក្នុង​ន័យ​នេះ គឺ​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​ផលិតកម្ម​ប្រភេទ​វ៉ាក់សាំង ARN Messager ហើយ​ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន គឺ​ត្រូវ​មាន​ការ​ផ្ទេរបច្ចេកវិទ្យា​នៃ​ការ​ផលិត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI